កម្សាន្ដ

ភ្ញៀវទេសចរសម្រុកទៅលេងកម្សាន្តនៅតំបន់រមណីយដ្ឋានអង្គរច្រើននៅថ្ងៃបុណ្យអុំទូក

មន្ត្រីនៃអាជ្ញាធរជាតិអប្សរា បានសង្កេតឃើញថាចំនួនភ្ញៀវទេសចរជាតិ ភាគច្រើនបានជ្រើសរើសយកតំបន់រមណីយដ្ឋានអង្គរក្នុងខេត្តសៀមរាប ធ្វើជាគោលដៅទេសចរណ៍ សម្រាប់ក្រុមគ្រួសាររបស់ពួកគេ នៅក្នុងពេលឈប់សម្រាកនាពិធីបុណ្យអុំទូក បណ្ដែតប្រទីបនិងសំពះព្រះខែនៅក្នុងឆ្នាំនេះ។

មន្ត្រីទទួលបន្ទុកផ្នែកទេសចរណ៍និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថាក្នុងរយៈពេល២-៣ថ្ងៃមកនេះ ភ្ញៀវទេសចរជាតិ ដែលចូលទៅទស្សនាក្នុងតំបន់រមណីយដ្ឋានអង្គរ មានចំនួនច្រើន ខុសពីធម្មតា។

តាមរបាយការណ៍ ដែលមន្ត្រីអាជ្ញាធរអប្សរា រាយការណ៍ជូនថ្នាក់ដឹកនាំ ឱ្យដឹងថាគ្រាន់តែថ្ងៃទី៦ខែវិច្ឆិកាឆ្នាំ២០២២តែមួយថ្ងៃ គឺមានមានភ្ញៀវទេសចរជាតិនិងអន្តរជាតិចំនួន៤១៦៣នាក់ បានចូលទស្សនាតំបន់អង្គរ។

ចំណែកមន្ទីរទេសចរណ៍ខេត្តសៀមរាប បានកត់សំគាល់ឃើញថាក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកនេះ តាមការចុះពិនិត្យតាមបណ្តាសេវាស្នាក់នៅ មកដល់ពេលនេះ គឺភ្ញៀវបានកក់ផ្ទះសំណាក់និងសណ្ឋាគារនៅតាមដងផ្លូវជាតិលេខ៦A សើ្ទរតែអស់និងសេវាស្នាក់នៅផ្សេងៗទៀតដែលទីតាំងដែលមិននៅលើផ្លូវជាតិ  ។

របាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប ឱ្យដឹងថាចំនួនទេសចរ ដែលមកកម្សាន្តតាមរមណីយដ្ឋាននានាក្នុងខេត្តសៀមរាបពីថ្ងៃទី៧ខែ វិច្ឆិកា ឆ្នាំ២០២២មានប្រមាណ៩២.៨១៧នាក់ ក្នុងនោះទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តមានចំនួនប្រមាណ៨៧.០០០ នាក់។ភ្ញៀវទេសចរ មកពីតាមបណ្តាខេត្តផ្សេងៗមានចំនួនប្រមាណ ៦៥-៧០%ប្រមាណជា ៥៥.០០០-៦០.០០០នាក់។

ភ្ញៀវទេសចរជាតិ ភាគច្រើន បានធ្វើដំណើរកម្សាន្តជាលក្ខណៈគ្រួសារទៅកាន់ គោលដៅទេសចរណ៍ជាច្រើនដូចជាទស្សនារមណីយដ្ឋានអង្គរមានចំនួនប្រមាណ៦៣.៦០០ នាក់ ទៅកម្សាន្តនៅរមណីយដ្ឋានឧទ្យានជាតិភ្នំគូលែនមានចំនួនប្រមាណ ៨.៤០០ នាក់ ទៅតំបន់បឹងទន្លេសាបមានចំនួនប្រមាណ ១.៦០០ នាក់ ទៅលេងសហគមន៍ទេសចរណ៍-អេកូទេសចរណ៍និងតំបន់ផ្សេងៗមានចំនួនប្រមាណ ១៣.៤០០នាក់ ចំណែកនៅពេលយប់ ក៏មានអ្នកទេសចរទៅទស្សនាផលិតផលទេសចរណ៏ Angkor Wildlife and Aquarium និងនៅតំបន់ Pub Streetដែរ៕