កម្សាន្ដ

ត្បូងពេជ្រស៊ីជម្ពូលក់តម្លៃ៤៩.៩លានដុល្លារនៅហុងកុងបំបែកកំណត់ត្រាពិភពលោក

សម្រួលដោយ៖ រ៉ាម៉េត

ពេជ្រពណ៌ស៊ីជម្ពូត្រូវបានគេលក់ក្នុងតម្លៃ ៤៩.៩ លានដុល្លារអាម៉េរិក នៅទីក្រុងហុងកុង កាលពីថ្ងៃសុក្រ ហើយបានជាប់ចំណាត់ថ្នាក់ពិភពលោកក្នុងការលក់បានថ្លៃខ្ពស់បំផុតក្នុងមួយការ៉ាត់សម្រាប់ពេជ្រដែលលក់នៅក្នុងការដេញថ្លៃនេះ។

ពេជ្រទំហំ ១១.១៥ ការ៉ាត់គឺជាពេជ្រដែលមានឈ្មោះថា Williamson Pink Star  Diamond ត្រូវបានដេញថ្លៃដោយ សុទ្ធិប៊ី ហុងកុង ហើយត្រូវបានលក់ក្នុងតម្លៃ ៣៩២ លានដុល្លារហុងកុង ស្មើនឹង (៤៩.៩ លាន ដុល្លាអាម៉េរិក) ដែលដើមឡើយត្រូវបានគេប៉ាន់ស្មានថា អាចលក់បានតែក្នុងតម្លៃ២១ លានដុល្លារអាម៉េរិកតែប៉ុណ្ណោះ។

Williamson Pink Star  Diamond នេះជាឈ្មោះរបស់ពេជ្រពណ៌ស៊ីជម្ពូដ៏ល្បីល្បាញពីរប្រភេទ។ ទីមួយគឺជាពេជ្រស៊ីជម្ពូមានទំហំ២៣.៦០ ការ៉ាត់ Williamson Diamond ដែលត្រូវបានគេថ្វាយជាគ្រឿងតង្វាយដល់អតីតព្រះមហាក្សត្រីយានី   Elizabeth ទីពីរ ក្នុងពិធីរៀបអភិសេកក្នុងឆ្នាំ១៩៤៧។ ចំណែកពេជ្រទីពីរ មានទំហំ ៥៩.៦០ ការ៉ាត់ជាពេជ្រស៊ីជម្ពូដែលត្រូវបានជាប់កំណត់ត្រានៅក្នុងការដេញថ្លៃក្នុងតម្លៃ ៧១.២ លាន ដុល្លាអាម៉េរិក នៅក្នុងឆ្នាំ ២០១៧។

Williamson Pink Star  គឺជាពេជ្រដែលមានទំហំដ៏ធំបំផុតទីពីរដែលបានលេចឡើងនៅក្នុងការដាក់ដេញថ្លៃ។ ពេជ្រស៊ីជម្ពូគឺជាពេជ្រមួយប្រភេទក្នុងចំណោមពេជ្រដ៏កម្របំផុតហើយមានតម្លៃថ្លៃបំផុតសម្រាប់ពេជ្រដែលមានពណ៌ប្រភេទនេះ។

“ នេះគឺជាលទ្ធផលដ៏គួរឲ្យភ្ញាក់ផ្អើលមួយដែលតម្លៃពេជ្រអាចឡើងបានខ្ពស់ក្នុងដំណាក់កាលសេដ្ឋកិច្ចរង្គោះរង្គើ” នេះជាសម្តីរបស់លោក តូប៊ីយ៉ាស កូមិន នាយកគ្រប់គ្រង ហាងលក់ពេជ្រ 77 Diamonds ។

“ ទ្រព្យដែលពិបាកស្វែងរកដូចជាពេជ្រកំរិតពិភពលោកមានប្រវត្តិក្នុងការជួញដូរទោះបីជានៅក្នុងកាល:ទេស:ដែលសេដ្ឋកិច្ចមិនមានស្ថិរភាពក៏ដោយ ” គាត់បាននិយាយដូច្នេះថា “ ពេជ្រខ្លះដែលមានគុណភាពខ្ពស់កំរិតពិភពលោកត្រូវឃើញថា មានការឡើងថ្លៃទ្វេដងក្នុងអំឡុងពេល១០ឆ្នាំកន្លងមក៕