ចំណេះដឹង

តើកាហ្វេខ្មៅដាក់ក្រូចឆ្មារផ្តល់ផលប្រយោជន៍សុខភាពពិតឬក៏អត់?

ដោយ៖ឧត្តម

កន្លងមកនេះមានមនុស្សមួយចំនួនបានយល់ឃើញថាកាហ្វេខ្មៅដាក់ក្រូចឆ្មារបានផ្តល់ផលប្រយោជន៍ចំពោះសុខភាពដូចជាកាត់បន្ថយទម្ងន់ឬជួយផ្នែកណាមួយដល់សុខភាពជាដើម។

  • តើការយល់ឃើញនេះពិតឬទេ?

តាមការស្រាវជ្រាវបានបង្ហាញថា សារជាតិ កាហ្វេអ៊ីនក្នុងកាហ្វេបានជួយក្នុងការជំរុញដល់ការដុតបំផ្លាញថាមពលក្នុងរាងកាយបាន ហើយក្នុងនេះចំពោះអ្នកដែលផឹកកាហ្វេខ្មៅជាប្រចាំជួយជំរុញដល់ការដុតបំផ្លាញថាមពលក្នុងរាងកាយ។ក្រៅពីនេះបើមានផ្គួបផ្សំជាមួយការហាត់ប្រាណផងនឹងជួយកាត់បន្ថយសារជាតិខ្លាញ់ក្នុងរាងកាយបានច្រើនថែមទៀត។សម្រាប់សារជាតិកាហ្វេអ៊ីននៅជួយបញ្ចេញទឹកនោមដែលសេសល់ក្នុងរាងកាយ បញ្ចេញសារជាតិទឹកក្នុងរាងកាយ កាត់បន្ថយអាការហើមបានមួយផ្នែក។ជាមួយគ្នាកាហ្វេខ្មៅក៏នៅជួយអាចបញ្ចុះទម្ងន់បានមួយផ្នែកផងដែរ។

ចំណែកផលប្រយោជន៍របស់ក្រូចឆ្មារវិញ ដោយកាលពីឆ្នាំ ២០១៩គេបានរកឃើញថា អាស៊ីតជាច្រើនប្រភេទក្នុងក្រូចឆ្មារអាចជួយជំរុញដល់រាងកាយឱ្យក្នុងការរំលាយអាហារ ឱ្យធ្វើការងារបានល្អ។សម្រាប់សំបកក្រូចឆ្មារនៅមានក្លិនជួយឱ្យយើងមានអាមរម្មណ៍ស្រស់ស្រាយ និងជួយកាត់បន្ថយអាការតានតឹងអារម្មណ៍។

ហេតុនេះការផឹកកាហ្វេជួយបញ្ចុះទម្ងន់ និងបញ្ចុះខ្លាញ់ក្បាលពោះបានពិតមែនឬទេ?

តាមការស្រាវជ្រាវហើយរហូតមកដល់ពេលនេះគេពុំទាន់ឃើញភស្ថុតាងណាមួយពីការផឹកកាហ្វហើយផ្តល់ផលប្រយោជន៍ក្នុងការបញ្ចុះទម្ងន់និងបញ្ចុះក្បាលពោះពិតប្រាកដឡើយ។

កាហ្វេខ្មៅដាក់ក្រូចឆ្មារជួយកាត់បន្ថយអាការឈឺក្បាលមួយចំហៀងបានពិតឬទេ?

ក្រុមអ្នកស្រាវជ្រាវបានឱ្យដឹងថាយោងតាមការស្រាវជ្រាវកន្លងមកសារជាតិកហ្វេអ៊ីនអាចជួយកាត់បន្ថយអាការឈឺក្បាលមួយចំហៀងបាន ប៉ុន្តែសម្រាប់ក្រុមមនុស្សមួយចំនួនទៀតការផឹកកាហ្វេត្រឡប់ជាបង្កឱ្យអាការឈឺក្បាលធ្ងន់ធ្ងរទៅវិញ។

ទោះការផឹកកាហ្វេផ្តល់ផលប្រយោជន៍មួយចំនួនដល់រាងកាយពិតមែន តែក៏យើងត្រូវប្រុងប្រយ័ត្នចំពោះក្រុមមនុស្សមួយចំនួនដែលមានអាការរោគជំងឺជាប់ខ្លួនដូចជា៖អ្នកដែលមានសារជាតិអាហារច្រើនក្នុងក្រពះមិនគួរផឹកកាហ្វេដាក់ក្រូចឆ្មារដែរព្រោះទាំងកាហ្វេនិងក្រូចឆ្មារនឹងអាចជួយបន្ថែមសារជាតិអាស៊ីតក្នុងក្រពះ ហើយដែលបង្កអាការកាន់តែធ្ងន់ធ្ងរឡើង។

ក្រៅពីនេះត្រូវចងចាំថា ការផឹកកាហ្វក្នុងបរិមាណច្រើន និងជាប់គ្នារយៈពេលយូរបង្កឱ្យញៀនហើយតែងបង្កឱ្យកើតអាការញ័រដៃ កើតអាការតប់ប្រម៉ល់ ឈឺក្បាលនៅពេលមិនបានផឹកកាហ្វេជាដើម។ជាមួយគ្នាត្រូវចងចាំថាការផឹកកាហ្វេច្រើននឹងធ្វើឱ្យពិបាកក្នុងការដេកលង់លក់ និងងងុយដេកនៅពេលថ្ងៃ និងកើតអាការប្រឈមនឹងការរលូតបុត្រថែមទៀត។

សម្រាប់អ្នកដែលមានរោគប្រចាំខ្លួនពិសេស ជំងឺលើសឈាម រោគបេះដូង រោគអាស៊ីតច្រាលក្នុងក្រពះ ដំបៅក្នុងក្រពះគួរពិភាក្សាជាមួយគ្រូពេទ្យជំនាញ មុននឹងផឹកកាហ្វេដាក់ក្រូចឆ្មារថាបានឬក៏អត់ចៀសវាងប្រឈមគ្រោះថ្នាក់ដល់សុខភាព។

ជាសរុបគ្រូពេទ្យជំនាញបានឱ្យដឹងថា៖កាហ្វេខ្មៅដាក់ក្រូចឆ្មារមិនផ្តល់ផលប្រយោជន៍ដល់ការបញ្ចុះទម្ងន់ទេ។ទោះបីយ៉ាងណាកាហ្វេខ្មៅដាក់ក្រូចឆ្មារក៏ផ្តល់ផលប្រយោជន៍មួយចំនួនដល់រាងកាយដែរប៉ុន្តែក៏មិនគួរផឹកច្រើនហួសហេតុនាំគ្រោះថ្នាក់សុខភាពវិញ និងមនុស្សមួយចំនួនដែលកើតរោគជំងឺក៏ចៀសវាងផឹកកាហ្វេខ្មៅដាក់ក្រូចឆ្មារនេះដូចគ្នា៕

ប្រែសម្រួលចេញពី ឯកសារបរទេស