កីឡា

គណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិបោះឆ្នោតព្យួរតំណែងរុស្ស៊ី និងបេឡារុស

គណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិ IPC បានបោះឆ្នោតរួមគ្នាព្យួរតំណែងគណៈកម្មាធិការ​របស់រុស្ស៊ី និងបេឡារុសពីសិទ្ធិចូលរួមនានា ក្រោមហេតុផលឈ្លានពានអ៊ុយក្រែន។

គណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិ ដែលជាអ្នកគ្រប់គ្រងលើការប្រកួតក្របខ័ណ្ឌ​អត្តពលិក​ពិការ បានបោះឆ្នោតព្យួរគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិក (NPCs) នៃប្រទេស   រុស្ស៊ី និងបេឡារុសនៅសប្តាហ៍នេះ។ ការបោះឆ្នោតធ្វើឡើងបន្ទាប់ពីគណៈកម្មាធិការ​ធ្លាប់បាន​ហាមឃាត់អត្តពលិកមកពីប្រទេសទាំងពីរមិនឱ្យចូលរួមប្រកួតប៉ារ៉ាឡាំពិករដូវ រងានៅទីក្រុងប៉េកាំងខែមីនា ឆ្នាំ ២០២២រួចហើយ ជុំវិញការឈ្លានពានរបស់រុស្ស៊ីលើ​អ៊ុយក្រែន។ IPC បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ដោយសារតែការព្យួរ​តំណែងរុស្ស៊ីនិងបេឡារុស ដូច្នេះចាប់ពីពេលនេះតទៅ ពួកគេនឹងបាត់បង់សិទ្ធិធំតូច ក៏ដូចជាសិទ្ធិទាំងអស់នៃសមាជិកភាពស្របតាមរដ្ឋធម្មនុញ្ញរបស់ IPC”។

នៅក្នុងនីតិវិធីនេះ ទាំងរុស្ស៊ីនិងបេឡារុស មានសិទ្ធិប្តឹងឧទ្ធរណ៍ចំពោះការសម្រេចចិត្តហើយ​ប្រសិនបើការប្តឹងតវ៉ាណាមួយត្រូវបានធ្វើឡើង នោះអ្នកដែលមានសិទ្ធិអារកាត់ចុងក្រោយ​គឺមហាសន្និបាតប៉ុណ្ណោះថាតើគួរលុបចោល ឬអត់។ ចំពោះពេលវេលាកិច្ចប្រជុំមហា​សន្និបាតនៃ IPC នឹងធ្វើឡើងលើកបន្ទាប់ទៀតនៅអំឡុងត្រីមាសចុងក្រោយឆ្នាំ ២០២៣ នៅទីកន្លែងណាមិនទាន់ត្រូវបានបញ្ជាក់ទេ៕

ប្រភព៖ ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា