សន្ដិសុខសង្គម

ដាក់ពន្ធនាគារស្មៀនសង្កាត់តាខ្មៅ រឿងកិបកេងលុយរដ្ឋជាង៧០លានរៀល

កណ្ដាល៖អង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជូនស្មៀនសង្កាត់តាខ្មៅម្នាក់ទៅតុលាការ រឿងបន្លំយកលុយពីកម្មវិធីឧបត្ថម្ភជនក្រីក្រជាង៧០លានរៀល ត្រូវបានដាក់ពន្ធនាគារ​កាលពីរសៀលថ្ងៃទី១៨ ខែវិច្ឆិកា។

មន្ត្រីនគរបាលបានឱ្យដឹងថា ជនសង្ស័យឈ្មោះសុខ សុផា អាយុ៤៦ឆ្នាំ នៅភូមិព្រែកសំរោង២ ក្រុងតាខ្មៅ ខេត្តកណ្តាល ជាស្មៀនសាលាសង្កាត់តាខ្មៅ ដោយឃាត់ខ្លួនកាលពីថ្ងៃទី១៤ ខែវិច្ឆិកា។ក្រុមការងារក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាមួយអាជ្ញាធរបានចុះស្រាវជ្រាវករណីបន្លំដកប្រាក់ពីកម្មវិធី ឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធជំងឺកូវីដ-១៩ ដែលប្រព្រឹត្តនៅរដ្ឋបាលសាលាសង្កាត់តាខ្មៅ។

បន្ទាប់មកក្រុមការងារបានរកឃើញប័ណ្ណចំនួន២០ ដែលមានទឹកប្រាក់សរុបចំនួន ៧០.៩៨៨.០០០រៀល។តាមចម្លើយសារភាពរបស់ឈ្មោះ សុខសុផា ស្មៀនសង្កាត់រូបនេះបានឆ្លើយថា ខ្លួនពិតជាបានផ្ទៀងផ្ទាត់-រក្សាទុកនិងបានទៅ​ដកប្រាក់ពីកម្មវិធីមករក្សាទុកខ្លួនឯង និងមិនប្រគល់ប្រាក់ ព្រមទាំងប័ណ្ណ​សមធម៌ជូនម្ចាស់ដើមពិតប្រាកដមែន៕ដោយ៖វិចិត្រ