ព័ត៌មានជាតិ

អនុប្រធានាធិបតីឥណ្ឌា បានអញ្ជើញជាអធិបតីសម្ពោធបញ្ចប់ការជួសជុលសាលរបាំនៃប្រាសាទតាព្រហ្ម

សៀមរាប៖ សាលរបាំនៅក្នុងបិរវេណនៃប្រាសាទតាព្រហ្ម បានបញ្ចប់ដំណើរការជួសជុល​ជាផ្លូវការហើយ  បន្ទាប់ពីក្រុមការងារឥណ្ឌានិងអាជ្ញាធរជាតិអប្សរា បានសហការប្រឹងប្រែងជួសជុល​អស់រយៈពេល១២ឆ្នាំមក។

ពិធីសម្ពោធបញ្ចប់ដំណើរការជួសជុលសាលរបាំដែលស្ថិតក្នុងបរិវេណប្រាសាទតាព្រហ្ម បានធ្វើឡើងក្រោមអធិបតីភាពរបស់អនុប្រធានាធិបតីសាធារណរដ្ឋឥណ្ឌា គឺលោកបណ្ឌិត Jagdeep Dhankar និងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រ​សិល្បៈនៃព្រះរាជាណាចក្រកម្ពុជា រួមទាំងលោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា កាលរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។

ក្នុងសុន្ទរកថារបស់រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៃប្រទេសកម្ពុជា លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា សម្រាប់ពិធីសម្ពោធបញ្ចប់ការដ្ឋានជួសជុលនោះ បានបញ្ជាក់ថា លោកជំទាវផ្ទាល់ជឿជាក់ថា សាធារណរដ្ឋឥណ្ឌា តាមរយៈគោលនយោបាយ​និងកិច្ចសហប្រតិបត្តិការទ្វេភាគី នឹងបន្តចូលរួមកាន់តែសកម្មក្នុងកិច្ចអភិរក្ស និងការពារបេតិកភណ្ឌវប្បធម៌​ឱ្យបានកាន់តែខ្លាំងក្លាថែមទៀត ដូចដែលភាគីឥណ្ឌាបាននឹងកំពុង​ធ្វើក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍នៅព្រះរាជាណាចក្រកម្ពុជា និងការគាំទ្រភាពជាដៃគូសន្ទនាអាស៊ាន-ឥណ្ឌា ក្នុងក្របខ័ណ្ឌអាស៊ានតាំងពីដើមរៀងមក ។ ដោយឡែកក្នុងឆ្នាំ២០២២នេះ ប្រទេសកម្ពុជា-ឥណ្ឌាក៏បានប្រារព្ធខួប៧០ឆ្នាំ នៃទំនាក់ទំនងការទូត ដែលនេះក៏ជាឱកាសបន្ថែមនៅក្នុងការពង្រឹងទំនាក់ទំនងវប្បធម៌ ឱ្យកាន់តែស៊ីជម្រៅសម្រាប់​ជាប្រយោជន៍នៃប្រទេសទាំងពីរថែមទៀតផងដែរ។

ប្រាសាទតាព្រហ្ម កសាងឡើងនៅអំឡុងឆ្នាំ១១៨៦ នៃគ្រិស្តសករាជ ដោយព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសថ្វាយព្រះមាតារបស់ព្រះអង្គ ក្រោមរូបភាពប្រាជ្ញាបារមី។

សាលរបាំនៃប្រាសាទតាព្រហ្មនេះ កាលពីមុន តួប្រាសាទនៃសាលរបាំដែលសាងសង់ឡើង​អំពីថ្មភក់បានដួលរលំជាគំនរថ្ម ហើយដំបូលនៃសាលនេះជ្រុះធ្លាក់ស្ទើរទាំងស្រុង ចំណែកសសរដួលរាបដល់ដីគ្មានសល់។

ក្រុមការងារឥណ្ឌា ដែលសហាការជាមួយនឹងអាជ្ញាធរជាតិអប្សរាបានចាប់ផ្តើមជួសជុល​ក្នុងដំណាក់កាលទី១ពីឆ្នាំ២០១០ ដោយអ្នកជំនាញបានប្រើពេលជាង២ឆ្នាំ សម្រាប់ការធ្វើកំណាយ មុននឹងចាប់ផ្តើមការងារជួសជុលនៅចុងឆ្នាំ២០១២។ក្នុងការងារជួសជុលដំណាក់កាលទី១ គឺចាប់ផ្តើមពីជ្រុងខាងជើង ដោយជួសជុលពីគ្រឹះដល់ដំបូល ហើយបញ្ចប់នៅឆ្នាំ២០១៤។ ចំណែកក្នុងដំណា ក់ទី២គឺបន្តជួសជុលភ្ជាប់ទៅដំបូលកណ្តាលចាប់ផ្តើមកាលពីឆ្នាំ២០១៧ ។

យ៉ាងណាក្តី បើទោះជាការងារជួសជុលសាលរបាំប្រព្រឹត្តទៅដោយរលូន និងមានសោភ័ណ​ស្រស់ស្អាតក៏ពិតមែន តែតាមគម្រោងនេះ អ្នកជំនាញនឹងទុកផ្នែកខ្លះ ដែលបាក់បែកឲ្យនៅសភាពដើម ដោយសារក្រុមអ្នកជំនាញយល់ថា វាអាចជាចំណែកមួយទាក់ទាញភ្ញៀវទេសចរ ដើម្បីប្រៀបធៀបចំណុចដែលបានជួសជុល និងចំណុលដែលគ្រាន់ជាគំនរថ្ម ដែលពុំមានការ​ជួសជុលនោះ៕