កីឡា

ការ​វាយ​បក​ដ៏​អស្ចារ្យ ជួយ​ឱ្យ​ Spurs ឡើង​វគ្គ​ ១៦ក្រុម នៅ​អឺរ៉ុប

ជំនួយការគ្រូបង្វឹករបស់​ក្រុម​ Tottenham Hotspur (Spurs) លោក Cristian Stellini បានសុំឱ្យក្រុមរបស់គាត់យក​កម្លាំង​ជំរុញ​ចិត្ត​ពីការទម្រង់​លេង​ ក្នុងវគ្គទី២ របស់ពួកគេ ទល់​នឹងក្រុម Marseille បន្ទាប់ពីការ​វាយ​បក​យក​ជ័យជម្នះ ២-១ នៅ​ប្រទេសបារាំង បានធ្វើឱ្យពួកគេឡើងទៅវគ្គ ១៦ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League ក្នុងនាមជាក្រុមលេខ​ ១ ក្នុង​ពូល កាលពីថ្ងៃអង្គារ។

ក្រុម Spurs ត្រូវការមាន​ពិន្ទុជាចាំបាច់ ដើម្បីទទួលបានកៅអីមួយ ក្នុង​ការ​ចាប់ឆ្នោត នៅ​ថ្ងៃចន្ទក្រោយនេះ​ សម្រាប់វគ្គ​ចាញ់ធ្លាក់​ជុំ​ទី១ ហើយ​ការ​មាន​ជ័យ​ជម្នះ ប្រាកដណា​ស់ នឹងបាន​ធ្វើ​ដំណើរ​ទៅ​មុខ ក្នុង​នាម​ជា​ក្រុម​លេខ ១ នៃ​ពូល ​D ប៉ុន្តែពួកគេបានភា្លត់​តាមពីក្រោយ រហូត​ដល់​ឈប់​សម្រាក​វគ្គ​ទី ១ ដោយ​សារ​គ្រាប់​បាល់​របស់​កីឡាករ Chancel Mbemba សម្រាប់​ហ្គេម នៅ​ឯ​កីឡដ្ឋាន Velodrome នេះ​។

តែក្រុមទៅ​ពី​ក្របខ័ណ្ឌ Premier League អង់គ្លេស ត្រូវបានកែប្រែ​ បន្ទាប់ពីការសម្រាកនោះ ខណៈដែលខ្សែ​ការ​ពារ Clement Lenglet បានតែតបាល់បញ្ចូលទីឱ្យ​ក្រុម​ភ្ញៀម​តាម​ស្មើ នៅនាទីទី៥៤ មុនពេលខ្សែបម្រើ Pierre-Emile Hojbjerg ធ្វើ​បានសម្រេច​​នូវ​គ្រាប់​បាល់ជ័យជម្នះយ៉ាងពិសេស​អស្ចារ្យ នៅនាទីទី៩០+៥។

គ្រាប់បាល់នោះ បានជួយ​ឱ្យក្រុម Spurs ឡើង​ទៅ​នៅ​ពី​លើ​ក្រុម Eintracht Frankfurt ដែលបានឈ្នះក្រុម​ម្ចាស់ផ្ទះ Sporting Lisbon ២-១ និងឆ្លង​ទៅ​វគ្គ​បន្ទាប់​ដែរ ក្នុង​ចំណាត់​ថ្នាក់​លេខ ១ ហើយបានរុញ​ក្រុម​ Marseille ឱ្យទៅ​នៅបាតតារាង និងធ្លាក់ចេញពីការ​ប្រកួត​ប្រជែង នៅ​អឺរ៉ុបតែ​ម្ដង។

លោក Stellini ដែល​កំពុង​បំពេញ​តួនាទី​ជា​អ្នក​ចាត់​ការ​ ដោយសារ​​លោក Antonio Conte ជាប់​ពិន័យ បាន​និយាយ​ថា៖ «វា​មាន​ភាព​ពិបាក​ក្នុង​វគ្គ​ទី​១ ប៉ុន្តែ​យើង​មិន​បាក់​ទឹក​ចិត្ត​ទេ យើង​នៅតែបន្ត​ការ​ប្រកួត​ប្រជែង។ វា​ជា​គ្រាប់​បាល់​ដ៏​អាក្រក់ ​ដែល​យើងបាន​ភ្លាត់​ឱ្យ​កើតឡើង ​ដោយ​សារ​ពួក​គេ​បាន​ទាត់​បាល់​​ជ្រុង​យ៉ាង​លឿន ហើយ​យើង​មិន​ទាន់​បាន​ត្រៀម​ខ្លួននៅ​ឡើយ។ នេះ​ជា​មេរៀន​ដ៏​សំខាន់​មួយសម្រាប់​ពេល​ខាង​មុខ ប៉ុន្តែ​នៅ​វគ្គ​ទី ២ អ្វី​ៗ បាន​ផ្លាស់​ប្ដូរ​»៕