ព័ត៌មានជាតិ

ចម្លាក់តោថ្មបុរាណ២ នឹងឈរបង្អួតរាងនៅកំពង់ទឹកផ្នែកខាងជើងនៃស្ពានហាលមុខប្រាសាទអង្គរវត្តឡើងវិញ

សៀមរាប៖ ក្រុមអ្នកអភិរក្សថ្ម របស់អាជ្ញាធរជាតិអប្សរា កំពុងប្រើបច្ចេកទេសពង្រឹងនិង ជួសជុលរូបចម្លាក់តោថ្មបុរាណចំនួន២ ដែលមានទម្ងន់ជាង៣តោន កម្ពស់ជាង២ម៉ែត្រ ឱ្យវិលទៅរកសភាពដើមឡើងវិញ ដែលគេរំពឹងថាចម្លាក់តោថ្មទាំងពីរនេះអាចនឹងបង្ហាញ វត្តមាននៅកន្លែងដើមរបស់វាឡើងវិញនៅពេលឆាប់ៗ។

ចម្លាក់តោទាំងគូនេះ ធ្លាប់ឈរតាំងនៅកំពង់ទឹកផ្នែកខាងជើងនៃស្ពានហាលមុខប្រាសាទ អង្គរវត្តតាំងតែពីសម័យបុរាណនៃការកសាងប្រាសាទមកម៉្លេះ។

ប្រធានក្រុមការងារអភិរក្សថ្មនៃនាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យា លោក ឡុង ណារី មានប្រសាសន៍ថា ចម្លាក់តោថ្មទាំងគូនេះ មានសភាពទ្រុឌទ្រោម បែកបាក់រូបរាង ជាអន្លើនៅផ្នែកជើងទម្រ ជើង ទ្រូង និងផ្នែកខាងក្រោយជាដើម។នៅសម័យបារាំង ចម្លាក់តោនេះធ្លាប់បានជួសជុលដោយប្រើស៊ីម៉ងត៍ និងដែកបិទភ្ជាប់ដើម្បីឱ្យមានលំនឹង និងឱ្យអាចឈរបានតែប៉ុណ្ណោះ  ប៉ុន្តែក្រោយមកវាក៏បានបែកបាក់ជាបន្តបន្ទាប់ តាមអាយុកាលរបស់ស៊ីម៉ងត៍។

លោក ឡុង ណារី មានប្រសាសន៍ទៀតថា ក្រុមការងាររបស់លោក បានជួសជុលចម្លាក់តោ ទាំងពីរនេះតាំងតែពីខែមេសា ឆ្នាំ២០២២ រហូតដល់ពេលនេះរយៈពេល៦ខែហើយ។ ដំណាក់កាលដំបូង ក្រុមការងារបានរៀបចំឯកសារ និងប្រមូលបំណែកតូចធំរបស់ ចម្លាក់ដើមមកផ្គុំគ្នាឡើងវិញ។ក្រោយពីក្រុមការងារបានចំណាយពេលជាង៦ខែ ជួសជុលចម្លាក់តោទាំងគូនេះដោយជួសជុលជើងទម្រ ជើង ដងខ្លួន និងផ្នែកផ្សេងៗរបស់វា គឺធ្វើឱ្យមានភាពរឹងមាំឡើងវិញហើយ។

ចម្លាក់តោថ្មបុរាណនេះ ត្រូវបានគេយកចេញពីទីតាំងដើមនៃកំពង់ទឹកផ្នែកខាងជើង នៃស្ពានហាលចូលប្រាសាទអង្គរវត្តតាំងពីឆ្នាំ១៩៩៧ ទៅរក្សាទុកនៅអភិរក្សដ្ឋានអង្គរ។

ក្រុមអ្នកជំនាញផ្នែកអភិរក្សថ្ម រំពឹងថា ក្រោយពីឃ្លាតចាកឆ្ងាយពីទីតាំងដើម អស់រយៈពេល ២៥ឆ្នាំមកនោះ រូបចម្លាក់តោថ្មទាំងពីរអាចនឹងវិលត្រឡប់ទៅ បង្ហាញខ្លួននៅកន្លែងដើម ឡើងវិញដោយរក្សាបាននូវទម្រង់ដើម ការលើកតម្លៃ និងបង្កើនសោភ័ណភាពនៅកំពង់ទឹក ស្ពានហាលរបស់ប្រាសាទអង្គរឡើងវិញនៅដើមខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ ៕