បទវិភាគ

ដោយសាស្រ្តចារ្យ៖ មឿន ឈានណារិទ្ធ

 

សារព័ត៌មានអន្តរជាតិផ្សេងៗបានរាយការណ៍ថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានបង្កើនការបញ្ជាឱ្យចាប់ខ្លួនយុវជនរុស្ស៊ីនៅតាមដងផ្លូវ ដើម្បីបញ្ជូនយកទៅធ្វើសង្គ្រាមឈ្លានពានប្រទេសអ៊ុយក្រែន ក្នុងខណៈដែលយុវជនជាច្រើននាក់ព្យាយាមភាសខ្លួនទៅកាន់ប្រទេសជិតខាង។

នៅចម្ងាយ២៨៥៣គីឡូម៉ែត្រខាងត្បូងសហព័ន្ធរុស្ស៊ី នៅសាធារណដ្ឋប្រជាមានិតចិនឯណេះវិញ ក្តីកង្វល់ដែលថា ចិនអាចនឹងយកតម្រាប់តាមរុស្ស៊ី ហើយឈ្លានពានកោះតៃវ៉ាន់ ដើម្បីបង្រួបបង្រួមទឹកដីចិនទាំងពីរ បន្ទាប់ពីត្រូវបែងចែកជាពីរ នៅឆ្នាំ១៩៤៩ដោយសារសង្គ្រាម  ស៊ីវិលនោះ។

យោងតាមសារព័ត៌មាន ឌឹ ហ្គាឌាន (The Guardian) របស់អង់គ្លេស ចេញផ្សាយនៅថ្ងៃទី១៦ខែតុលាឆ្នាំ២០២២នេះ បានឱ្យដឹងថា ក្នុងពេលបើកមហាសន្និបាតបក្សកុម្មុយនីស្តចិន លោកប្រធានាធិបតីចិន ស៊ី ជីនពីង (Xi Jinping) និយាយថាលោកគាំទ្រការបង្រួបបង្រួមទឹកដីចិនទាំងពីរដោយសន្តិវិធី ប៉ុន្តែលោក «នឹងមិនសន្យាថាបដិសេធមិនប្រើប្រាស់កម្លាំង»នោះឡើយ។

លោក ស៊ី ជីនពីង បានអបអរសាទរការបង្រ្កាបការបះបោរនៅទឹកដីហុងកុង ហើយបានព្រមានតៃវ៉ាន់ថា «កង់ប្រវត្តិសាស្រ្ត»កំពុងវិលមកទីក្រុងប៉េកាំងឱ្យដណ្តើមកាន់កាប់តៃវ៉ាន់នោះ។

លោកប្រធានាធិបតីចិន ក៏បានវាយប្រហារការកើនឡើងនូវការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះរដ្ឋាភិបាលក្រុងតៃប៉ិ ដោយបានថ្កោលទោសនូវ«ការជ្រៀតជ្រែករបស់បរទេស» ហើយបង្កឱ្យមានភាពតានតឹង។

លោក ស៊ី ជីនពីង បានប្រាប់មហាសន្និបាតទី២០របស់បក្សកុម្មុយនីស្តនេះថា៖ «កិច្ចការតៃវ៉ាន់គឺជាបញ្ហាផ្ទាល់ខ្លួនរបស់ចិន ដើម្បីដោះស្រាយ។»

មហាសន្និបាតរយៈពេលមួយសប្តាហ៍នេះ ត្រូវគេរំពឹងថា នឹងប្រគល់អំណាចឱ្យលោក ស៊ី ជីនពីង គ្រប់គ្រងប្រទេសចិនរយៈពេលប្រាំឆ្នាំទៀត ដែលវានឹងពង្រឹងតំណែងរបស់លោកជាមេដឹកនាំដែលមានអំណាចជាងគេបន្ទាប់ពីលោក ម៉ៅ សេទុង។

លោកប្រធានាធិបតីចិន បានសារភាពថា ចិនបានប្រឈមមុខនឹង «ខ្យល់ព្យុះដ៏គ្រោះថ្នាក់» នៅពេលខាងមុខ ដោយត្រូវប្រយុទ្ធនឹងសម្ពាធផ្នែកសេដ្ឋកិច្ចដោយសារវិបត្តិកូវីដ-១៩ ការកើនឡើងតម្លៃថាមពល និងការអូសបន្លាយសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។

គាត់បាននិយាយថា ឥទ្ធិពលជាសកលរបស់ប្រទេសចិនកាន់តែកើនឡើង ហើយបានស្វាគមន៍ការសម្រេចចិត្តក្នុងការបង្រ្កាបចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យនៅហុងកុង។

ប្រជាជនតៃវ៉ាន់ជាច្រើននាក់ មើលឃើញការបង្រ្កាបនៅហុងកុងថាជាការព្រមានមួយអំពីអនាគតខ្មៅងងឹត ប្រសិនបើតៃវ៉ាន់ស្ថិតក្រោមការគ្រប់គ្រងរបស់ចិននោះ។

លោក ស៊ី ជីនពីង បានអំពាវនាវដល់«ជនរួមជាតិតៃវ៉ាន់ភាគច្រើន» ហើយបានបន្ទោសពួកបំបះបំបោរមួយភាគតូច រួមទាំងការជ្រៀតជ្រែករបស់បរទេសផងដែរ។ ប៉ុន្តែ ប្រជាជនតៃវ៉ាន់ភាគច្រើនបានបដិសេធនូវគំនិតបង្រួមបង្រួមជាមួយចិនកុម្មុយនីស្ត។

ចិនបានស្នើឱ្យមានការគ្រប់គ្រងតៃវ៉ាន់ តាមរយៈ«ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ» ដែលចិនបានសន្យាដូចគ្នានេះចំពោះទឹកដីហុងកុង។

ឆ្លើយតបចំពោះសុន្ទរកថារបស់លោក ស៊ី ជីនពីង ការិយាល័យប្រធានាធិបតីតៃវ៉ាន់បាននិយាយថា ប្រជាពលរដ្ឋតៃវ៉ាន់ភាគច្រើនបានបង្ហាញជំហរយ៉ាងច្បាស់លាស់ថាពួកគេ «ដាច់ខាតច្រានចោលការបង្កើតប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ។»

លោក ចាន់ ទុនហាន (Chang Tun-han) អ្នកនាំពាក្យតៃវ៉ាន់បានបញ្ជាក់ជាថ្មីនូវភាពជារដ្ឋមួយរបស់តៃវ៉ាន់ ហើយនឹងមិនមានការធ្វើសម្បទានចំពោះបូរណភាពដែនដី លទ្ធិប្រជាធិបតេយ្យ និងសេរីភាពនោះឡើយ។

លោក ស៊ី ជីនពីង បាននិយាយថា៖ «កង់ប្រវត្តិសាស្រ្តកំពុងវិលទៅកាន់ការបង្រួបបង្រួមគ្នា ហើយនឹងការបង្កើតប្រជាជាតិចិនដ៏អស្ចារ្យមួយ។ យើងត្រូវសម្រេចឱ្យបាននូវការបង្រួបបង្រួមជាតិ ហើយគ្មានអ្វីសង្ស័យនោះទេដែលថាយើងនឹងធ្វើបាន។ យើងនឹងបន្តព្យាយាមសម្រេចឱ្យបាននូវការបង្រួបបង្រួមជាតិដោយសន្តិវិធី ប៉ុន្តែយើងនឹងមិនសន្យាថាបដិសេធមិនប្រើកម្លាំងនោះទេ។»

នៅសហរដ្ឋអាមេរិកឯណោះវិញ លោកប្រធានាធិបតី ចូ បៃដិន (Joe Biden) បានសន្យាដដែលៗថាសហរដ្ឋអាមេរិកនឹងការពារតៃវ៉ាន់ ប្រសិនបើមានការវាយប្រហារ។

លោក ស៊ុង វេនទី (Sung Wen-ti) សាស្រ្តាចារ្យផ្នែកវិទ្យាសាស្រ្តនយោបាយនៅសាកលវិទ្យាល័យអូស្រ្តាលី បាននិយាយថាគេគួរមើលទៅការធ្វើអត្ថាធិប្បាយរបស់លោកប្រធានាធិបតីចិនអំពីតៃវ៉ាន់ ប្រកបដោយសុទិដ្ឋិនិយម។

លោកបាននិយាយថា៖ «ស្តាប់ទៅវាដូចជាធ្ងន់ធ្ងរ ប៉ុន្តែតើចិនត្រូវតែឈ្លានពានតៃវ៉ាន និងតាមរបៀបណានោះ ដូចជាមិនច្បាស់លាស់។ លោក ស៊ី ជីនពីង ចង់រក្សាគោលនយោបាយបត់បែនបាន ហើយគាត់ក៏មិនចង់បង្កើតវិថីអរិភាពណាមួយឡើយ។»

មហាសន្និបាតបក្សកុម្មុយនីស្តចិន បានប្រមូលផ្តុំប្រតិភូចំនួន២០០០នាក់ដែលតំណាងឱ្យសមាជិកបក្សចំនួន១០០លាន់នាក់ ដើម្បីពិភាក្សាកិច្ចការប្រាំឆ្នាំកន្លងមក និងការងាររយៈពេលពាក់កណ្តាលទសវត្សរ៍ខាងមុខ។

តាមពិត ប្រតិភូចូលរួមគ្រាន់តែទៅគាំទ្រការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំ ដែលបានធ្វើឡើងក្នុងកិច្ចប្រជុំបិទទ្វារ កាលពីប៉ុន្មានអាទិត្យ ឬប៉ុន្មានខែមុនប៉ុណ្ណោះ។

សារព័ត៌មាន ឌឹ ហ្គាឌាន បានលើកឡើងថាលោកប្រធានាធិបតីចិនគ្រាន់តែនិយាយឱ្យល្អមើល ដែលគាត់និយាយថា «យើងត្រូវទទួលយកការរិះគន់ និងទស្សនវិស័យរបស់ប្រជាជន។« តាមពិត ប្រទេសចិនមានច្បាប់សន្តិសុខដ៏តឹងតែងបំផុត ដើម្បីរារាំងនូវការរំខានដល់មហាសន្និបាតបក្ស។»

មហាសន្និបាតលើកនេះ គឺជាគ្រាដំបូងចាប់តាំងពីការលុបចោលអាណត្តិមេដឹកនាំបក្ស ហើយអនុញាតឱ្យលោក ស៊ី ជីនពីង ធ្វើជា «មេដឹកនាំមួយជីវិត។»