បច្ចេកវិទ្យា

ណាសារៀបចំបាញ់រ៉ុក្កែតថ្មីតម្លៃ៤ពាន់លានដុល្លារទៅឋានព្រះចន្ទនៅថ្ងៃពុធនេះ

ទីភ្នាក់ងារណាសាអាម៉េរិក កំពុងរៀបចំបាញ់រ៉ុក្កែតគ្មានមនុស្សបើកថ្មីតម្លៃ ៤ពាន់លានដុល្លារ ទៅកាន់ឋានព្រះចន្ទនៅថ្ងៃពុធសប្តាហ៍នេះ បន្ទាប់ពីខកខានជាច្រើនដង។

យោងតាមអ្នកគ្រប់គ្រងបេសកកម្ម លោក Mike Sarafin បានប្រាប់អ្នកយកព័ត៌មានកាលពី យប់ថ្ងៃចន្ទ។ ការហោះហើរសាកល្បងលើកដំបូងសម្រាប់រ៉ុក្កែតកម្ពស់ ៣២២ហ្វីត ស្មើនឹង៩៨ម៉ែត្រ ដែលជារ៉ុក្កែតផ្ទុកកម្លាំងខ្លាំងបំផុតមិនធ្លាប់មានបង្កើតដោយ NASA ផ្ទាល់ នឹងត្រូវបញ្ជូនកន្សោមយានចុងក្រោយទៅក្នុងគន្លងព្រះចន្ទនៅថ្ងៃពុធ។ លោកថា “ពួកយើងមានផាសុកភាពក្នុងការហោះហើរផ្អែកលើបទពិសោធន៍នៃការហោះហើរជាមួយនឹងសម្ភារទាំងនេះ បើទោះបីជាមានការខកខានដោយឧបសគ្គជាច្រើនដង”។

តាមការគ្រោងទុក វានឹងត្រូវបាញ់នៅព្រឹកថ្ងៃពុធម៉ោងនៅក្នុងរដ្ឋផ្លរីដាសហរដ្ឋអាម៉េរិក ចេញពីមជ្ឈមណ្ឌលបាញ់បង្ហោះយានអវកាស Kennedy។ បេសកកម្មនេះ ស្ថិតក្នុងគម្រោងដែលមានតម្លៃជិត ៤ ពាន់លានដុល្លារ ត្រូវបានខកខានមិនបានបាញ់អស់រយៈពេលយូរ បានផ្អាកចាប់តាំងពីខែសីហាមកម្ល៉េះ ដោយសារការលេចធ្លាយប្រេង និងព្យុះសង្ឈរា Ian។ រហូតមកដល់ពេលថ្មីៗនេះ រ៉ុក្កែតក៏ត្រូវបានពន្យារម្តងទៀត ក្រោយមានដំណឹងពីព្យុះត្រូពិច Nicole។ ព្យុះNicole បានបោកបក់យ៉ាងខ្លាំង បណ្តាលឱ្យផ្នែកមួយនៃរ៉ុក្កែតផ្នែកខាងលើប្រវែង ៣ម៉ែត្រ ត្រូវប៉ើងរបូតខ្ទាតចេញពីតួ។

យ៉ាងណាក៏ដោយ ក្រោយភ្លៀងមេឃស្រឡះ ទីភ្នាក់ងារនិយាយថា បើការបាញ់នេះ បានជោគជ័យ នោះគម្រោងបន្ទាប់នឹងបញ្ជូនអវកាសយានិកទៅ ជុំវិញព្រះចន្ទផ្ទាល់ តែម្តងនៅឆ្នាំ ២០២៤ ហើយចុះចតលើផ្ទៃព្រះចន្ទនៅឆ្នាំ ២០២៥៕

ប្រភព៖  New York Post

ប្រភពរូប៖New York Post
ប្រែសម្រួល៖សុខ តុលា