សន្ដិសុខសង្គម

ព័ត៌មានបន្ថែមៈព្រះសង្ឃ៥១អង្គនៅវត្តខ្នាចរមាសដែលមានបញ្ហានោះរកឃើញមានជំងឺគ្រុនឈាម៧អង្គ

ដោយ៖ ព្រះអង្គខ្មៅ

បាត់ដំបង៖ ព្រះសង្ឃគង់ក្នុងវត្តខ្នាចរមាស ខេត្តបាត់ដំបង មានបញ្ហាថប់ដង្ហើម និងក្តៅព្រះកាយខ្លាំង និងមធ្យមកើនឡើងដល់ ៥១អង្គនៅរសៀលថ្ងៃនេះ គ្រូពេទ្យរកឃើញមានជំងឺគ្រុនឈាមចំនួន ៧អង្គ។

យោងតាមបញ្ជាក់របស់មន្ត្រីសង្ឃដែលគ្រប់គ្រងក្នុងវត្តខ្នាចរមាស នៅរសៀលថ្ងៃទី ០២ ខែវិច្ឆកា ឆ្នាំ ២០២២បានឲ្យដឹងថា ព្រះសង្ឃគង់នៅក្នុងវត្តដែលភាគច្រើនមានព្រះជន្មចន្លោះពី ១៥ ដល់ ១៨វស្សា ក្រោយមានអាការ:ថប់ដង្ហើម និងក្តៅព្រះកាយខ្លាំង ហើយបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកកាលពីព្រឹកមិញមានចំនួន ២១អង្គ។ ប៉ុន្តែ ដោយស្ថិតក្រោមការយកចិត្តទុកដាក់តាមដានរបស់មន្ត្រីសុខាភិបាលស្រុក ក្រុមគ្រូពេទ្យបានចុះទៅពិនិត្យដល់ទីតាំងវត្តខាងលើបន្តទៀត បានរកឃើញព្រះសង្ឃដែលមានអាការ:ដូចៗគ្នាចំនួន ២៩អង្គបន្ថែមទៀត នាំឲ្យតួលេខសរុបកើនដល់ចំនួន ៥១អង្គ កំពុងស្ថិតក្រោមការតាមដាន និងព្យាបាលបណ្តើរៗ។

ចំណែកមន្ត្រីមណ្ឌលសុខាភិបាលប្រចាំការពិនិត្យព្យាបាលនៅក្នុងវត្តខ្នាចរមាសផ្ទាល់បានអះអាងថា ចំពោះមុខនេះក្រុមគ្រូពេទ្យកំពុងព្យាបាលដល់ព្រះសង្ឃដែលមានសុខភាពខុសពីប្រក្រតី រួមទាំងព្រះសង្ឃដែលមានផ្ទុកជំងឺគ្រុនឈាមដែលរកឃើញចំនួន ៧អង្គរួចមក និងកំពុងបន្តការតាមដានលើព្រះសង្ឃផ្សេងៗទៀត។

មន្ត្រីជំនាញខាងលើបន្ថែមទៀតថា កត្តាដែលង្កឲ្យកើតមានករណីឆ្លងនូវជំងឺគ្រុនឈាមលើព្រះសង្ឃនេះ ដោយសារកត្តាមួយចំនួនព្រោះជារដូវកាលប្រឈមកើតឡើងនូវជំងឺនានា អាកាសធាតុប្រែប្រួលងាយឆ្លងនូវជំងឺផ្លូវដង្ហើម ផ្តាសាយ ពិសេសជំងឺគ្រុនឈាម ម្យ៉ាងទៀតជារដូវមានទឹកភ្លៀងធ្លាក់ច្រើនទៀត ស្របគ្នានិងនៅតាមមូលដ្ឋានមានព្រៃស្តុកក្រាស់ៗ ទឹកដក់តាមទីទំនាប ក្នុងកំប៉ុង សម្បកកង់ម៉ូតូ ឡានដែលជាជម្រកសត្វមូសខ្លាយ៉ាងប្រសើរ ទើបជាឱកាសនាំឲ្យកកើតនូវសត្វមូសខ្លាចេញមកខាំចម្លងគ្នាពីមនុស្សម្នាក់ ទៅមនុស្សម្នាក់បន្តបន្ទាប់ដូចនេះ៕