សេដ្ឋកិច្ច

កម្ពុជា នឹង​នាំ ម្រេច ត្រី​ធម្មជាតិ និង​ជលផល​រស់ ពី​កម្ពុជា​ចូលទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន​

​ភ្នំពេញ​៖ លោក ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នឹង​ចុះ​ហត្ថ​លេខ​ជាមួយ​អគ្គ​រដ្ឋបាល​គយ​ប្រទេស​ចិន ដើម្បី​បើកផ្លូវ​នាំចេញ ម្រេច ត្រី​ធម្មជាតិ និង​ជលផល​រស់ ពី​កម្ពុជា​ចូលទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន​។​នេះ​បើតាម​លោក ហ៊ាន វណ្ណ​ហន រដ្ឋលេខា ធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។​

​លោក ហ៊ាន វណ្ណ​ហន បាន​ឱ្យដឹងថា​៖​កិច្ចព្រមព្រៀង​នេះ​នឹង​ចុះហត្ថលេខា​ក្នុង​ខែវិច្ឆិកា ឆ្នាំ​២០២២ បន្ទាប់ពី​ទទួលបាន​សិទ្ធិ​ប្រទាន​។ កម្ពុជា​ត្រូវគោរព​តាម​លក្ខខណ្ឌ​ភូតគាម​អនាម័យ ក្នុងការ​នាំចេញ ម្រេច ត្រី​ធម្មជាតិ និង​ជលផល​រស់ ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​។

​លោក​បាន​ឱ្យដឹងទៀតថា​៖​ក្រៅពី​កិច្ចព្រមព្រៀង​ខាងលើ លោករដ្ឋមន្ត្រី ឌិ​ត ទីណា នឹង​ចុះហត្ថលេខា​ចំនួន​២​បន្ថែមទៀត ជាមួយ​ក្រសួង​កសិកម្ម និង​ការងារ​ជនបទ​ចិន ដើម្បី​ទទួល​ជំនួយ​វ៉ាក់សាំង​សត្វ​។ លើសពីនេះ ក៏មាន​កិច្ចសហប្រតិបត្តិការ​លើ​ការងារ​ប​សុ​ឧស​ថ ប​សុ​ជីវសាស្ត្រ និង​អាហា​បន្ថែម​សម្រាប់​សត្វ​ផងដែរ​។​

​គួរបញ្ជាក់​ផងដែរ​ថា កន្លងមក កម្ពុជា ក៏​ធ្លាប់បាន​នាំចេញ​ផលិតផល​កសិកម្ម​ចំនួន ៣៥​មុខ​ទៅកាន់​ទីផ្សារ​ចិន ខណៈ​មៀន​ប៉ៃលិន នឹងត្រូវ​នាំចេញ​ទៅ​ចិន ក្នុងពេល​ឆាប់ៗ​ខាងមុខ​៕ ដោយៈសិរីមតី