ព័ត៌មានជាតិ

ឧទ្យានតាំងបង្ហាញត្រីទឹកសាប ទឹកប្រៃនិងសត្វជាច្រើនដែលពុំធ្លាប់មាននៅកម្ពុជា បានបើកទ្វារទទួលភ្ញៀវទេសចរហើយ

សៀមរាប៖ សួនឧទ្យានដែលមានអាងដាក់បង្ហាញត្រីទឹកសាប ត្រីទឹកប្រៃ ព្រមទាំងមានចិញ្ចឹមសត្វ ជាច្រើនប្រភេទនៅខេត្តសៀមរាបANGKOR WILDLIFE & AQUARIUM បានបើកសម្ពោធឱ្យភ្ញៀវ ទេសចរបានចូល ទស្សនាជាផ្លូវការហើយ កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២។

សួនឧទ្យាន ANGKOR WILDLIFE & AQUARIUM ដែលស្ថិតនៅភូមិក្បូន ឃុំខ្ចាស់ ស្រុកសូទ្រនិគមខេត្តសៀមរាបនេះ ត្រូវបានគេចាត់ទុកថាគឺជាផលិតផលទេសចរណ៍ថ្មីមួយទៀត ហើយក៏ជាសួនដំបូងគេនៅក្នុងប្រទេសកម្ពុជា ដែលពុំធ្លាប់មានពីមុនមកទេ។

អ្នកចាត់ការទូទៅរបស់ Angkor Wildlife and Aquarium លោក Benoit Jancloesឱ្យដឹងថា សួនឧទ្យាននេះមានអាងទឹក ទំហំប្រមាណជាង១ម៉ឺនម៉ែត្រគុប ដាក់តាំងបង្ហាញត្រីទឹកសាប ត្រីទឹកប្រៃ ជាច្រើនប្រភេទដែលមានក្នុងប្រទេស កម្ពុជានិងនាំចូលមកពីបរទេសជាង១.០០០ពូជ និងសត្វជាច្រើនប្រភេទដូចជា សត្វខ្លាមកពីប្រទេសអាហ្វ្រិកខាងត្បូង ខ្លាឃ្មុំ សត្វភេ អណ្តើកហ្លួង និងក្រពើភ្នំ…។ល។គម្រោងនេះ បានសង្កត់ធ្ងន់លើការអភិរក្ស អប់រំ និងកម្សាន្តជាមួយនឹងកន្លែងប្លែកៗសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលមកទស្សនាប្រាសាទអង្គរវត្តក្នុងខេត្តសៀមរាប។ ភ្ញៀវទេសចរទាំងអស់នឹងទទួលបានផលិតផលទេសចរណ៍ប្លែកមួយ ដែលមិនធ្លាប់មានពីមុនមក ជាមួយនឹងអង្គរវ៉ាយដ៍ឡាយហ្វ៍និងអឹឃ្វារៀម។

អភិបាលខេត្តសៀមរាប លោកទៀ សីហា មានប្រសាសន៍ថា នេះគឺជាផលិតផលទេសចរណ៍ថ្មី មួយទៀតរបស់ ខេត្តសៀមរាប ដែលអាចនឹងទាក់ទាញភ្ញៀវទេសចរឱ្យមកខេត្តនេះ ដើម្បីកម្នាន្តកាន់តែច្រើនឡើង ពីព្រោះកាលណាភ្ញៀវមកទស្សនាតំបន់អង្គរហើយ ក៏គេអាចចង់ទៅ  ទស្សនាសួនឧទ្យាន Angkor Wildlife and Aquarium ដែលជាកញ្ចប់ទេសចរណ៍ថ្មី ដ៏អស្ចារ្យ ដែលប្រទេសកម្ពុជាមិនធ្លាប់មានពីមុនមកនោះដែរ ។

ប្រជាពលរដ្ឋខ្លះដែលបានទៅទស្សនាសួនឧទ្យាន Angkor Wildlife and Aquarium ចាត់ទុកឧទ្យានថ្មីនេះថាមានសារសំខាន់ ដោយក្រៅតែពីការចូលរួមចំណែកក្នុងការអភិវឌ្ឍ វិស័យទេសចរណ៍ក្នុងខេត្តសៀមរាប វាក៏បានបង្ហាញពីភាពអស្ចារ្យក្នុងការថែរក្សាធនធាន ធម្មជាតិក្នុងបឹងទន្លេសាប ដូចជាត្រីរបស់កម្ពុជាច្រើនប្រភេទដែលជិតផុតពូជ ដែលគេធ្លាប់តែ ឃើញតាមរូបថត ឥឡូវបានឃើញពិតៗនៅទីនោះ។

ភ្ញៀវទេសចរដែលចង់ចូលទៅទស្សនាសួន Angkor Wildlife and Aquarium អាចទិញសំបុត្រ សម្រាប់មនុស្សធំតម្លៃ១០ដុល្លារអាម៉េរិកក្នុងម្នាក់ និងសម្រាប់ក្មេងអាយុចាប់ពី៣ឆ្នាំ ម្នាក់៥ដុល្លារ។

សួនឧទ្យាន Angkor Wildlife and Aquarium បានចាប់ផ្ដើមសាងសង់តាំងតែពីអំឡុងខែមេសាឆ្នាំ២០១៩ ហើយបានបញ្ចប់ជាស្ថាពរដំណាក់កាលទី១ កាលពីខែតុលា ឆ្នាំ២០២២។គម្រោងសាងសង់ឧទ្យាននេះ គ្រោងចំណាយថវិកាប្រមាណ៧០លានដុល្លារអាម៉េរិក ដោយចែកជា៣ដំណាក់កាល គឺដំណាក់កាលទី១ មានបង្ហាញប្រភេទត្រីទឹកសាប ត្រីទឹកប្រៃនិងសត្វ ទី២ពង្រីកទ្រុងដាក់សត្វធំៗដូចជាសត្វដំរី ការរៀបសួនផ្កាអូគីដេនៅកម្ពុជា និងទី៣ការបង្កតឱ្យមានកន្លែងស្នាក់នៅសម្រាប់ទេសចរណ៍ជាដើម៕