ព័ត៌មានជាតិ

នាវាពិឃាដកងទ័ពជើងទឹកជប៉ុន ចូលចតកំពង់ផែក្រុងព្រះសីហនុ

ព្រះសីហនុ៖ ព្រឹកថ្ងៃទី១៨ ខែវិច្ឆិកានេះ នាវាពិឃាដស្វ័យការពារកងទ័ពជើងទឹកជប៉ុន ឈ្មោះSJ HARUSAME លេខDD102 បានចូលចតកំពង់ផែក្រុងព្រះសីហនុ ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅកម្ពុជារយៈពេល៣ថ្ងៃ។

នាវាពិឃាដស្វ័យការពារកងទ័ពជើងទឹកជប៉ុននេះដឹកនាំដោយលោកវរនាវីឯក KUDO MASANORY ប្រធានបេសកកម្មនិងមេបញ្ជាការនាវានិងលោកវរនាវីទោ BAN MASAYUKI ។នាវាបានចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុក្នុងដំណើរទស្សនកិច្ចជាផ្លូវការចាប់ពីថ្ងៃទី១៨-២០ ខែវិច្ឆិកា ឆ្នាំ២០២២។

ក្នុងនាមកងទ័ពជើងទឹកកម្ពុជា លោកឧត្តមនាវីត្រី អ៊ិន សុខេមរ៉ា នាយសេនាធិការរង​មូលដ្ឋាន​សមុទ្រកងទ័ពជើងទឹកនៃកងយោធពលខេមរភូមិន្ទ បានដឹកនាំនាយនាវីអញ្ជើញ​ទៅ​ទទួលស្វាគមន៍ប្រតិភូនាវាកងទ័ពជើងទឹកជប៉ុនពេលចូលចតដល់កំពង់ផែ។

មន្ត្រីកងទ័ពជើងទឹកកម្ពុជាឱ្យដឹងថា នាវានេះជាប្រភេទនាវាពិឃាដ មានបណ្ដោយ​១៥១ម៉ែត្រ ទទឹង១៧,៤០ម៉ែត្រ ជម្រៅទឹក៥,២០ម៉ែត្រ ទម្ងន់ផ្ទុក៤.៥៥០តោន និងមាន​នាវិកចំនួន២០៥នាក់៕ដោយ៖វិចិត្រ