សេដ្ឋកិច្ច

ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បាវិត នឹង​ចំណាយ ១៦៣៨​លាន​ដុល្លារ

​ភ្នំពេញ​៖ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង ដើម្បី​ជំរុញ​ដំណើរការ​អនុវត្ត​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ល្បឿន​លឿន ត​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ ទៅ​ក្រុង​បាវិត បាន​ថ្លែង​បញ្ជាក់ថា ផ្លូវ​ល្បឿន​លឿន​ខ្សែ​ទី​២ ភ្នំពេញ​- បាវិត នឹង​បើក​ការ​រដ្ឋា​ន​សាងសង់​នៅក្នុង​ឆ្នាំ ២០២៣​ខាងមុខនេះ ជាមួយនឹង​ការប្រើប្រាស់​ថវិកា​សាងសង់​ចំនួន ១ ៦៣៨​លាន​ដុល្លារ​។​

​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ថ្លែង​ដូច្នេះ​នា​ព្រឹក​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២២ ក្នុងឱកាស​ដែល​លោក​អញ្ជើញ​ជា​អធិបតី ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ក្របខណ្ឌ (FA) សម្រាប់​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន ត​ភ្ជាប់​ពី​ភ្នំពេញ ទៅ​ក្រុង​បាវិត រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន និង​ថ្នល់​ចិន (CRBC) នៅ​ទីស្តីការក្រសួង​។​

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថា​៖​ផ្លូវ​ល្បឿន​លឿន​នេះ​មាន​ចំងាយ ១៣៨​គីឡូម៉ែត្រ និង​ត្រូវធ្វើ​ស្ពាន​ឆ្លងទន្លេ​មេគង្គ​ដ៏​វែង​មួយ ដែល​គិត​ទាំង​ស្ពាន និង​ផ្លូវ​ប្រហែលជា ៥​គីឡូម៉ែត្រ ហើយ​ថវិកា​ដែល​គ្រោង​បណ្តាក់​ទុក​ប្រមាណ ១ ៦៣៨​លាន​ដុល្លារ ដែលមាន​ទំហំ​តិចជាង​ក្រុងព្រះសីហនុ តែ​ប្រវែង​ផ្លូវ​ក៏​ខ្លី​ជា​ផ្លូវ​ល្បឿន​លឿន ក្រុងព្រះសីហនុ​ផងដែរ ផ្លូវ​នេះ​គ្រោង​នឹង​បើក​ការដ្ឋាន​នៅ​ឆ្នាំ​២០២៣ និង​បញ្ចប់​នៅ​ចុងឆ្នាំ​២០២៦ ឬ​ដើមឆ្នាំ​២០២៧​។​

​ប្រធាន​គណៈកម្មការ​អន្តរក្រសួង ដើម្បី​ជំរុញ​ដំណើរការ​អនុវត្ត​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ល្បឿន​លឿន​ពី ភ្នំពេញ​ទៅ​ក្រុង​បាវិត​នេះ បាន​បន្ថែមទៀតថា ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បាវិត និង​ធ្វើឱ្យបាន​រួចរាល់​ដំណាល​នឹង​ផ្លូវ​ល្បឿន​លឿន​ពី​ក្រុង​ហូជីមិញ មក​ម៉ុក​បៃ ដើម្បី​ធ្វើ​ការតភ្ជាប់​ជាមួយ​ផ្លូវ​ល្បឿន​លឿន​របស់​កម្ពុជា​។​

​បើតាម​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ផ្លូវ​ល្បឿន​លឿន​នេះ មាន​សារៈសំខាន់​ណាស់​ក្នុង​ការតភ្ជាប់​ពី​ប្រទេស​ចិន មក​ភូមា មក​ថៃ មក​កម្ពុជា និង​តទៅ​ប្រទេស​វៀតណាម តាមរយៈ​ផ្លូវ​អាស៊ាន​លេខ​១ ដែល​កម្ពុជា​កំពុងតែ​ចាប់ផ្តើម​ពង្រីក​ពី ២​គន្លង ទៅ​៤​គន្លង ពី​ក្រុង​ប៉ោយប៉ែត មក​ភ្នំពេញ និង​ត​ភ្ជាប់​ពី​ភ្នំពេញ​ទៅ​បាវិត តាមផ្លូវ​ល្បឿន​លឿន​ខ្សែ​ទី​២​នេះ ដើម្បី​ធ្វើឱ្យ​ទំនាក់ទំនង​ទំនិញ និង​អ្នកដំណើរ​តាំងពី​ចិន រហូតដល់​វៀតណាម អាច​ឆ្លងកាត់​បាន​៕ដោយៈសិរីមតី