សន្ដិសុខសង្គម

ឃុំខ្លួនបុរស២នាក់សង្ស័យពាក់ព័ន្ធ ឆបោកលុយជាង៨លានដុល្លារ

ភ្នំពេញ៖តុលាការភ្នំពេញ កាលពីរសៀលថ្ងៃទី១៨ ខែវិច្ឆិកា បានសម្រេចឃុំខ្លួនបុរស ២នាក់ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន សង្ស័យពាក់ព័ន្ធឆបោកលុយជាង៨លានដុល្លារ។

សមត្ថកិច្ចបានឱ្យដឹងថា ជនជាប់ចោទទី១-ឈ្មោះ ហៃច័ន្ទភារិទ្ធ អាយុ៤៦ឆ្នាំ នៅខណ្ឌច្បារអំពៅ ជាប់ចោទពីបទ“ឆបោកនិងប្រើប្រាស់លិខិតក្លែង” ពាក់ព័ន្ធលុយជាង៦លាន៧សែនដុល្លារ រឿងលក់ទិញដី។ជនជាប់ចោទទី២-ឈ្មោះលឹម មានសុខ ជាប់ចោទបីបទ“ ឆបោកលុយចំនួនជាង២លានដុល្លារក្នុងរឿងជំនួញឈើ។

មន្ត្រីដដែលបានបន្តថា ដើមហេតុកាលពីឆ្នាំ២០១៨ ឈ្មោះ ហៃ ច័ន្ទភារិទ្ធ បានទៅទំនាក់ទំនងជាមួយក្រុមហ៊ុន វិនហ៊ិលស៊ីធី ដើម្បីលក់ដីជាង២០០ហិកតា នៅស្រុកទឹកឈូ ខេត្តកំពត ដោយមានប្លង់បង្ហាញទីតាំងថាស្របច្បាប់ ។

ក្រោយមកក្រុមហ៊ុនក៏បានធ្វើកិច្ចសន្យាទិញលក់ជាមួយឈ្មោះហៃ ច័ន្ទភារិទ្ធ ហើយក្រុមហ៊ុនបានប្រគល់លុយជាបន្តបន្ទាប់ចំនួន៦លាន៧សែនដុល្លារទៅឈ្មោះហៃ ច័ន្ទភារិទ្ធ ហើយជននេះបានប្រគល់គំនូសប្លង់បង្ហាញទីតាំងនិងលិខិតទិញលក់ផ្ដាច់ ថតចម្លងឱ្យក្រុមហ៊ុនវិញ។

បន្ទាប់ពីនោះក្រុមហ៊ុនក៏បានសាកសួរអាជ្ញាធរមូលដ្ឋានទើបដឹងថា ដីដែលឈ្មោះហៃ ច័ន្ទភារិទ្ធលក់នោះជាដីរដ្ឋ មិនអាចប៉ះពាល់បានទេ ទើបក្រុមហ៊ុនសម្រេចប្ដឹងនគរបាល ក្រសួងមហាផ្ទៃតែម្ដង។

ជនជាប់ចោទទី២ឈ្មោះ លឹម មានសុខ ពីបទ“ឆបោកលុយជាង២លានដុល្លារ” គឺកាលពី ឆ្នាំ២០១៤ ឈ្មោះលឹម មានសុខ បានទំនាក់ទំនងម្ចាស់លុយឈ្មោះ ឈិន ធៀនទីង និងឈ្មោះឈិន វួចនាន ថាខ្លួនអាចប្រមូលទិញឈើនិងរត់ការបង្កើតរោងចក្រ កែច្នៃឈើបាន។ម្ចាស់លុយបានប្រគល់សាច់ប្រាក់សុទ្ធជាបន្តបន្ទាប់ជាង២លានដុល្លារ ឱ្យឈ្មោះលឹម មានសុខ ដើម្បីធ្វើការ។តែមិនឃើញចេញសាច់ការអ្វីទាំងអស់ ទើបក្រុមហ៊ុនបានហៅឈ្មោះលឹម មានសុខ មកធ្វើកិច្ចសន្យាឱ្យប្រគល់លុយដើមវិញតែ ១លាន៥សែនដុល្លារប៉ុណ្ណោះ។ឈ្មោះលឹម មានសុខ ក៏ឯកភាព តែរហូតដល់ពេលនេះ មិនប្រគល់លុយសោះ ទើបក្រុមហ៊ុនប្ដឹងតែម្ដង៕ដោយ៖វិចិត្រ