សន្ដិសុខសង្គម

រថភ្លើងបុករថយន្តអូសច្រើនម៉ែត្រធ្វើឱ្យព្រះសង្ឃ៣អង្គនិងសិស្សរងរបួសធ្ងន់

ភ្នំពេញ​ ៖គ្រោះថ្នាក់ចរាចរដ៏កម្ររវាងរថភ្លើងបុករថយន្តឡិចស៊ីសពេលបើកឆ្លងផ្លូវដែក ហើយអូសជាច្រើនម៉ែត្រ បណ្តាលឱ្យព្រះសង្ឃ៣អង្គនិងសិស្សលោកជាតៃកុងម្នាក់រងរបួសធ្ងន់។

ហេតុការណ៍​នេះបានកើតឡើងស្ថិតនៅភូមិទួលលៀប​ សង្កាត់ស្នោរ​ ខណ្ឌកំបូល​ កាលពីរំលង អធ្រាត្រឈានចូលថ្ងៃទី១០ ខែវិច្ឆិកា។ សាក្សីបានឱ្យដឹងថា​ មុនកើតហេតុ គេឃើញរថយន្ត ឡិចស៊ីស LX 470 ផ្លាកលេខភ្នំពេញ2L 4981 បើកតាមផ្លូវបេតុងពីកើតទៅលិច។មកដល់កន្លែងខាងលើក៏ឆ្លងផ្លូវដែក ស្រាប់តែមានរថភ្លើងបើកមកដល់ជ្រុលបុកពេញទំហឹងហើយអូសជាច្រើនម៉ែត្របណ្តាលឱ្យរថយន្តខូចខ្ទេចស្ទើរទាំងស្រុង។ចំណែកព្រះសង្ឃ៣អង្គនិងសិស្សលោកម្នាក់ជាអ្នកបើកបររងរបួសធ្ងន់​។

បន្ទាប់ពីមានគ្រោះថ្នាក់ ព្រះសង្ឃដែលរងរបួសធ្ងន់ត្រូវបានរថយន្តជួយដឹកយកទៅមន្ទីរពេទ្យភ្លាមៗ​។ចំណែករថភ្លើងក៏បន្តដំណើរទៅមុខបាត់។ សមត្ថកិច្ចបានយករថយន្តទៅរក្សាទុកជាបណ្តោះអាសន្ន រង់ចាំហៅភាគីរថភ្លើងចូលដោះស្រាយពេលក្រោយ៕ដោយ៖វិចិត្រ