សេដ្ឋកិច្ច

យានយន្ត​ចរាចរ​លើផ្លូវ​ល្បឿន​លឿន​កើន​ដល់​ជាង ១៩​ម៉ឺន​គ្រឿង​

​ភ្នំពេញ​៖​បើតាម​កំណត់ត្រា​ស្ថិតិ​យានយន្ត និង​ស្ថានភាព​ចរាចរណ៍ ដោយ​រាប់​ចាប់ពី​ថ្ងៃ​បើក​ឱ្យ​ដំណើរការ​សាកល្បង នា​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០២២ (​ម៉ោង ៧:០០​នាទី​ព្រឹក​) ដល់ ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០២២(​ម៉ោង ២៤:០០​នាទី​យប់​)​មាន​យានយន្ត​ចំនួន​១៩០.៣៤៦​គ្រឿង​បាន ធ្វើ​ចរាចរណ៍​លើផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ​ដោយបាន​ចេញចូល​តាម​ស្ថានីយ​ទាំង ០៨​ទីតាំង ខណៈដែល​ករណី​គ្រោះថ្នាក់​មាន​ត្រឹមតែ ០,០០៤%​តែប៉ុណ្ណោះ បើ​ធៀប​នឹង​ទំហំ​ចរាចរណ៍​ដែល​បាន​កត់ត្រា​នេះ​។​

​កំឡុងពេល ១៥​ថ្ងៃ​នេះដែរ ថ្ងៃ​ដែលមាន​លំហូរ​ចរាចរណ៍​មមាញឹក​បំផុត​គឺ ថ្ងៃទី​១៥ ខែតុលា ដែលជា​ថ្ងៃ​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ​រំលឹក​ខួប​១០​ឆ្នាំ នៃ​ការយាង​សោយ​ព្រះ​ទិវង្គត របស់​ព្រះ​បរម​រតន​កោដ្ឋ ហើយ​ត្រូវ​នឹង​ថ្ងៃ​សៅរ៍ ចុង​សប្តាហ៍​ផងដែរ​។ ក្នុង​ថ្ងៃនោះ មាន​យានយន្ត​សរុប​ចំនួន ២១.៧៩៨​គ្រឿង បានធ្វើ​ដំណើរ​លើផ្លូវ​ល្បឿន​លឿន​។​

សូម​ជម្រាបជូន​ដែរ​ថា​៖ ក្នុងចំណោម​យានយន្ត​ចំនួន​ជាង ១៩​ម៉ឺន​គ្រឿង ដែល​បាន​ចរាចរណ៍​ក្នុង​រយៈពេល​១៥​ថ្ងៃ​ចុង​ក្រោយនេះ មាន​ករណី​ត្រូវការ ការប្រឹក្សា​យោបល់ សាកសួរ​ព័ត៌មាន និង​ស្វែងរក​ជំនួយ​សង្គ្រោះ សរុប​ចំនួន ៥០៦​ខ្សែ​ដែល​បានធ្វើ​ការទាក់ទង​ទៅកាន់​លេខ​១៣៩៩​។​

​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន សូម​ស្នើឱ្យ​ប្រជាពលរដ្ឋ​គ្រប់រូប ចូលរួម​ស្វែងយល់​និង​អនុវត្តតាម​សេចក្តីណែនាំ​ឱ្យបាន​ម៉ឺង​ម៉ា​ត​ចំពោះ​គ្រប់​លក្ខខណ្ឌ​ក្នុង​ការបើកបរ​លើផ្លូវ​ល្បឿន​លឿន​នេះ និង​គោរព​ច្បាប់​ចរាចរណ៍​ឱ្យបាន​ខ្ជាប់ខ្ជួន ដើម្បី​ការធ្វើដំណើរ​របស់​បង​ប្អូន​ប្រកបដោយ​ភាពសប្បាយ​រីករាយ និង​សុខ​សុវត្ថិភាព​៕ដោយ៖ផាវី