សេដ្ឋកិច្ច

ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ទីផ្សារ​អន្តរជាតិ សម្រេចបាន​ទឹកប្រាក់​ជាង ៤១​ពាន់​លាន​ដុល្លារ

​ភ្នំពេញ​៖​យោងតាម​ទិន្នន័យ​ដែល​ចេញផ្សាយ​ដោយ​អគ្គនាយកដ្ឋាន​គយនិង​រដ្ឋាករ​កម្ពុជារយៈពេល​៩​ខែឆ្នាំ​២០២២​នេះការធ្វើ​ពាណិជ្ជ កម្ម​រវាង​កម្ពុជា និង​ទីផ្សារ​អន្តរជាតិ សម្រេចបាន​ទឹកប្រាក់​ជាង ៤១​ពាន់​លាន​ដុល្លារ កើនឡើង​១៨% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ដែលមាន​តម្លៃ​ជាង ៣៤​ពាន់​លាន​ដុល្លារ​។

​ពី​ខែមករា ដល់​ខែកញ្ញា កម្ពុជា​បាន​នាំចេញ​ទំនិញ​ផ្សេងៗ​ក្នុងតម្លៃ​ជាង ១៧​ពាន់​លាន​ដុល្លារ​កើនឡើង​២២.១% ក្នុងនោះ​ដៃគូ​ពាណិជ្ជកម្ម​ចម្បង​របស់​កម្ពុជាគឺ​សហរដ្ឋអាមេរិកដែល​កម្ពុជា​បាន​នាំ​ចេញទៅ​ប្រទេស​នេះ​ក្នុង​ទំហំ​ជាង៧​ពាន់​លាន​ដុល្លារកើនឡើង​២៩.៤%,រីឯ​ជប៉ុន​តម្លៃ ៨៩៧​លាន​ដុល្លារ​កើនឡើង ៨.៥%, ប្រទេស​កាណាដា​ចំនួន ៨៧៤​លាន​ដុល្លារ​កើនឡើង ២២.២%​និង ប្រទេស​ចិន​តម្លៃ ៨៩៥​លាន​ដុល្លារ​កើនឡើង ។​

​ទន្ទឹមគ្នា​នេះដែរ ក្នុង​រយៈពេល​៩​ខែ​នេះ កម្ពុជា​បាន​នាំចូល​ទំនិញ​ពី​ដៃគូ​ពាណិជ្ជកម្ម​មួយចំនួន​មកវិញ ក្នុងតម្លៃ​ជាង ២៣​ពាន់​លាន​ដុល្លារ កើនឡើង​១៥.២%​។ ប្រទេស​ចិន បាន​នាំចូល​ទំនិញ​មក​កម្ពុជា​ច្រើនជាងគេក្នុងតម្លៃ​ជាង៧.៩​ពាន់​លាន​ដុល្លារ​កើនឡើង​១៤.១%, ប្រទេស​​ថៃ​ជិត ៣​ពាន់​លាន​ដុល្លារ​កើនឡើង ២៥.១%, ប្រទេស​វៀតណាម​ជាង ៣​ពាន់​លាន​ដុល្លារ​កើនឡើង ៣៤.៥%, សិង្ហ​បុរី តម្លៃ​ជិត ៣​ពាន់​លាន​ដុល្លារ​ថយចុះ ២១.៨% និង​តៃវ៉ាន់​ក្នុងតម្លៃ​ជាង ៨១៧​លាន​ដុល្លារ​កើនឡើង ១៤.៥%​។​

​ទំនិញ​ដែល​កម្ពុជា​នាំចេញ​ច្រើនជាងគេ គឺ​សម្លៀកបំពាក់​មានតម្លៃ​ជាង ៧​ពាន់​លាន​ដុល្លារ​, ម៉ាស៊ីន និង​ឧបករណ៍​អគ្គិសនី តម្លៃ​ជាង ១២០០​លាន​ដុល្លារ​, ស្បែកជើង​តម្លៃ​ជាង ១៣០០​លាន​ដុល្លារ​, វត្ថុ​ធ្វើ​ពី​ស្បែក និង​រោមសត្វ​ជាង ១៤០០​លាន​ដុល្លារ និង​ទំនិញ​ផ្សេងៗ​ទៀត​ដូចជា​ធញ្ញជាតិ គ្រឿង​សង្ហា​រឹម កៅស៊ូ បន្លែ ផ្លែឈើ​ជាដើម​៕ដោយៈសិរីមតី