បទវិភាគ

បទវិភាគ៖ ពលរដ្ឋអ៊ុយក្រែនស្នេហាជាតិដើរតួសំខាន់ក្នុងការទប់ទល់សត្រូវឈ្លានពាន

ដោយ ៖ សាស្រ្តាចារ្យ មឿន ឈានណារិទ្ធ

ក្នុងអំឡុងពេលដែលកងទ័ពអធិរាជជប៉ុនចាប់ផ្តើមឈ្លានពានទឹកដីចិនក្នុងឆ្នាំ១៩៣៧ កំហឹងជាតិសាសន៍បានពុះកញ្រោលឡើងក្នុងស្រទាប់យុវវ័យជនជាតិចិន ដែលបានស្ម័គ្រចិត្តជាបន្តបន្ទាប់ ដើម្បីក្រោកឈរទប់ទល់ជាមួយសត្រូវឆ្លងសមុទ្រមកពីភាគខាងកើត។

រយៈពេល៧៧ឆ្នាំក្រោយសង្គ្រាមលោកលើកទី២បានរលត់ទៅ  កងទ័ពអធិរាជជប៉ុនបានដើរតួនាទីសំខាន់ជាកងថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ហើយប្រជាជាតិអាស៊ីមួយនេះក៏មិនបានទៅឈ្លានពានប្រទេសណាទៀតឡើយ។

ផ្ទុយទៅវិញ ប្រទេសមហាអំណាចមួយនៅអឺរ៉ុប ពោលគឺសហព័ន្ធរុស្ស៊ីនេះឯង បែរជាបញ្ជូនកងទ័ពទៅឈ្លានពានប្រទេសអ៊ុយក្រែនដែលមានព្រំដែនជាប់គ្នា ហើយធ្លាប់រួមរស់ក្រោមដំបូលនៃសហភាពសូវៀតតែមួយនោះ។

ទោះបីជាមានប្រជាពលរដ្ឋប្រមា៤៤លាននាក់ ប្រៀបធៀបនឹងប្រជាជនរុស្ស៊ីចំនួន១៤៤លាននាក់ក្តី ជនជាតិអ៊ុយក្រែនមិនបានលើកទង់សសុំចុះចាញ់នោះឡើយ នៅពេលកងទ័ពរុស្ស៊ីចូលឈ្លានពាននោះ។

ដូចជាយុវជនចិនដែលបានក្រោកឈរប្រឆាំងនឹងកងទ័ពអធិរាជជប៉ុន។ ប្រជាពលរដ្ឋអ៊ុយក្រែនបានប្តូរសាច់ស្រស់ឈាមស្រស់ ដើម្បីចូលរួមជាមួយកងទ័ពរបស់ខ្លួនវាយបកតតាំងជាមួយកងទ័ពរុស្ស៊ីឈ្លានពាន។

នៅពេលសង្គ្រាមចាប់ផ្តើម សម្លេងរថពាសដែករុស្ស៊ីបានលាន់រន្ថើនរញ្ជួយធរណី ក្នុងដំណើរក្បួនជាជួរចូលមកទន្រ្ទានទឹកដីអ៊ុយក្រែន។

ជនជាតិអ៊ុយក្រែនប៉ុន្មានសិបនាក់នៅទីក្រុងអៀពីន និងប៊ូចា បានត្រៀមខ្លួនជាស្រេច ដោយបានសរសេរនៅលើឡានក្រឡុកស៊ីម៉ងត៍ និងប៊ុលដូស័រដាក់ឃាំងផ្លូវថា «ស្វាគមន៍មកកាន់ឋាននរក!»។

ក្រុមជនជាតិអ៊ុយក្រែនទាំងនេះភាគច្រើនស្លៀកខោខូវប៊យ ដែលប្រឡាក់ឈាម ក្នុងនោះរួមមានគ្រូពេទ្យចិត្តសាស្រ្ត ភ្នាក់ងារពន្លត់អគ្គិភ័យ និងអ្នកបើកឡានក្រុង ដែលមិនធ្លាប់ធ្វើសង្គ្រាមពីមុនមកឡើយ។

យុទ្ធជនអ៊ុយក្រែនម្នាក់ដែលធ្លាប់ចូលសមរភូមិកន្លងមក បានព្យាយាមហ្វឹកហាត់អ្នកស្ម័គ្រចិត្តទើបចូលថ្មី ដោយប្រាប់ថា៖ «ចាំមើលខ្ញុំ ហើយចាំធ្វើតាមខ្ញុំ។»

ក្នុងពេលដែលកងរថពាសដែករុស្ស៊ីរៀបឆ្លងស្ពាន យោធាអ៊ុយក្រែន រួមជាមួយជនស៊ីវិលដែលទើបហ្វឹកហាត់ បានបាញ់សម្រុកពីលើទួល ក្នុងការប្រយុទ្ធអូសបន្លាយរយៈពេល៣ម៉ោង។ ក្រោយការប្រយុទ្ធគ្នា រថពាសដែករុស្ស៊ីបានឆេះខ្ទេចខ្ទីស្ទើរតែទាំងអស់ ហើយទាហានរុស្ស៊ីបានស្លាប់ពាសវាល។

សារព័ត៌មាន ឌឹ វ៉លស្រ្ទីត ចឺណល (The Wall Street Journal) ចេញផ្សាយផ្សាយកន្លងមកថ្មីៗនេះ បានគូសបញ្ជាក់ថា ក្នុងប្រវត្តិសង្គ្រាមឈ្លានពានកន្លងមក គេមិននឹកស្មានថាប្រជាពលរដ្ឋសាមញ្ញហ៊ានតទល់ជាមួយកងទ័ពឈ្លានពានទ្រង់ទ្រាយធំបែបនេះសោះ។

សារព័ត៌មានអាម៉េរិកមួយនេះ កត់សំគាល់ថា៖ «ការក្រោកឈរប្រឆាំងសត្រូវឈ្លានពាន ទាមទារនូវក្រុមមនុស្សស្នូលនៅក្នុងភូមិ និងទីក្រុងផ្សេងៗ ដែលមានសេចក្តីក្លាហានគ្រប់គ្រាន់ ក្នុងការប្រយុទ្ធ ជាជាងរត់ភាសខ្លួន។ នៅពេលដែលមានមនុស្សម្នាក់ហ៊ាននៅក្រាញននៀល ហើយចាប់យកអាវុធ ប្រជាជនដទៃនៅក្នុងសហគមន៍ក៏ចាប់ផ្តើមមានកម្លាំងចិត្ត។»ស្មារតីស្នេហាជាតិ និងទឹកចិត្តក្លាហាននេះ បានឆ្លុះបញ្ចាំងនៅក្នុងប្រទេសអ៊ុយក្រែនបច្ចុប្បន្ននេះ ជាពិសេសនៅក្នុងឃ្លាមួយនៃបទចម្រៀងគោរពទង់ជាតិ ដែលចែងថា៖ «ភាពរុងរឿង និងសេរីភាពរបស់អ៊ុយក្រែនមិនទាន់ស្លាប់ទេ។»

តាមពិត ជនជាតិអ៊ុយក្រែនបានព្យាយាមរាប់សតវត្សរ៍មកហើយ ដើម្បីបង្កើតប្រទេសឯករាជ្យមួយដែលឡោមព័ទ្ធដោយមហាអំណាចនានា ដូចជាអតីតចក្រភពរុស្ស៊ីជាដើម។

ក្នុងការទប់ទល់ជាមួយកងព័ទរុស្ស៊ីឈ្លានពាន ប្រជាពលរដ្ឋអ៊ុយក្រែនបានបង្កើតជាក្រុមតូចៗ ហើយព្យាយាមបំពាក់អាវុធនានាដែលអាចរកបាន ហើយលទ្ធផលគួរឱ្យអស្ចារ្យនៅក្នុងសង្រ្គាមសម័យទំនើប ពោលគឺចលនាប្រជាពលរដ្ឋសហការគ្នាជាមួយកងទ័ពជាតិ។

លោក យ៉ារ៉ូស្លាវ ហុនចា (Yaroslav Honchar) ប្រធានក្រុមប្រជាពលរដ្ឋផលិតដ្រូនប្រដាប់អាវុធ និយាយថា៖ «ពួកយើងដូចជាឃ្មុំមួយសំបុកអីចឹង។ ឃ្មុំមួយគ្មានបានការអ្វីឡើយ ប៉ុន្តែឃ្មុំមួយពាន់អាចកម្ចាត់សត្រូវធំមួយ។»

សារព័ត៌មាន ឌឹ វ៉លស្រ្ទីត លើកឡើងថា៖ «ទោះបីជាមិនទាន់ត្រូវបានគេឱ្យតម្លៃពេញលេញនៅឡើយក្តី ទាហានពលរដ្ឋទាំងនេះសហការជាមួយទាហានសកម្ម បានធ្វើឱ្យពួកទទួលបានជ័យជំនះលើសមរភូមិជាច្រើន ហើយអាចរក្សាឋានៈអ៊ុយក្រែនជាប្រជាជាតិឯករាជ្យមួយ រហូតដល់ពេលនេះ។»

ពេលដែលឃើញប្រជាពលរដ្ឋអ៊ុយក្រែនមានជំហររឹងមាំបែបនេះក្នុងការការពារទីក្រុងគីវ លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskyy) ប្រធានាធិបតីអ៊ុយក្រែន ក៏បានតាំងចិត្តមិនភាសខ្លួនទៅប្រទេសណាមួយឡើយ ហើយព្យាយាមកៀគរការគាំទ្របន្តទៀតពីប្រជាពលរដ្ឋទូទាំងប្រទេស។

ដោយសារអ៊ុយក្រែនអាចទិញសព្វាវុធពីអាម៉េរិក និងអឺរ៉ុប កងទ័ពអ៊ុយក្រែនក៏អាចបណ្តេញកងទ័ពរុស្ស៊ីឈ្លានពានពីភាគខាងកើត និងខាងត្បូងផងដែរ។

ទន្ទឹមនឹងនេះ ខាងភាគីរុស្ស៊ីវិញ រដ្ឋាភិបាលក៏បានព្យាយាមបំផុសស្មារតីជាតិនិយម ក្នុងចំណោមកុមាររុស្ស៊ីនៅតាមសាលារៀនផ្សេងៗ ដោយបំភ្លៃប្រវត្តិសាស្រ្តទាក់ទងនឹងការចូលឈ្លានពានអ៊ុយក្រែន។

រដ្ឋអំណាចរុស្ស៊ីបានបង្ខំឱ្យគ្រូពង្វក់ស្មារតីកូនសិស្ស ដោយចោទប្រកាន់ថាអ៊ុយក្រែនជា «ពួកហ្វាស៊ីស» ហើយរុស្ស៊ីចូលឈ្លានពានអ៊ុយក្រែន ដើម្បី «ការពារខ្លួន»ប៉ុណ្ណោះ។

សារព័ត៌មាន ឌឹ ហ្គាឌាន (The Guardian) របស់អង់គ្លេស បានរាយការណ៍ថា៖ «អ្នកគ្រប់គ្រងនៅតាមសាលារៀន បានពេបជ្រាយចំពោះបទបញ្ជាពីថ្នាក់លើឱ្យបំភ្លៃប្រវត្តិសាស្រ្ត។ ប្រជាពលរដ្ឋស្អប់ពួកយើងខ្លាំងណាស់។»

យោងតាមក្រសួងអប់រំរុស្ស៊ី ការសិក្សាអំពីប្រវត្តិសាស្រ្តបែបថ្មីត្រូវបានគេដាក់ឱ្យរៀនចាប់តាំងពីថ្នាក់ទីមួយទៅ ដោយរដ្ឋមន្រ្តីអប់រំរុស្ស៊ីបានចាត់ទុកប្រទេសអ៊ុយក្រែន និងបែលឡារុស ជាប្រជាជាតិជាបងប្អូន ដែលត្រូវបានរងឥទ្ធិពលពីខាងក្រៅមកបំផ្លាញ។

តាមពិត វាមិនមែនជារឿងដែលគួរឱ្យចម្លែកនោះទេ។ នៅមុនពេលសង្គ្រាមឈ្លានពានប្រទេសចិន សាលារៀនផ្សេងៗនៅក្នុងប្រទេសជប៉ុន ក៏បានបង្រៀនកូនសិស្សរបស់ខ្លួនឱ្យចាត់ទុកជនជាតិចិនជាសត្រូវ  ហើយកុមារជប៉ុនក៏ត្រូវបានគេហ្វឹកហាត់ក្បួនយោធា តាំងតែរៀននៅថ្នាក់បឋមសិក្សាផងដែរ៕