កីឡា

Man Utd ត្រូវ​បាន​ធ្វើ​តេស្តបទពិសោធ ខណៈ Villa ចាប់ផ្ដើម​យុគ​របស់ Emery តាម​មាត្រដ្ឋាន​

លោក Erik ten Hag បានចាត់ទុកការបរាជ័យ ៣-១ របស់ក្រុម​បិសាចក្រហម Manchester United កាល​ពី​ថ្ងៃ​អាទិត្យ ក្រោមស្នាដៃរបស់​ក្រុមម្ចាស់​ផ្ទះ Aston Villa ថា ជា​រឿង​«មិនអាចទទួលយកបាន» ខណៈដែលលោក Unai Emery រីករាយនឹងការចាប់ផ្តើមនៃសុបិន ក្នុងជីវិត ក្នុងឋានៈ​ជាគ្រូបង្វឹករបស់​ក្រុមតោ Villa។

ក្រុមបិសាចក្រហម មិនចាញ់សោះ ក្នុងការប្រកួតចំនួន ៩ដង​ មុនពេលពួកគេធ្វើដំណើរទៅកាន់ទីក្រុង Birmingham ខណៈដែលគម្រោងរបស់​លោក Ten Hag នៅទឹក​ដី Old Trafford កំពុងចាប់ផ្តើមដំណើរការទៅ​មុខ​បណ្ដើរៗ។

ប៉ុន្តែក្រុមភ្ញៀវត្រូវបាន​ធ្វើ​ឱ្យ​បែក​ខ្ញែក ដោយ​សារ​ការ​ចាប់​ផ្ដើម ក្នុង​ទម្រង់​ដ៏​ត្រចះ​ត្រចង់​​របស់​ក្រុមម្ចាស់ផ្ទះ ខណៈដែលគ្រាប់​បាល់នាំ​មុខ ២-០ ដែល​ស់ស៊ុត​បញ្ចូល​ទី​ដោយ​កីឡាករ Leon Bailey និង Lucas Digne បាន​កើត​មាន​ឡើង​ក្នុង​រយៈ​ពេលត្រឹម ១១នាទីប៉ុណ្ណោះ។

គ្រាប់​បាល់ ដែល​បាន​ពី​ការ​ស៊ុត​​របស់ខ្សែការពារ Luke Shaw ហើយ​ប៉ះ​កីឡាករ Jacob Ramsey ប្លាត​ចូល​ទី ​​មុន​ចប់​វគ្គទី​១ បាន​ជួយ​ផ្តល់​ដង្ហើម​ដក​ខ្លះ​​ដល់​ក្រុម Man Utd ប៉ុន្តែកីឡាករ Ramsey ស្តារការ​នាំ​មុខ​ ២គ្រាប់​របស់ Villa បាន​វិញ​ នៅប្រមាណ​ជា ៤នាទី​នៃ​ដើម​វគ្គ​ទី​២ ហើយ​លទ្ធផល​នោះ ក៏​បាន​បន្ត​រហូត​ដល់​ចប់​ការ​ប្រកួតតែ​ម្ដង​។

នៅ​ក្រោយ​ការ​ប្រកួត លោក Ten Hag បាន​និយាយ​ដល់​ការចាប់ផ្តើមនៃ​ក្រុមរបស់គាត់​ថា៖ «អ្នក​ត្រូវតែ​មើល​ហ្គេមឱ្យ​ដឹង ហើយរៀបចំឱ្យបាន​ត្រឹមត្រូវ។ វាមិនអាចទទួលយកបាននោះទេ ដែលយើង​បណ្ដោយ​ឱ្យ​របូត​គ្រាប់​បាល់​លឿនបែប​នេះ នៅ​វគ្គទី២ ដោយសារ​ការវាយបក។ កីឡាករ​របស់យើងមានបទពិសោធគ្រប់​គ្រាប់។ យើង​ត្រូវតែឈ្នះការប្រជែងយក​បាល់​ឱ្យ​បាន»។

ក្រុម Man Utd មិន​មាន​វត្តមានរបស់កីឡាករ Raphael Varane, Jadon Sancho និង Antony ដែលរងរបួស ក៏ដូចជាខ្សែបម្រើ Bruno Fernandes ដែលជាប់ពិន័យ ខណៈដែលបរាជ័យនេះ បាននាំ​ឱ្យ​ពួកគេមាន​គម្លាត​ពីក្រុមនៅ​ទី​កំពូលទាំង​ (Top 4) ចំនួន ៣ពិន្ទុ ដោយ​ឈរ​ក្នុងចំណាត់ថ្នាក់លេខ ៥​។

ដោយ​ឡែក​សម្រាប់លោក Emery វិញ គ្រូបង្វឹក​ថ្មី​រូប​នេះ ប្រហែល​មិនអាចប្រាថ្នាអ្វី​ផ្សេង​ឱ្យ​លើសពី​​ការ​ធ្វើឱ្យមានចំណាប់អារម្មណ៍ប្រសើរជាងនេះ​ ដើម្បី​ទទួល​បាន​ការគាំទ្រពី​អ្នក​ហែហមក្រុម​ Villa ជាមួយនឹងជ័យជម្នះ ក្នុងលីគ នៅ​ផ្ទះខ្លួន​ឯង​ជា​លើកដំបូងលើក្រុមបិសាចក្រហម ចាប់តាំងពីឆ្នាំ១៩៩៥ នោះ​ឡើយ​។

ជ័យជម្នះ​បាន​រំកិល​​ក្រុម Villa ឱ្យ​ឡើង​ទៅឈរ​នៅ​​លេខ ១៣ និង​មាន​គម្លាត ៣​ពិន្ទុ​ដាច់​ពី​កក្រុម ដែល​នៅ​ក្នុង​តំបន់​ត្រូវ​កាត់ចោល៕