សុខភាព

ទទួលទានកាហ្វេត្រឹម២ទៅ៣ពែងក្នុងមួយថ្ងៃ អាចជួយកាត់បន្ថយជំងឺបេះដូង

យោងទៅតាមការសិក្សាស្រាវជ្រាវថ្មីបំផុត បានបង្ហាញឲ្យឃើញថា ការផឹកកាហ្វេបានត្រឹមត្រូវ​ពោលគឺក្នុងចន្លោះពី២ទៅ៣ពែងក្នុងមួយថ្ងៃនោះ វាអាចនឹងជួយកាត់បន្ថយអត្រាជំងឺបេះដូង​របស់មនុស្សបាន។

កាហ្វេគឺជាគ្រឿងភេសជ្ជៈម្យ៉ាងដែលមនុស្សលើសកលលោកតែងទទួលទានប្រចាំថ្ងៃ បានក្លាយជា​ទម្លាប់ទៅហើយ។ វាគឺជាអំណោយរបស់ធម្មជាតិដែលមានផ្ទុកទៅដោយជាតិកាហ្វេអ៊ីនតិច ឬច្រើន អាចជួយឲ្យប្រព័ន្ធគិតរបស់មនុស្សដំណើរការបានល្អមួយផ្នែក ជួយកាត់បន្ថយស្រ្តេស ក៏ដូចជាធ្វើឲ្យមនុស្សអាចមានស្មារតីភ្លឺថ្លា ផ្តោតលើការងារបានល្អ។ ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយចុះ កាហ្វេវាក៏អាចផ្តល់ទុក្ខទោសដល់យើងបានផងដែរ នៅពេលណាដែលយើងទទួលទានវា​ក្នុងលក្ខណៈច្រើនលើសកម្រិត ឬក៏ហៅថាញៀននោះ។

របកគំហើញថ្មីរបស់ European Journal of Preventive Cardiology បានឲ្យដឹងថា ការទទួលទានកាហ្វេដែលត្រឹមត្រូវ ជួយដល់សុខភាពពិតប្រាកដគឺ គួរតែទទួលទានចន្លោះពី២ ទៅ ៣ពែងក្នុងមួយថ្ងៃ។បរិមាណនេះ អាចកាត់បន្ថយជំងឺបេះដូងពី១៧ទៅដល់២១ភាគរយ ជាងការដែលទទួលទានច្រើនពែងនឹងមិនមានផ្តល់អត្ថប្រយោជន៍ដល់សុខភាពនោះឡើយ។

សាស្ត្រាចារ្យ Peter Kistler នៃវិទ្យាស្ថានស្រាវជ្រាវ Baker Heart and Diabetes ប្រទេសអូស្ត្រាលី បាននិយាយថា៖ «នៅក្នុងកន្លែងសិក្សាដ៏ធំទូលាយចុងក្រោយនេះ កាហ្វេស្រស់ និងគ្មានជាតិកាហ្វេអ៊ីនច្រើន ត្រូវបានផ្សារភ្ជាប់ជាមួយនឹងអត្រាថយចុះកើតជំងឺសរសៃឈាមបេះដូង និងការស្លាប់ដោយសារជំងឺសរសៃឈាមបេះដូង ឬមូលហេតុណាមួយ”។ មានន័យថា បើលោកអ្នក​ទទួលទានកាហ្វេ អ្នកជំនាញណែនាំឲ្យទទួលកាហ្វេណាដែលមានជាតិកាហ្វេអ៊ីនតិចបានហើយ៕

ប្រភព៖Bloomberg

ប្រែសម្រួល៖ ប្រុស តុលា