សន្ដិសុខសង្គម

សមត្ថកិច្ចកំពុងឆែកមើលកាមេរ៉ាករណី ខ្មាន់កាំភ្លើងបាញ់បុរសម្នាក់ស្លាប់

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២ ខែវិច្ឆិកានេះ ជនមិនស្គាល់មុខបានប្រើកាំភ្លើងបាញ់ចេញពីក្នុង  រថយន្តសំដៅលើបុរសម្នាក់បណ្តាលឱ្យស្លាប់នៅក្បែរសាលា IU តាមផ្លូវលេខ១០១១ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

លោកវរសេនីយ៍ឯក ហ៊ួ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានប្រាប់បណ្តាញ​សារព័ត៌មានក្នុងករណីនេះថា បុរសដែលគេបាញ់ស្លាប់គឺជាមុខសញ្ញាត្រូវកម្លាំងនគរបាល​ព្រហ្មទណ្ឌរាជធានីភ្នំពេញដេញតាមចាប់ខ្លួន ខណៈរូបគេបានព្យាយាមជិះម៉ូតូគេចពី​សមត្ថកិច្ចជាច្រើនផ្លូវ។

លោកអធិការបានបន្តថា លុះមកដល់កន្លែងកើតហេតុខាងលើ ដោយឃើញសមត្ថកិច្ចដេញ​យ៉ាងដូច្នេះ ទើបអ្នកដំណើរកំពុងជិះក្នុងរថយន្តមិនស្គាល់ម៉ាកមួយគ្រឿង​បានដកកាំភ្លើង​បាញ់បុរសដែលសមត្ថកិច្ចកំពុងតាមចាប់នោះបណ្តាលឱ្យស្លាប់ភ្លាម។បន្ទាប់មកម្លាំង​ជំនាញរបស់លោកកំពុងតែឆែកមើលកាមេរ៉ាសុវត្ថិភាពដើម្បីរកខ្មាន់កាំភ្លើងក្នុងការបាញ់​ប្រហារនេះ៕ដោយ៖វិចិត្រ