ភ្នំពេញ៖មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា រំពឹងថា កំណើនសេដ្ឋកិច្ចជាតិ នឹងសម្រេចបានក្នុងអត្រាប្រមាណ ៦,០% នៅឆ្នាំ២០២៣ខាងមុខ ខណៈឆ្នាំ២០២២នេះរំពឹងថាសម្រេចបានក្នុងអត្រាកំណើនប្រមាណ ៥,០% ដែលស្របការដាក់ចេញ និង អនុវត្តនូវក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារនិងជំរុញកំណើនសេដ្ឋកិច្ចក្នុការរស់នៅជាមួយកូវីដ១៩តាមគន្លងប្រក្រតីភាពថ្មី។

នៅក្នុងពិធីផ្ទេរតំណែងលោក ឌិត ទីណា ជារដ្ឋមន្ត្រីថ្មីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្មីៗកន្លងទៅនេះ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញ បានមានប្រសាសន៍ថា៖ ការដាក់ចេញ និងអនុវត្តនូវវិធានការរដ្ឋបាល និងសុខាភិបាលប្រកបដោយភាពម៉ឺងម៉ាត់ និងប្រសិទ្ធភាពគួបផ្សំនឹងការអនុវត្តដោយជោគជ័យនូវយុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេសបានធ្វើឱ្យកម្ពុជាសម្រេចបានភាពស៊ាំសហគមន៍កម្រិតខ្ពស់ បានអនុញ្ញាតឱ្យកម្ពុជាបើកសកម្មភាពសង្គម-សេដ្ឋកិច្ចលើគ្រប់វិស័យ មុនប្រទេសជាច្រើននៅក្នុងតំបន់ និងលើសកលលោក ចាប់តាំងពីចុងឆ្នាំ២០២១មក។
លោករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ការដាក់ចេញ និងអនុវត្តនូវក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ២០២១-២០២៣ បានធ្វើឱ្យកំណើនសេដ្ឋកិច្ចកម្ពុជា ងើបឡើងវិញក្នុអាត្រាប្រមាណ ៣% នៅឆ្នាំ២០២១ និង រំពឹងថាសម្រេចបាន ក្នុងអត្រាកំណើនប្រមាណជាង ៥,០% ក្នុងឆ្នាំ ២០២២ និងប្រមាណ ៦,០% ក្នុងឆ្នាំ ២០២៣ខាងមុខ៕ដោយៈសិរីមតី