សេដ្ឋកិច្ច

ភោជនីយដ្ឋាន Sea. 1 ទទួលបានប័ណ្ណ សរសើរចំនួន៣ ពី PATA និងក្រសួងទេសចរណ៍

ព្រះសីហនុ៖ ភោជនីយដ្ឋាន Sea.1 ដែលមានទីតាំងនៅតាមបណ្តោយឆ្នេរអូរឈើទាល ក្រុងព្រះសីហនុ  បានទទួលវិញ្ញាបនបត្រនិងលិខិតសរសើរចំនួន៣ពីសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក(PATA)  និងក្រសួងទេសចរណ៍ នៅក្នុងពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ២០២២ នៅខេត្តព្រះសីហនុ។

ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា២០២២បាន ប្រារព្ធធ្វើរយៈពេល៥ថ្ងៃនៅខេត្តព្រះសីហនុពីថ្ងៃទី៥ដល់ថ្ងៃទី៩ខែវិច្ឆិកាឆ្នាំ២០២២  ជាព្រឹត្តិការណ៍អន្តរជាតិប្រមូលផ្ដុំអ្នកលក់និងអ្នកទិញក្នុងវិស័យទេសចរណ៍ ដែលមាន ក្រុមហ៊ុនអ្នកលក់បរទេសចំនួន៣០ក្រុមហ៊ុន និងអ្នកទិញ ៦៥ក្រុមហ៊ុន មកពីឥណ្ឌា តួកគី ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរី ថៃ និងវៀតណាម ព្រមទាំងអ្នកវិនិយោគ និងក្រុមហ៊ុនអ្នកទិញកម្ពុជាចំនួន ១៥ក្រុមហ៊ុន។

សូមបញ្ជាក់ថា៖នៅក្នុងពិព័រណ៍ពាណិជ្ជកម្មកម្ពុជា២០២២ (Cambodia Biz Fair 2022)ភោជនីយដ្ឋាន Sea. 1  បានទទួលជ័យលាភីលេខ១ លើ Food Branding ប្រចាំនៅខេត្តព្រះសីហនុ ដែលទទួលស្គាល់ដោយសមាគមចុងភៅកម្ពុជា(CCA) និងPATA និងក្រសួងទេសចរណ៍ព្រមទាំងទទួលបានលិខិតសរសើរ ចំនួន២ លើភាពជាដៃគូ(Partnership) និងការឧបត្ថម្ភ (Sponsorship) នៅក្នុងពិព័រណ៍ពាណិជ្ជកម្មកម្ពុជា២០២២ ដែលផ្តល់ឱ្យដោយPATA និងក្រសួងទេសចរណ៍។

លោក សៅ ហុក ម្ចាស់ភោជនីយដ្ឋាន Sea.1បានឱ្យដឹងថា៖ ក្នុងការតាំងពិព័រណ៍នេះ Sea. 1 ទទួលបានចំណាត់ថ្នាក់លេខៈ ១ខាង Food Branding ទៅលើរសជាតិឆ្ងាញ់ ភ្ញៀវទទួលយកបាន អនាម័យល្អ  និងមានការគាំទ្រច្រើន ដោយអតិថិជនទិញច្រើន និងមានតម្លៃសមរម្យ។ចំណែកវិញ្ញាបនបត្រទី២ គឺដោយសារ  Sea . 1 សហការល្អនិងភាពជាដៃគូជាមួយPATA  រីឯវិញ្ញាបនបត្រទី៣គឺ ជួយឧបត្ថម្ភបម្រើម្ហូបអាហារនៅក្នុងកម្មវិធីពិព័រណ៍នេះបានល្អ។

គួរជម្រាបផងដែរថា  ព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្ម២០២២ គឺជាវេទិកាបណ្តុំអ្នកទិញនិងអ្នកលក់ផលិតផលចម្រុះនិងអាជីវកម្មទេសចរណ៍ចំនួន២០០ស្តង់ ក្នុងគោលបំណងបង្កើតបណ្តាញនិងផ្តល់ឱកាសសម្រាប់ក្រុមហ៊ុនក្នុងការស្វែងរកដៃគូអាជីវកម្មសមស្របបំផុតរបស់ពួកគេ ដើម្បីជួយជំរុញ និងស្តារវិស័យទេសចរណ៍កម្ពុជានិងតំបន់ឡើងវិញក្រោយវិបត្តិនៃជំងឺកូវីដ-១៩។ កម្មវិធីនេះមានតាំងពិព័រណ៍ម្ហូបអាហារ ភេសជ្ជៈ និងសម្ភារចម្រុះ ដូចជាស្តង់ ក្រុមហ៊ុនរថយន្ដ ក្រុមហ៊ុនលក់លំនៅឋាន រមណីយដ្ឋាន ទីភ្នាក់ងារទេសចរណ៍ សណ្ឋាគារភោជនីយដ្ឋាននិងក្រុមហ៊ុនកែ ច្នៃម្ហូប អាហារខ្មែរ រួមទាំងស្តង់លក់ម្ហូបអាហារដូចជា គួងត្រីកាម៉ុង នំបញ្ចុក នំខ្មែរ បង្អែម ការ៉េម  ភេសជ្ជៈ តែ កាហ្វេ ផ្លែឈើស្រស់ និងវត្ថុអនុស្សាវរីយ៍អមដោយ ព្រឹត្តិការណ៍សំខាន់ៗដូចជាការជួបពិភាក្សារវាងអ្នកលក់និងអ្នកទិញ ក៏ដូចជាការបង្ហាញនូវ ផលិតផល សេវាកម្មរបស់ ក្រុមហ៊ុនសិក្ខាសាលាផ្សព្វផ្សាយ ទីផ្សារគោលដៅទេសចរណ៍ និងព្រឹត្តិការណ៍រត់ប្រណាំង ដើម្បីសុខភាព និងមិត្តភាព។ ព្រឹត្តិការណ៍នេះជួយទាក់ទាញ ទេសចរណ៍ដ៏សំខាន់និងបានចូលរួមចំណែក ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងលើកកម្ពស ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងខេត្តព្រះសីហនុ និងផ្ដល់ភាពសប្បាយរីករាយដល់អ្នកចូលរួមតាំងពិព័រណ៍។

ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ២០២២ មានការអញ្ជើញចូលរួមពី លោក នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិ។

គួរបញ្ជាក់ថា៖ហាង Sea .1 មានអាហារពិសេសស្តង់ដារអាហារជប៉ុន គឺត្រីឆៅ ស្រស់ៗ។ លើសពីនោះមានចុងភៅលំដាប់អន្តរជាតិ មានបទពិសោធជាង៣០ឆ្នាំនៅសណ្ឋាគារលំដាប់កំពូល ៗ។ ក្រៅពីត្រីឆៅមានម្ហូបកុម្ម៉ង ជាច្រើន ដូចជា គ្រឿងសមុទ្រស្រស់ៗ ក្តាម បង្គា មឹក  ព្រមទាំងសាច់មាន់ សាច់គោសាច់ជ្រូកត្រីដែលមានចុងភៅខ្មែរមានបទពិសោធជាង១០ឆ្នាំ។ គ្រប់មុខ ម្ហូបទាំង អស់នៅភាជនីយដ្ឋាន Sea. 1 គឺយកចិត្តទុកដាក់ខ្ពស់បំផុតដោយផ្តោតទៅលើអនាម័យ ស្តង់ដារ ជាធំ  និងបន្លែផ្លែឈើធម្មជាតិពិតៗមិនមានជាតិគីមីនោះឡើយ៕