កីឡា

មក​ដឹង​ត្រួស​ៗ​ពី​ក្រុម​ការ​ពារ​ជើង​ឯក​បារាំង នៅ World Cup ​

នៅសល់​តែ​ជាង​ ១០​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ព្រឹត្តិការណ៍​ប្រកួត​ប្រជែង​បាល់​ទាត់​ដ៏​ធំ​របស់​ពិភពលោក FIFA World Cup 2022 នឹង​ចាប់​ផ្ដើម​ជាផ្លូវការ​ហើយ នា​ប្រទេស​កាតា។ ហេតុ​ដូច្នេះហើយ យើង​នឹងលើក​យក​ប្រវត្តិ​រឿង​រ៉ាវ​ខ្លះៗ​នៃ​ក្រុម​ជម្រើស​ជាតិ​ ដែល​ដណ្ដើម​បាន​សិទ្ធិ​ទៅ​ចូល​រួម ក្នុង​ព្រឹត្តិការណ៍​នេះ ដោយ​ពេល​នេះ យើង​នឹង​រៀប​រាប់​ត្រួស​ៗ​ពី​ក្រុម​ជើង​ឯក​ចាស់​បារាំង​ថា តើ​ក្រុម​ដ៏​ខ្លាំង​របស់​ទ្វីប​អឺរ៉ុប​មួយ​នេះ ធ្លាប់​បាន​ចូល​រួម​ប៉ុន្មាន​ដង​ហើយ និង​ថា តើ​មុ​ន​នឹង​មក​ដល់​ដំណាក់​កាល​នេះ ពួកគេបាន​ឆ្លង​កាត់​អ្វី​ខ្លះ​?

ខាង​ក្រោម​នេះ ​គឺ​ជារឿង​រ៉ាវ​ និង​ប្រវត្តិសង្ខេប​ត្រួស​ៗ​របស់​ក្រុម​ជម្រើស​ជាតិបារាំង​ មុន​ព្រឹត្តិការណ៍ World Cup:

-ចំណាត់​ថ្នាក់​របស់ FIFA: លេខ ៤ (ថ្ងៃទី៦ ខែតុលា)

-ប្រវត្តិការប្រកួត កាល​ពី​មុន:

ក្រុម​មាន់គក​បារាំង ​បានបង្ហាញ​វត្តមាន​ នៅ World Cup នេះ ចំនួន ១៥លើកហើយ ​ក្នុង​នោះ​រួម​ទាំង ៦​លើក​ចុង​ក្រោយផង​ដែរ​។ ពួកគេបានឈ្នះពានរង្វាន់​ដ៏​ធំ​នេះលើកដំបូង ក្នុងឆ្នាំ១៩៩៨ ដោយពេល​នោះ បានយកឈ្នះក្រុមខ្លាំងប្រេស៊ីល ៣-០ ក្នុង​វគ្គផ្តាច់ព្រ័ត្រ នៅលើទឹកដីខ្លួនឯង និងបានបន្តភាពអស្ចារ្យរបស់​ខ្លួន ក្នុងប្រទេសរុស្ស៊ី ជាមួយនឹងជ័យជម្នះ ៤-២ ពេល​តទល់​នឹង​ក្រុមក្រូអាស៊ី ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ​ដែរ​។

តើពួកគេ​ដណ្ដើម​បាន​សិទ្ធិ​មក​ប្រទេស​កាតា​យ៉ាង​ដូច​ម្ដេច?

ក្រុម​បារាំង​ ដណ្ដើម​បាន​សិទ្ធិ ដោយ​ការ​បញ្ចប់​ ក្នុង​ចំណាត់​ថ្នាក់​លេខ ១ ក្នុង​​ពូល D ដោយ​ឈ្នះ​ ៥​លើក និង​ស្មើ ​៣​លើក ក្នុង​នោះ​ ​២​លើក ស្មើ​ជាមួយ​​ក្រុម​លេខ​២ ​អ៊ុយក្រែន។ ពួក​គេ​បាន​បញ្ចប់​យុទ្ធ​នា​ការវគ្គ​ជម្រុះ​របស់​ខ្លួន ​ដោយ​ទទួល​បាន​ជ័យ​ជម្នះ​ ៣​លើក​ជាប់​ៗ​គ្នា ក្នុង​នោះ​រួម​ទាំង​ការ​បំបាក់​ក្រុម​កាហ្សាក់ស្ថាន ៨-០ ផង​ដែរ។ ពួកគេស៊ុតបញ្ចូលទីបាន ១៨គ្រាប់ និងរបូត​វិញ ៣គ្រាប់។

-ការណែនាំឱ្យ​ដឹង​ពី​ទម្រង់លេង​របស់​ក្រុម:

ចាប់តាំងពីការធានា​បានកៅអី សម្រាប់ជុំ​ចុង​ក្រោយ នៅប្រទេសកាតា ក្រុមបារាំងបានឈ្នះការប្រកួតមិត្តភាពចំនួន ២លើក ពេល​ប្រកួត​ជាមួយក្រុមកូតឌីវ័រ និងអាហ្វ្រិកខាងត្បូង ប៉ុន្តែបន្ទាប់មកពីនោះ ធ្វើ​មិន​បាន​ល្អ​នោះ​ឡើយ ក្នុងកម្មវិធី Nations League។

ពួកគេបានរួច​ផុត​ពី​ការ​ធ្លាក់​ទៅ​លីក​កម្រិត​បន្ទាប់ សម្រាប់​ការ​ប្រកួត​ប្រជែង ក្នុងក្របខ័ណ្ឌកំពូលរបស់​អឺរ៉ុបនេះ ប៉ុន្តែបានបញ្ចប់យុទ្ធនាការដ៏គួរឱ្យ​ខក​ចិត្តជាមួយនឹងបរាជ័យ ២-០ នៅក្រៅផ្ទះ ក្រោម​ដៃ​របស់​ក្រុមដាណឺម៉ាក ពោល​គឺ​ជាការ​ចាញ់​លើកទី៣ របស់ពួកគេ ក្នុងចំណោម៦ហ្គេម ដែលពួក​គេ​មាន​ជ័យជម្នះ​​តែម្ដង​ប៉ុណ្ណោះ៕