អន្តរជាតិ

រុស្ស៊ីចូលខ្លួនក្នុងកិច្ចព្រមព្រៀងនាំចេញធញ្ញជាតិអ៊ុយក្រែនឡើងវិញ

រដ្ឋាភិបាលទីក្រុងមូស្គូ បានប្រកាសចូលរួមកិច្ចព្រមព្រៀងនាំចេញធញ្ញជាតិអ៊ុយក្រែនឡើងវិញ ប៉ុន្តែបានគំរាមថានឹងដកខ្លួនបើសិនជាការធានាពីខាងអ៊ុយក្រែនត្រូវបានរំលោភបំពានជាថ្មី។

នៅក្នុងសុន្ទរកថាកាលពីថ្ងៃពុធម្សិលមិញនេះ ប៉ុន្មានម៉ោងបន្ទាប់ពីបានប្រកាសចូលរួម កិច្ចព្រមព្រៀងឡើងវិញជាមួយភាគីអ្នកធានាតួកគី ក៏ដូចជាអង្គការសហប្រជាជាតិ លោកពូទីន ប្រធានាធិបតីរុស្ស៊ី បានប្រាប់ឲ្យដឹងថា កិច្ចព្រមព្រៀងនាំចេញធញ្ញជាតិអ៊ុយក្រែន បច្ចុប្បន្នអាចធ្វើទៅបានគឺអាស្រ័យលើការយោគយល់ ប៉ុន្តែកិច្ចព្រមព្រៀងគឺមិនមែនបង្កើតឡើង ក្នុងពេល ដែលមានការវាយប្រហារលើប្រតិបត្តិការយោធាសហព័ន្ធរុស្ស៊ីនោះទេ។ លោកបានលម្អិតថា “រុស្ស៊ីនឹងរក្សាសិទ្ធិក្នុងការចាកចេញពីកិច្ចព្រមព្រៀងនេះទាំងស្រុង ប្រសិនបើការធានា ពីអ៊ុយក្រែនត្រូវបានរំលោភ”។

ក្នុងករណីដែលរុស្ស៊ីចាកចេញហើយ បរិមាណធញ្ញជាតិដែលអ៊ុយក្រែនធ្លាប់នាំចេញ រាល់ដងនឹងមិនអាចនាំចេញបានទៀតទេ។ រុស្ស៊ីនឹងនាំបរិមាណធញ្ញជាតិផ្ទាល់ខ្លួនចេញម្តង។ ពូទីនបញ្ជាក់ថា បើរុស្ស៊ីជាអ្នកនាំចេញ គឺខុសពីអ៊ុយក្រែន រុស្ស៊ីនឹងមិនគិតថ្លៃដល់ប្រទេសក្រីក្រនោះទេ។

គួររំលឹកថា ការផ្អាកបណ្តោះអាសន្នរបស់រុស្ស៊ីនៅដើមសប្តាហ៍នេះ គឺកើតឡើងក្រោយមានដំណឹងថា អ៊ុយក្រែនបានប្រើប្រាស់យន្តហោះគ្មានមនុស្សបើកទៅវាយប្រហារនាវាចរសមុទ្រខ្មៅរុស្ស៊ី យ៉ាងណាក៏ដោយអ៊ុយក្រែនមិនបានចេញទទួលស្គាល់ឡើយ៕

ប្រភព៖ ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា