សន្ដិសុខសង្គម

បញ្ជូនស្មៀនសង្កាត់តាខ្មៅទៅACU រឿងបន្លំយកលុយរដ្ឋជាង៧០លានរៀល

កណ្ដាល៖ ថ្ងៃទី១៦ ខែវិច្ឆិកានេះ សមត្ថកិច្ចបានបញ្ជូនស្មៀនសង្កាត់តាខ្មៅទៅអង្គភាព ប្រឆាំងអំពើពុករលួយ ហៅ ACU ពាក់ព័ន្ធបន្លំយកសាច់ប្រាក់ពីកម្មវិធីឧបត្ថម្ភជូនជនក្រីក្រ ជាង៧០លានរៀល។

មន្ត្រីនគរបាលបានឱ្យដឹងថា ជនសង្ស័យឈ្មោះសុខ សុផា អាយុ៤៦ឆ្នាំ នៅភូមិព្រែកសំរោង២ ក្រុងតាខ្មៅ ខេត្តកណ្តាល ជាស្មៀនសាលាសង្កាត់តាខ្មៅ។ការឃាត់ខ្លួននៅសាលាសង្កាត់តាខ្មៅ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា។

ប្រភពដដែលបានបន្តថា ក្រុមការងារក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាមួយអាជ្ញាធរ បានចុះស្រាវជ្រាវករណីបន្លំដកប្រាក់ពីកម្មវិធី ឧបត្ថម្ភសាច់ប្រាក់ជូន គ្រួសារក្រីក្រនិងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធជំងឺកូវីដ-១៩ ដែលប្រព្រឹត្តនៅ រដ្ឋបាលសាលាសង្កាត់តាខ្មៅ។

បន្ទាប់មកក្រុមការងារបានរកឃើញប័ណ្ណចំនួន២០ ដែលមានទឹកប្រាក់សរុបចំនួន ៧០.៩៨៨.០០០រៀល។តាមចម្លើយសារភាពរបស់ឈ្មោះ សុខ សុផា ស្មៀនសង្កាត់តាខ្មៅ បានឆ្លើយថា ខ្លួនពិតជាបានផ្ទៀងផ្ទាត់-រក្សាទុកនិងបានទៅដកប្រាក់ពីកម្មវិធីមករក្សាទុក ខ្លួនឯង និងមិនប្រគល់ប្រាក់ ព្រមទាំងប័ណ្ណសមធម៌ជូនម្ចាស់ដើមពិតប្រាកដមែន៕ដោយ៖វិចិត្រ