អន្តរជាតិ

វីរវរហើយ! កូរ៉េខាងជើងបាញ់មីស៊ីលរំលងប្រទេសជប៉ុនជាលើកទី២នៅថ្ងៃនេះ

ជាថ្មីម្តងទៀត នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរំលងប្រទេសជប៉ុន ជាលើកទី២ ខណៈអាជ្ញាធរជប៉ុនបានសម្ដែងការហួសចិត្ត និងជូនដំណឹងប្រុងប្រយ័ត្ន។

យោងតាមសារបង្ហោះរបស់ការិយាល័យនាយករដ្ឋមន្ត្រីជប៉ុន តាមបណ្តាញសង្គមធ្វីត ធ័រ​ នៅថ្ងៃព្រហស្បតិ៍ទី ៣ ខែវិច្ឆិកា ឆ្នាំ២០២២​បានឲ្យដឹងថា កាំជ្រួចកូរ៉េខាងជើងបានហោះពីលើប្រទេស ជប៉ុនជាថ្មីម្តងទៀតនៅម៉ោងប្រហែល ៧ និង៤៨នាទីព្រឹក ខណៈដែលប្រព័ន្ធផ្សព្វផ្សាយជប៉ុន បានអំពាវនាវឲ្យប្រជាជននៅតំបន់ពាក់ព័ន្ធប្រញាប់រកជម្រកសុវត្ថិភាពដើម្បីជ្រកកោន និងប្រុងប្រយ័ត្នខ្ពស់។ ក្នុងនោះ រួមមានប្រជាជននៃខេត្ត Miyagi, ខេត្ត Yamagata និង Niigata ដែលស្ថិតនៅភាគកណ្តាលប្រទេសជប៉ុន។

ទោះជាយ៉ាងណាក៏ដោយ ប្រហែល ២៥ នាទីបន្ទាប់ពីការបាញ់បង្ហោះដែលត្រូវបានរាយការណ៍ដំបូង ឆ្មាំសមុទ្ររបស់ប្រទេសជប៉ុនបាននិយាយថា កាំជ្រួចនោះបានធ្លាក់ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ហើយមិនបានប៉ះពាល់អាយុជីវិតនរណាម្នាក់ទេ។ ខាងជប៉ុនក៏មិនបានផ្តល់ចំណាត់ការ ឆ្លើយតបពីការប៉ះទង្គិចគ្នានោះដែរ។

យោងតាមទីភ្នាក់ងារយ៉នហាប់កូរ៉េ កាំជ្រួចនេះបានឆ្លងកាត់ដំណាក់កាលដាច់ពីគ្នា បង្ហាញថា វាអាចជាអាវុធរយៈចម្ងាយឆ្ងាយ។ វាជាលើកទី២ហើយ ដែលកូរ៉េខាងជើងបានបាញ់រំលងប្រទេសជប៉ុន ត្រឹមតែរយៈពេល១ខែប៉ុណ្ណោះ។ ការបាញ់នៅថ្ងៃនេះ ហាក់ដូចជាស្តែងពីកំហឹងរបស់ទីក្រុងព្យុងយ៉ាង នៅក្នុងឧបទ្វីបកូរ៉េបន្ថែមពីលើមីស៊ីលយ៉ាងហោចណាស់ ២៣ គ្រាប់ដែលទើបតែបានបាញ់ក្តៅៗ កាលពីម្សិលមិញ៕

ប្រភព៖ ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា