កីឡា

Gerrard ត្រូវបានបញ្ចប់តំណែង ក្រោយ Villa ចាញ់ Fulham

លោក Steven Gerrard ត្រូវបានបញ្ចប់តួនាទីជាអ្នកចាត់ការរបស់ក្រុម Aston Villa ហើយ ដោយការសម្រេចនេះ កើតឡើងមិនដល់ ២ម៉ោងផង បន្ទាប់ពីក្រុមដែលកំពុងត្រដាបត្រដួសរបស់គាត់ បានរងបរាជ័យ ក្នុងលទ្ធផល ៣-០ នៅឯទឹកដីរបស់ក្រុម Fulham កាលពីថ្ងៃព្រហស្បតិ៍។

លោក Gerrard ទទួលបានផលតបស្នងហើយ សម្រាប់ការចាប់ផ្តើមដ៏អាក្រក់របស់ក្រុម Villa នារដូវកាលនេះ ដែលឃើញថា ក្រុមកំពុងមានចំណាត់តែ ១លេខប៉ុណ្ណោះពីលើក្រុម ដែលត្រូវកាត់ចេញពីក្របខ័ណ្ឌ Premier League។

ក្រុម Villa បានឈ្នះការប្រកួតតែ ២លើកប៉ុណ្ណោះ ក្នុងចំណោម ១១ហ្គេមរបស់ពួកគេ ក្នុងរដូវកាលនេះ ហើយការរងបរាជ័យ នៅទឹកដី Craven Cottage បានបង្ហាញពីដំណាក់ចុងក្រោយសម្រាប់ លំដាប់តំណែងរបស់ក្លិប ខណៈដែលពួកគេបានសម្រេចចែកផ្លូវជាមួយលោក Gerrard បន្ទាប់ពីដឹកនាំបានត្រឹមតែ ១១ខែ។ លោក Gerrard និងកីឡាកររបស់ខ្លួន ត្រូវបានអ្នកគាំទ្រ ដែលពេញដោយការខឹងសម្បារបស់ក្រុម Villa ស្រែកហ៊ោចំអក ពេលម៉ោង ៩០នាទីត្រូវបានបញ្ចប់ ខណៈដែលការចាញ់ នៅផ្ទះរបស់ Fulham នេះ បានធ្វើឱ្យពួកគេបន្តដំណើរមិនឈ្នះសោះដល់ទៅ ៤ហ្គេម។

ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ក្លិប Villa បានប្រកាសថា៖ «ក្លិបបាល់ទាត់ Aston Villa អាចធ្វើការបញ្ជាក់បានថា គ្រូបង្វឹកលោក Steven Gerrard បានចាកចេញពីក្លិបហើយ ដោយមានប្រសិទ្ធភាពភ្លាមៗ។ យើងសូមថ្លែងអំណរគុណដល់លោក Steven សម្រាប់ការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់គាត់ ហើយសូមជូនពរឱ្យគាត់ទទួលបានជោគជ័យ នាពេលអនាគត»។

លោក Gerrard ដឹកនាំក្រុម Villa ឱ្យបញ្ចប់នូវចំណាត់ថ្នាក់លេខ ១៤ នារដូវកាលមុន បន្ទាប់ពីបានមកបំពេញតួនាទី ក្នុងកិច្ចសន្យារយៈពេល ៣ឆ្នាំកន្លះ ក្រោយសម្រេចចាកចេញពីក្រុម Rangers ដើម្បីមកជំនួសលោក Dean Smith ដែលត្រូវបានក្លិបដកតំណែង ក្នុងខែវិច្ឆិកាឆ្នាំមុន។

និយាយនៅឯសន្និសីទសារព័ត៌មាន ក្រោយការប្រកួត បន្ទាប់ពីហ្គេមទល់នឹងក្រុម Fulham នេះ លោក Gerrard បានប្តេជ្ញាធ្វើយ៉ាងណាសង្គ្រោះការងាររបស់ខ្លួនឱ្យបាន ប៉ុន្តែប៉ុន្មាននាទី បន្ទាប់ពីការ និយាយជាមួយប្រព័ន្ធផ្សព្វផ្សាយនោះ ក្លិប Villa បានប្រកាសបញ្ចប់តំណែងគ្រូបង្វឹករបស់លោក៕