សេដ្ឋកិច្ច

អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​-​អង្គរ​ថ្មី សម្រេចការ​សាងសង់​៤០%និងដំណើរការ​ជា​ផ្លូវការ​នៅ​ខែតុលាឆ្នាំក្រោយ

ភ្នំពេញ​៖ គម្រោង​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​-​អង្គរ​ថ្មី បានសម្រេច​ការសាងសង់​បាន​ប្រមាណ​៤០% គិត​មកដល់ពេលនេះ​និង​ឈានទៅ​សម្រេច​ការសាងសង់​ទាំងស្រុង​នៅក្នុង​ខែមីនា​ឆ្នាំ​២០២៣ ដើម្បី​ត្រៀម​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នៅ​ខែតុលា នៅ​ឆ្នាំក្រោយ​។

​លោក តឹក​រ៉េត សំរេច រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី និង​ជា​ប្រធាន​គណៈកម្មការ​តម្រង់ទិស សម្រាប់​ការសាងសង់​អាកាសយាន​ដ្ឋា​ន​អន្តរជាតិ​សៀមរាប​-​អង្គរ បានឱ្យដឹងថា​៖​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​-​អង្គរ នឹង​ឈាន​ទៅ​សម្រេចការ​សាងសង់​ឱ្យបាន​៧០%​នៅ​ដំណាច់​ឆ្នាំនេះ និង​សម្រេច​ការសាងសង់ ១០០%​នៅ​ខែមីនា ឆ្នាំ​២០២៣និង​រៀបចំ​ប្រតិបត្តិការ ត្រៀម​ដាក់​ដំណើរការ​ជា​ផ្លូវការ នៅ​តុលា ឆ្នាំ​២០២៣​។​

​ក្នុងឱកាស​អញ្ជើញ​ត្រួតពិនិត្យ​វឌ្ឍនភាព នៃ​ការសាងសង់​អាកាសយាន​ដ្ឋា​ន​អន្តរជាតិ​សៀមរាប​-​អង្គរ កាលពីដើម​សប្តាហ៍​នេះ​៖​លោក តឹក​រ៉េត សំរេចបាន​បញ្ជាក់ថា​ដំណើរការ​សាងសង់​អាកា​ស​យានដ្ឋាន​អន្តរជាតិ​នេះ មិនមាន​ចោទ​ជា​បញ្ហា​នោះទេ ដោយ​គ្រាន់តែ​យឺត​ជា​ផែន​តិចតួច​ប៉ុណ្ណោះ ដោយសារតែ​សម្ភារៈ និង​ឧបករណ៍ ដែល​បញ្ជា​ទិញ​ពី​ចិន​មិនទាន់​មកដល់​កម្ពុជា​។​

គួររម្លឹកថា​៖​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​-​អង្គរ បានចាប់ផ្តើម​សាងសង់​កាលពី​ខែមីនា ឆ្នាំ ២០២០ ដោយ​ក្រុមហ៊ុន Angkor International Airport Investment (Cambodia)Co.,Ltd(AIAI) ក្រោម​ទុនវិនិយោគ​ប្រមាណ ៨៨០ លាន​ដុល្លារ​។ អាកាសយាន​ដ្ឋាន​​អន្តរជាតិ​នេះ​បាននិងកំពុង​ដំណើរកា​រ​សាងសង់​លើ​ផ្ទៃដី​ប្រមាណ​ជា ៧០០​ហិកតា ស្ថិតនៅ​ក្នុងភូមិ​ក្រៀល​ពង ឃុំ​ពពេល និង​ភូមិ​ប្រ​វ៉ាល ឃុំ​តា​យ៉ែ​ក ស្រុក​សូទ្រនិគម ខេត្តសៀមរាប ដែលមាន​ចម្ងាយ​ប្រមាណ ៥០​គីឡូម៉ែត្រ ពី​ទីប្រជុំជន​ក្រុង​សៀមរាប និង​ចម្ងាយ ៤០​គីឡូម៉ែត្រ ពី​រមណីយដ្ឋាន​អង្គរ ដែល​ចម្ងាយ​នេះ​មិន​ធ្វើឱ្យប៉ះពាល់​ដល់​តំបន់​ការពារ​បេតិកភណ្ឌ​នោះទេ​។​

​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​-​អង្គរគឺជា​អាកាសយានដ្ឋាន​អន្តរជាតិ​លំដាប់4Eជាមួយ​ផ្លូវបត់​រត់​ប្រវែង៣,៦០០​ម៉ែត្រមាន​សមត្ថ​ភាព​​ឱ្យ​យន្តហោះ​គ្រប់​ប្រភេទ​ចុះចត​បានដោយ​បំពាក់​បច្ចេកវិទ្យា​ថ្មី​បំផុត​សម្រាប់​សុវត្ថិភាពនិង​សន្តិសុខ​ដល់​អ្នកដំណើរ​។អាកា​ស​យាន​ដ្ឋាន​មាន​ចំណត​យន្តហោះ​រហូតដល់​ទៅ​៣៨​។ នៅពេល​ដាក់ឱ្យ​ដំណើរ ដែល​គ្រោង​ធ្វើឡើង​នៅ​ខែតុលា ឆ្នាំ​២០២៣ អាកា​សយានដ្ឋាន​នេះ​អាចមាន​សមត្ថភាព​ទទួល​អ្នកដំណើរ​ប្រមាណ ៧​លាន​នាក់​ក្នុង​មួយឆ្នាំ​។ នៅក្នុង​ដំណាក់កាល​ទី​២ អាច​ទទួល​អ្នកដំណើរ​ដល់១០​លាន​នាក់​ក្នុង​មួយឆ្នាំ ហើយ​ដំណាក់កាល​ទី​៣ អាច​ទទួល​អ្នកដំណើរ​បាន​រហូតដល់២០​លាន​នាក់​នៅក្នុង​មួយឆ្នាំ​៕​ដោយ ៖សិរីមតី