ព័ត៌មានជាតិ

វិមានឯករាជ្យខេត្តកំពង់ចាមស្ថាបនាសម្រេចបានប្រមាណ៨០ភាគរយហើយ

ដោយ៖ គង់ហេង

កំពង់ចាម៖ វិមានឯករាជ្យខេត្តកំពង់ចាម ដែលស្ថាបនាចម្លងតាមគំរូប្លង់ របស់វិមានឯករាជ្យ នៅរាជធានីភ្នំពេញ បច្ចុប្បន្នស្ថាបនាសម្រេចបានប្រមាណ ៨០ ភាគរយ ខណៈដែលរដ្ឋបាលខេត្តកំពង់ចាមគ្រោងសម្ពោធដាក់ឱ្យប្រើប្រាស់នៅចំថ្ងៃបុណ្យឯករាជ្យជាតិឆ្នាំនេះ។

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អមដំណើរដោយសហការី និងមន្រ្តីរាជការច្រើនស្ថាប័ន ចុះត្រួតពិនិត្យការសាងសង់វិមាននេះបានថ្លែងថាៈ ចាប់គិតពីថ្ងៃទី ១៩ តុលានេះ ទុករយៈពេលពីរសប្តាហ៍សម្រាប់ក្រុមជាង បង្ហើយការងារនៅសេសសល់របស់សំណង់វិមាន និងចំនួន ប្រាំ ថ្ងៃសម្រាប់រៀបចំវេទិកា សម្ពោធវិមាន និងពិធីបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ២០២២។

លោកអភិបាលខេត្តកំពង់ចាមបានបន្តថាៈ អីចឹងប្រធានការដ្ឋាន របស់វិមានឯករាជ្យ ចាំបាច់ត្រូវពន្លឿនដល់ក្រុមជាង ខំប្រឹងញាប់ដៃញាប់ជើង ប្រកបដោយការប្រុងប្រយ័ត្ន និងស្មារតីទទួលខុសត្រូវខ្ពស់ អនុវត្តការងារមិនទាន់ហើយនេះឱ្យបានរួចរាល់តាមផែនការ។

លោក រ៉ុង វណ្ណរ៉ា ប្រធានការដ្ឋានសំណង់វិមានឯករាជ្យ ខេត្តកំពង់ចាមបានឱ្យដឹងថាៈ ចំពោះមុខ នៃការស្ថាបនាវិមាន គឺសម្រេចបានចំនួន ៨០ ភាគរយ។ ចំណែកការងារនៅសេសសល់របស់វិមានទាំងមូលចំនួន ២០ ភាគរយទៀតនោះយើងនឹងសម្រុកឱ្យហើយរួចរាល់តាមផែនការ របស់លោកអភិបាលខេត្តកំពង់ចាមបានកំណត់នោះ។

លោកប្រធានការដ្ឋានបានបន្តថាៈ ក្នុងនោះយើងគ្រោងបញ្ចប់ការងារនៅសល់វិមានឯករាជ្យនៅថ្ងៃទី ៥ វិច្ឆិកា។ ប៉ុន្តែយើងពន្លឿនក្រុមជាងធ្វើយ៉ាងណាឱ្យបានហើយការងារត្រឹមថ្ងៃទី ២ វិច្ឆិការួចរាល់ ដោយខាងជាងទាំងអស់ធ្វើការរហូតដល់ម៉ោង ៨ យប់។

សូមរំលឹកថា វិមានឯករាជ្យខេត្តកំពង់ចាមចាប់ផ្តើម ស្ថាបនាសាងសង់ កាលពីថ្ងៃទី ៦ ខែធ្នូ ឆ្នាំ២០២១ ដោយចម្លងតាមគំរូប្លង់របស់វិមានឯករាជ្យ នៅរាជធានីភ្នំពេញមានកម្ពស់ ២០ ម៉ែត្រ មានចំនួន ប្រាំ ជាន់ និងមានបំពាក់ក្បាលនាគរាជ ចំនួន ១០០ ៕