ព័ត៌មានជាតិ

អាជ្ញាធរខេត្តស្ទឹងត្រែងចាត់វិធានការលើអ្នកលក់ដូរតាមផ្លូវសាធារណៈ

ស្ទឹងត្រែង៖នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២នេះ អាជ្ញាធរខេត្តស្ទឹងត្រែងបានចាត់ វិធានការ រៀបចំសណ្តាប់ធ្នាប់លក់ដូរអនាធិបតេយ្យលើផ្លូវសាធារណៈក្នុងបរិវេណ ផ្សារសាមគ្គី។

មន្ត្រីចុះអនុវត្តបានឱ្យដឹងថា កន្លងមកនេះនៅតាមផ្លូវសាធារណៈមានការលក់ដូរ បន្លែត្រីសាច់គ្រប់ប្រភេទនៅតាមដងផ្លូវដោយអនាធិបតេយ្យ បង្កឱ្យប៉ះពាល់ដល់ សណ្តាប់ធ្នាប់ក្រុងស្ទឹងត្រែង និងមានការរិះគន់ពីមហាជន។

គណៈកម្មការផ្សារក៏ដូចជាអាជ្ញាធរ បានចុះអនុវត្តរៀបចំសណ្ដាប់ធ្នាប់ឱ្យបានល្អ មានសោភ័ណភាព ធានាបានសន្តិសុខសុវត្ថិភាពប្រកបដោយអនាម័យនិងណែនាំ ដល់ពលរដ្ឋនិងអាជីវករផ្សារដែលលក់ដូរនៅផ្សារសាមគ្គីស្ទឹងត្រែងត្រូវអនុវត្តតាមប្រការមួយចំនួន។

ទី១.អាជីវករលក់ដូរក្នុងផ្សារនិងជុំវិញផ្សារទាំងអស់ ត្រូវដាក់តាំងលក់ទំនិញអីវ៉ាន់សម្ភារ ផលិតផលគ្រប់ប្រភេទត្រឹមគំនូសដែលមានស្រាប់ ឬត្រឹមទំហំតូបរានស្តង់ ។ទី២.ចំពោះពលរដ្ឋលក់ដូរទាំងអស់មិនអនុញ្ញាតឱ្យបន្តលក់អនាធិបតេយ្យទៀតទេ ហើយត្រូវរកទីតាំងលក់ដូរដោយខ្លួនឯង។ទី៣.ម្ចាស់ម៉ូតូគ្រប់ប្រភេទដែល បានចតគ្មានសណ្តាប់ធ្នាប់ជុំវិញផ្សារ ឬទុកក្នុងផ្សារ មិនអនុញ្ញាតឱ្យចតទៀតទេ​ ត្រូវយកម៉ូតូទៅផ្ញើនៅទីតាំងផ្ញើម៉ូតូរបស់ផ្សារ។

សេចក្តីជូនដំណឹងនេះ បានចាប់អនុវត្តចាប់ពីថ្ងៃទី៣១ ខែតុលាឆ្នាំ២០២២តទៅ៕ដោយ:សុខុម