សន្ដិសុខសង្គម

ឃុំខ្លួនមន្ត្រីយោធាដែលបាញ់សម្លាប់ បុរសម្នាក់នៅតាមផ្លូវជិតសាលាI.U

ភ្នំពេញ៖តុលាការរាជធានីភ្នំពេញ បានឃុំខ្លួនមន្ត្រីយោធាដែលបាញ់បុរសម្នាក់បណ្តាលឱ្យស្លាប់ តាមផ្លូវជិតសាលា I.U ដាក់ពន្ធនាគារបណ្តោះអាសន្ន។

សមត្ថកិច្ចបានឱ្យដឹងថា ជនត្រូវចោទឈ្មោះ សៅ សុខុន ហៅប្រុសធំ អាយុជាង៤០ឆ្នាំ ជាមន្ត្រីយោធាថ្នាក់វរសេនីយ៍ទោនិងជំនួយការឧកញ៉ាម្នាក់ ជិះរថយន្តម៉ាក Lexus 570 ផ្លាកលេខ  ភ្នំពេញ 2BK-7799 ដាក់ពន្ធនាគារ PJ ក្រោមការចោទប្រកាន់ពីបទមនុស្សឃាតដោយអចេតនា។

ករណីបាញ់លើបុរសរងគ្រោះកាលពីរសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅម្តុំផ្លូវលេខ១០១១កែងផ្លូវ SOS ក្នុងខណ្ឌសែនសុខ បន្ទាប់ពីសមត្ថកិច្ចដេញចាប់បុរសដែលស្លាប់ថាជាមុខសញ្ញា ហើយមានគេស្រែកថាចោរៗ។ជនរងគ្រោះឈ្មោះរិទ្ធិ ចិត្ត្រា អាយុ២៤ឆ្នាំ ស្នាក់នៅខណ្ឌសែនសុខ ជិះម៉ូតូម៉ាកស្កុបពី ផ្លាកលេខភ្នំពេញ1JG-4729។

សូមបញ្ជាក់ថា មុនចាប់ខ្លួនជនជាប់ចោទជិះរថយន្តម៉ាកឡិចស៊ីស៥៧០ បានបាញ់ទៅលើបុរសម្នាក់ ២គ្រាប់ចំខ្នងធ្លាយមកទ្រូងដួលស្លាប់នៅលើចិញ្ចើមផ្លូវក្បែរម៉ូតូ។ក្នុងថ្ងៃតែមួយជនសង្ស័យរូបនោះ បានចូលខ្លួនសារភាពនៅស្នាក់ការនគរបាលប៉ុស្តិ៍បឹងកក់ទី១ ខណ្ឌទួលគោកត្រូវសមត្ថិច្ចបានកសាង សំណុំរឿងបញ្ជូនទៅតុលាការនិងឃុំខ្លួនកាលពីរសៀលថ្ងៃទី៥ ខែវិច្ឆិកាឆ្នាំ២០២២។

តាមមាត្រា២០៧ នៃក្រមព្រហ្មទណ្ឌពីបទមនុស្សឃាតដោយអចេតនា ត្រូវផ្តន្ទាទោសដាក់ ពន្ធនាគារពី១ឆ្នាំទៅ៣ឆ្នាំនិងពិន័យជាប្រាក់ពី២លានរៀលទៅ៦លានរៀល៕ដោយៈវិចិត្រ