សន្ដិសុខសង្គម

អ្នកបើករថយន្ត ៥៧០ បាញ់សម្លាប់ បុរសម្នាក់ស្លាប់ចូលខ្លួនសារភាព

ភ្នំពេញ៖កាលពីរសៀលថ្ងៃទី២ ខែវិច្ឆិកា អ្នកបើករថយន្ត៥៧០ ដែលបាញ់ចេញពីក្នុងរថយន្តសម្លាប់ បុរសម្នាក់ក្បែរសាលា IU តាមផ្លូវលេខ១០១១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខនោះ បានចូលខ្លួន សារភាពនៅព្រលប់ថ្ងៃដដែល។

ក្នុងហេតុការណ៍នោះ លោកវរសេនីយ៍ឯក ហ៊ួ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានប្រាប់បណ្តាញសារព័ត៌មានថា បុរសដែលគេបាញ់ស្លាប់គឺជាមុខសញ្ញាត្រូវកម្លាំងនគរបាល រាជធានីភ្នំពេញដេញតាមចាប់ខ្លួន។ខណៈរូបគេបានព្យាយាមជិះម៉ូតូគេចពីសមត្ថកិច្ចជាច្រើនផ្លូវ មកដល់កន្លែងកើតហេតុ ដោយឃើញសមត្ថកិច្ចដេញយ៉ាងដូច្នេះ ទើបអ្នកបើករថយន្តបានដក កាំភ្លើងបាញ់បុរសដែលសមត្ថកិច្ចកំពុងតាមចាប់នោះបណ្តាលឱ្យស្លាប់ភ្លាមក្បែរម៉ូតូ។

លុះព្រលប់ថ្ងៃដដែល មានបុរសវ័យជាង៤០ឆ្នាំ ជាអ្នកបើករថយន្តឡិចស៊ីស៥៧០ ដែលបានបាញ់ បុរសជាមុខសញ្ញាសង្ស័យនោះចូលខ្លួនមកសារភាពនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី១ ខណ្ឌទួលគោក ។បុរសនោះបានឱ្យដឹងថា ខ្លួនកំពុងតែជិះរថយន្ត ស្រាប់តែជនសង្ស័យបានជិះម៉ូតូមក ប៉ះរថយន្តរបស់ខ្លួន ស្របឮសំឡេងស្រែកថាចោរៗផងនោះក៏បានដកកាំភ្លើងបាញ់ចេញពីក្នុង រថយន្តបណ្ដាលឱ្យស្លាប់តែម្ដង។ប៉ុន្តែទោះជាយ៉ាងណា ជនដៃដល់ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនបន្តតាមនីតិវិធី៕ដោយ៖វិចិត្រ