ព័ត៌មានជាតិ

អាជ្ញាធរសង្កាត់ឃាត់ខ្លួនជាង១០នាក់ផ្គើនចោលសំរាមតាមដងផ្លូវ

បាត់ដំបង៖មនុស្សប្រុសស្រីជាង១០នាក់ បាននាំខ្លួនទៅសាលាសង្កាត់ដើម្បីអប់រំណែនាំក្រោយពីពួកគេ ផ្គើនក្នុងការហាមចោលសំរាមគ្មានសណ្តាប់ធ្នាប់តាមដងផ្លូវ។

កាលពីថ្ងៃទី៣ ខែវិច្ឆិកា អាជ្ញាធរសង្កាត់ចម្ការសំរោង ក្រុងបាត់ដំបង បានឆ្មក់នៅតាមគោលដៅ គំនរសំរាម និងបានឃាត់ខ្លួនប្រុសស្រីដែលយកសំរាមទៅបោះចោលគ្មានសណ្តាប់ធ្នាប់ លើចិញ្ចើមផ្លូវបានចំនួន ១១នាក់ទៅសាលាសង្កាត់ដើម្បីណែនាំ និងថតរូបភាពបង្ហោះ ជាសាធារណ:ទុកជាការព្រមាន។

លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង បានឱ្យដឹងនៅថ្ងៃទី ៤ ខែវិច្ឆិកានេះថា មុនអាជ្ញាធរចាត់វិធានការដោយមិនលើកលែងតាមផ្លូវច្បាប់នេះ​ ធ្វើឡើងក្រោយពេលដែលមន្ត្រី មូលដ្ឋានចុះផ្សព្វផ្សាយអប់រំ ណែនាំដដែលរាប់សិបឆ្នាំមកហើយ។ការផ្សព្វផ្សាយអប់រំ ដល់បងប្អូននៅក្នុងមូលដ្ឋានស្តីពីភាពចាំបាច់ក្នុងការឱ្យចូលរួមរៀបចំទុកដាក់សំរាមបានត្រឹមត្រូវ ចៀសវាងយកទៅបោះចោលរប៉ាត់រប៉ាយគ្មានសណ្តាប់ធ្នាប់ បង្កក្លិនស្អុយ ប៉ះពាល់ដល់បរិសា្ថន អ្នកទេសចរណ៍យ៉ាងធ្ងន់ធ្ងរ។

វិធានការដំបូងលើបុគ្គលប្រុសស្រីទាំង ១១នាក់ ដែលផ្គើនមិនចូលរួមគោរពតាមការណែនាំរបស់ អាជ្ញាធរខាងលើ តម្រូវឱ្យធ្វើកិច្ចសន្យាបញ្ឈប់ អប់រំណែនាំបន្ត និងចុងក្រោយថតរូបភាព បង្ហោះបញ្ចេញតាមបណ្តាញព័ត៌មានសង្គមទុកជាការព្រមាន។ ការសម្រេចអនុវត្តច្បាប់គ្រាដំបូងនេះ និងបន្តធ្វើទៅកាន់ទីតាំងដទៃទៀតដូចៗគ្នាទាំងអស់ជុំវិញភូមិសាស្ត្រក្រុងបាត់ដំបង៕ដោយ: ព្រះអង្គខ្មៅ