សេដ្ឋកិច្ច

ក្រុមហ៊ុន តូយ៉ូតា ស្នើ​រដ្ឋាភិបាល បន្ធូរ​បន្ថយពន្ធ​នាំចូល​រថយន្ត​ប្រភេទ Hybrid

​ភ្នំពេញ​៖​ក្រុមហ៊ុន​តូយ៉ូតា (​ខេ​ម​បូ​ឌា​)​បានស្នើ​សុំឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា ជាពិសេស​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជួយ​បន្ធូរ​បន្ថយពន្ធ​នាំចូល​រថយន្ត​ប្រភេទ Hybrid សំដៅ​រួមចំណែក​ក្នុង​ការជំរុញ​លើកទឹកចិត្ត​ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ងាក​មកប្រើប្រាស់​រថយន្ត ប្រភេទ​នេះ​ឱ្យបាន​ច្រើន ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់​ប្រេងឥន្ធនៈ កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ពុល ទៅក្នុង​បរិយាកាស ព្រមទាំង​រួមចំណែក​ក្នុង​ជួយ​ឱ្យ​កម្ពុជា​សម្រេច​គោលដៅ​អ​ព្យា​ក្រឹត្យ​កាបូន​(Carbon Neutrality)​នៅ​ឆ្នាំ​២០៥០ ផងដែរ​។​

​នេះ​ជាការ​លើកឡើង​របស់លោក​Ryoji Fujita អគ្គនាយក​ក្រុមហ៊ុន តូយ៉ូតា (​ខេ​ម​បូ​ឌា​) ក្នុងពេល​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន កាលពី​ថ្ងៃទី​១១​ខែតុលា​។​

ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​សម្តែង​នូវ​ការស្វាគមន៍​ចំពោះ​លោក​អគ្គនាយក និង សហការី និង​បាន​អបអរសាទរ និង​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន ដែល​បានរៀបចំ​រោងចក្រ​ដំឡើង រថយន្ត​នៅក្នុង​ប្រទេស​កម្ពុជា​ដែលជា​ការចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​បង្កើត ការងារ​ជូន​ប្រជាពលរដ្ឋ កាត់បន្ថយ​ភាពក្រីក្រ ព្រមទាំង​លើកកម្ពស់​វិស័យ​យានយន្ត​នៅ​កម្ពុជា​ឱ្យមាន​ការរីកចម្រើន​មួយកម្រិត​ទៀត​។​

​ជាការ​ឆ្លើយតប ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា​៖ ការគាំទ្រ​នៅក្នុង​ការបន្ធូរបន្ថយ​ពន្ធ​នាំចូល ជាពិសេស​ករណី​រថយន្ត​ប្រភេទ​Hybrid ដែល​ក្រុមហ៊ុន​តូយ៉ូតា​បានលើកឡើង​ខាងលើនេះ​អាចធ្វើ​ទៅបាន លុះត្រាតែ​មានការ​ស្នើសុំ​ពិភាក្សា​ជាមួយនឹង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​

​ឆ្លៀត​ក្នុងឱកាស​នោះដែរ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ពី​ការខិតខំ​ប្រឹងប្រែង​ជំរុញ​ការប្រើប្រាស់ យានយន្ត​អគ្គិសនី​ឱ្យបាន​កាន់​តែ​ទូលំទូលាយ​នៅ​កម្ពុជា ដើម្បី​ចូលរួមចំណែក​កាត់បន្ថយ​ការបំពុល​បរិស្ថាន តាមរយៈ​គម្រោង​ដំឡើង​ស្ថានីយ​បញ្ចូល​ថាមពល​រថយន្ត​អគ្គិសនី​នៅតាម​បណ្តា​រាជធានី​-​ខេត្ត ក៏ដូចជា​ជំរុញ​លើកទឹកចិត្ត និង​ទាក់ទាញ​ការចាប់អារម្មណ៍​ឱ្យមាន​ការប្រើប្រាស់​យានយន្ត​អគ្គិសនី​ពី​សំណាក់​សាធារណជន​ទូទៅ និង​ស្វែងរក​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន​នានា ដើម្បី​ជំរុញ​ការដំឡើង ស្ថានីយ​បញ្ចូល​ថាមពល​អគ្គិសនី​ឱ្យបាន​ច្រើន​បន្ថែមទៀត​ទូទាំង​ផ្ទៃ​ប្រទេស​។

គួរបញ្ជាក់​ផងដែរ​ថា​៖ក្រុមហ៊ុន​តូយ៉ូតា(​ខេ​ម​បូ​ឌា​)​គឺជា​ក្រុមហ៊ុន​នាំចូលនិង​ចែកចាយ​ផ្តាច់មុខ​សម្រាប់​យានយន្ត​តូយ៉ូតាគ្រឿងបន្លាស់ និង​សេវាកម្ម​ទាំងអស់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ចាប់តាំងពី​ការឈាន​ជើង​ចូលមក​ដំណើរការ​ក្នុងប្រទេស​កម្ពុជាកាលពី​ឆ្នាំ​ ១៩៩៣ មកទល់​សព្វថ្ងៃក្រុមហ៊ុន​បាន​បើក​ដំណើរការ​សាខា​ចំនួន​០៥នៅ​ទូទាំងប្រទេស​ព្រមទាំង​បន្ត​ការកែលម្អ​ឥតឈប់ឈរនិង​ផ្តល់នូវ​ផលិត ផលក៏ដូចជា​សេវាកម្ម​ដែលមាន​គុណភាព​ល្អ ដល់​អតិថិជន​ទាំងអស់​ជា​បន្តបន្ទាប់ ហើយ​តាម​តថភាព​ជាក់ស្តែង រថយន្ត​ដែល​ទទួល បាន​​ការនិយម​ប្រើប្រាស់​ច្រើនជាងគេ​ក្នុងសង្គម​កម្ពុជា​គឺ រថយន្ត​ម៉ាក​តូយ៉ូតា​៕​ដោយ សិរីមតី