សន្ដិសុខសង្គម

ឆេះផ្ទះចំនួន៦ខ្នងនិងទ្រព្យសម្បត្តិអស់ គ្មានសល់ក្នុងខណ្ឌឫស្សីកែវ

​ ភ្នំពេញ៖អគ្គិភ័យបានឆាបឆេះផ្ទះចំនួន៦ខ្នងផ្ទះ សម្ភារប្រើប្រាស់ និងទ្រព្យសម្បត្តិអស់ គ្មានសល់ តែមិនបណ្ដាលឱ្យមនុស្សរងគ្រោះថ្នាក់ទេ។ គ្រោះអគ្គិភ័យនេះបានកើតឡើង ស្ថិតនៅជិតផ្លូវជាតិលេខ៥​ ក្នុងភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ កាលពីម៉ោង៦ព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា។

ពលរដ្ឋបានឱ្យដឹងថា មុនកើតហេតុ មានផ្សែងហុយចេញពីផ្ទះធ្វើត្រីមួយកន្លែង សាងសង់អំពីឈើលើ ថ្មក្រោម។មួយសន្ទុះក្រោយមកស្រាប់តែឃើញអណ្តាតភ្លើង បានឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅ រហូតឆេះរាលដាលដល់ផ្ទះអ្នកជិតខាងជាបន្តបន្ទាប់ ។

ភ្លាមៗនោះកម្លាំងរថយន្តពន្លត់អគ្គិភ័យបានចេញមកអន្តរាគមន៍ជាច្រើនគ្រឿង ហើយបាញ់ទឹកពន្លត់ប្រើរយៈពេល២ម៉ោងក្រោយទើបភ្លើងបានរលត់ទៅវិញ។

មន្ត្រីនគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះបានឱ្យដឹងថា មូលហេតុភ្លើងឆាបឆេះនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី បង្កឱ្យផ្ទះចំនួន៦ខ្នងផ្ទះខូចខាតទាំងស្រុង និងសម្ភារ ប្រើប្រាស់ទ្រព្យសម្បត្តិឆេះអស់គ្មានសល់។

ក្នុងហេតុការណ៍នេះសមត្ថកិច្ចមិនទាន់ដឹងពីទំហំនៃការខូចខាតនៅឡើយទេ ដោយមន្ត្រី អាជ្ញាធរកំពុងសាកសួរម្ចាស់ផ្ទះ៕ដោយ៖វិចិត្រ