កីឡា

ការសិក្សាបង្ហាញថា សំបុត្រ World Cup នៅកាតា ថ្លៃបំផុតមិនធ្លាប់មាន

អ្នកគាំទ្របាល់ទាត់ ដែលចូលរួមមើល​ការប្រកួតបាល់​ទាត់ ក្នុង​ព្រឹត្តិការណ៍ World Cup 2022 នៅប្រទេសកាតា នឹងចំណាយ​ជិត ៤០ភាគរយបន្ថែម​ទៀត សម្រាប់តម្លៃ​សំបុត្រ បើធៀបនឹងអ្នកដែលបានទស្សនាការប្រកួត​នេះ ក្នុង​ឆ្នាំ២០១៨ នៅប្រទេសរុស្ស៊ី ដោយតម្លៃ​សំបុត្រ សម្រាប់វគ្គផ្តាច់ព្រ័ត្រ ថ្លៃ ៦៨៤ផោន (៨១២ដុល្លារអាមេរិក) ជាមធ្យម។ នេះ​បើ​យោង​តាម​ការសិក្សាមួយ​។

ការ​សិក្សា​របស់ក្រុម​ហ៊ុន​សំលៀកបំពាក់កីឡា Keller Sports ដែលមានមូលដ្ឋាន នៅទីក្រុង Munich ប្រទេស​អាល្លឺម៉ង់ បាន​បង្ហាញ​ថា ​ខណៈអ្នកគាំទ្រនៅប្រទេសរុស្ស៊ី បានចំណាយជាមធ្យម ២១៤ផោន សម្រាប់កៅអីមួយ សំបុត្រការ​ប្រកួត នៅកាតា មានតម្លៃជាមធ្យម ២៨៦ផោន ដូច្នេះ តម្លៃសំបុត្រ នៅប្រទេសកាតា គឺ​ថ្លៃ​បំផុតមិនធ្លាប់មាន សម្រាប់ការប្រកួត World Cup ក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ ដោយ​តម្លៃសំបុត្រ សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រថ្លៃ​ជាង​ ៥៩ភាគរយ កាលពី ៤ឆ្នាំមុន។

របាយ​ការណ៍​នៃ​ការសិក្សានោះ បាន​ឱ្យ​ដឹងថា៖ «ព្រឹត្តិការណ៍ World Cup នៅប្រទេសកាតា ត្រូវបានចាត់ទុកថា ជាការប្រកួតបាល់ទាត់ពិភពលោក ដែលមានតម្លៃថ្លៃបំផុតមិនធ្លាប់មាន។ ការសាងសង់កីឡដ្ឋានថ្មីចំនួន ៦ និងការជួសជុល​ទាំង​ស្រុង​ឡើង​វិញនៃកីឡដ្ឋានចំនួន ២ផ្សេងទៀត នៅប្រទេសនេះ ត្រូវបានគេដឹង​ថា ចំណាយអស់ប្រហែល ៣ពាន់លានដុល្លារ»។

«លុយកាន់តែច្រើន ត្រូវបានចំណាយលើការពង្រីកហេដ្ឋារចនាសម្ព័ន្ធនៃរដ្ឋធានី​ដូហា ដូចជាផ្លូវដឹកជញ្ជូន និងការកែ​លម្អព្រលានយន្តហោះអន្តរជាតិឡើងវិញ។ វាមិនមែន​ជា​រឿង​គួរឱ្យ​ផ្អើលទេ ដែលព្រឹត្តិការណ៍ World Cup នៅកាតា ក៏ជា World Cup ដែលមានតម្លៃ​សំបុត្រថ្លៃបំផុតជាមធ្យមនោះ​»។ របាយ​ការណ៍​បាន​បន្ថែម​។

ស្ថាប័នគ្រប់គ្រងបាល់ទាត់​អន្តរជាតិ (FIFA) មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំអធិប្បាយ​នោះ​ទេ។ FIFA នៅ​មុន​នេះ បានឱ្យ​ដឹង​ថា សំបុត្រជិត ៣លានសន្លឹក នៅទូទាំងកីឡដ្ឋានទាំង៨ ក្នុងប្រទេសកាតា ត្រូវបានលក់អស់ មុនការប្រកួតបាល់​ទាត់ពិភពលោក ពី​ថ្ងៃទី២០ ខែវិច្ឆិកា ដល់ថ្ងៃទី១៨ ខែធ្នូ ដែលជា​ការ​ប្រារព្ធលើក​ដំបូង នៅមជ្ឈិមបូព៌ា។

សំបុត្រ សម្រាប់ World Cup ក្នុង​ឆ្នាំ២០០៦ នៅប្រទេសអាល្លឺម៉ង់ ត្រូវបានចាត់ទុកថា មានតម្លៃសមរម្យបំផុត ក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ ដោយតម្លៃជាមធ្យម ១០០ផោនសម្រាប់ការប្រកួត ខណៈដែលសំបុត្រ ក្នុង​វគ្គផ្តាច់ព្រ័ត្រ នៅឯពហុកីឡដ្ឋានអូឡាំពិក ក្នុង​ទីក្រុងប៊ែរឡាំង មានតម្លៃជាមធ្យម ២២១ផោន ក្នុង ១កៅអី៕