អន្តរជាតិ

រុស្ស៊ីចាប់ខ្លួនជនជាតិអ៊ុយក្រែនម្នាក់ ពីបទប៉ុនប៉ងបំផ្លាញបណ្តាញអគ្គិសនីនៅគ្រីមៀរ

អាជ្ញាធររុស្ស៊ីបានចាប់ខ្លួនជនជាតិអ៊ុយក្រែនម្នាក់កាលពីថ្ងៃពុធសប្តាហ៍នេះ ដោយចោទថា​បានព្យាយាមប៉ុនប៉ងចង់បំផ្លាញបណ្តាញអគ្គិសនីរុស្ស៊ីនៅក្នុងតំបន់គ្រីមៀរ។

សេវាសន្តិសុខសហព័ន្ធរុស្ស៊ី ហៅកាត់ (FSB) បានថ្លែងប្រាប់កាលពីថ្ងៃពុធទី២ ខែវិច្ឆិកាថា ពលរដ្ឋអ៊ុយក្រែនម្នាក់ត្រូវបានឃុំខ្លួននៅតំបន់ Crimea ពីបទសង្ស័យថាមានគម្រោង “បំផ្លិចបំផ្លាញ” ខ្សែបណ្តាញអគ្គិសនីនៅក្នុងឧបទ្វីបសមុទ្រខ្មៅដែលកាន់កាប់មួយនេះ។ បុរសម្នាក់នោះមានអាយុ ៤០ ឆ្នាំ ត្រូវបានគេរកឃើញវត្ថុតាងជាប់ខ្លួនរួមមាន ដ្យាក្រាមខ្សែភ្លើង ឧបករណ៍បំផ្ទុះចំនួនបី និងសេចក្តីណែនាំរបៀបប្រើប្រាស់មួយច្បាប់។ (FSB) បានដាក់ការចោទប្រកាន់ថា បុរសនោះត្រូវបានជ្រើសរើសដោយសេវាស៊ើបការណ៍សម្ងាត់អ៊ុយក្រែន ជាអ្នកដែលទីក្រុងកៀវចាត់។ បុគ្គលនេះមិនត្រូវបានបញ្ជាក់ឈ្មោះនោះទេ ខណៈដែលការឆ្លើយតបភ្លាមៗពីទីក្រុង Kyiv ក៏មិនទាន់មាន ដែរ។

ចាប់តាំងពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែននៅចុងខែកុម្ភៈមក ទីក្រុងមូស្គូបានចោទប្រកាន់ម្តងហើយ​ម្តងទៀត​លើអ៊ុយក្រែនទាក់ទងនឹងការព្យាយាមបំផ្លាញហេដ្ឋារចនា សម្ព័ន្ធថាមពលរបស់រុស្ស៊ី រួមទាំងនៅក្នុងខែសីហា នៅពេលដែលបានស្តីបន្ទោសអ៊ុយក្រែនចំពោះការបំផ្លាញស្ថានីយអគ្គិសនីមួយ​នៅតំបន់គ្រីមៀរដែលខ្លួនកាន់កាប់។ គ្រប់ឧប្បត្តិហេតុទាំងអស់ អ៊ុយក្រែន​មិន​បាន​អះអាង​ថា​មាន​ការ​ពាក់ព័ន្ធ​ទេ​ ខណៈដែលភស្តុតាងក៏មិនត្រូវបានរកឃើញដែរ៕

ប្រភព៖ ALJAZEERA

ប្រភពរូប៖ ALJAZEERA
ប្រែសម្រួល៖សុខ តុលា