កីឡា

Mbappe ឈរលើគេក្នុងទស្សនាវដ្ដី Forbes ដោយមានចំណូល ១២៨លានដុល្លារ

ខ្សែប្រយុទ្ធឆ្នើមសញ្ជាតិបារាំង Kylian Mbappe នឹងទទួលបានប្រាក់ចំណូលប្រចាំឆ្នាំជាកំណត់ត្រាចំនួន ១២៨លានដុល្លារ ដើម្បីឈរលើគេ ក្នុងតារាងកីឡាករបាល់ទាត់ ដែលមានប្រាក់ខែខ្ពស់បំផុត នៅលើពិភពលោក។ នេះបើយោងតាមរបាយការណ៍របស់ទស្សនាវដ្តី Forbes កាលពីថ្ងៃសុក្រ។

ទស្សនាវដ្ដីនេះ បានធ្វើការកត់សម្គាល់ថា កីឡាករ Mbappe រកចំណូលបានដល់តួលេខ ១០០លានដុល្លារ ក្នុងវ័យ ២៣ឆ្នាំ ខណៈដែលស៊ុបភើស្តារ ដូចជាកីឡាករ Lionel Messi និង Cristiano Ronaldo មានអាយុ ៣០ឆ្នាំ និងស្ថិតក្នុងកម្រិតកំពូលនៃអាជីពរបស់ពួកគេ ទើបបានឆ្លងកាត់ចំនួននោះជាលើកដំបូង។

កីឡាករ Mbappe បានចុះហត្ថលេខាបន្លាយកុងត្រារយៈពេល ៣ឆ្នាំ កាលពីខែឧសភា ដើម្បីបន្តស្នាក់នៅជាមួយក្រុម Paris-Saint Germain (PSG) ដែលជាក្រុមមានប្រៀបលើសក្រុមដទៃ នៅក្របខ័ណ្ឌ Ligue 1 ហើយទស្សនាវដ្ដី Forbes បានរាយការណ៍ថា កិច្ចព្រមព្រៀងនោះ នឹងនាំឱ្យ Mbappe មានប្រាក់ខែប្រហែល ១១០លានដុល្លារ និងបូកបន្ថែមប្រាក់រង្វាន់ប្រចាំឆ្នាំផ្សេងៗ ដែលត្រូវបានប៉ាន់ប្រមាណប្រហែលជា ១៨លានដុល្លារ។

មិត្តរួមក្រុម PSG កីឡាករ Messi វ័យ ៣៥ឆ្នាំ ជាប់ចំណាត់ថ្នាក់លេខ២ រកបាន ១២០លានដុល្លារ ដោយកីឡាករ Ronaldo  វ័យ ៣៧ឆ្នាំរបស់ក្រុម Manchester United លេខ៣ ១០០លានដុល្លារ។ ពួកគេទាំង ២នាក់ បានឆ្លាស់គ្នាឈរនៅទីកំពូលទាំង ២ ក្នុងតារាងចំណាត់ថ្នាក់នេះ ចាប់តាំងពីឆ្នាំ២០១៤ មក។

កីឡាករផ្សេងទៀត ដែលឈរលើគេទាំង ១០រូប រួមមានខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Neymar របស់ក្រុម PSG ម្នាក់ទៀត នៅលេខ៤ រកបាន ៨៧លានដុល្លារ តាមដោយកីឡាករ Mohamed Salah (Liverpool) ៥៣លានដុល្លារ, Erling Haaland (Manchester City) ៣៩លានដុល្លារ, Robert Lewandowski (Barcelona) ៣៥លានដុល្លារ, Eden Hazard (Real Madrid) ៣១លានដុល្លារ, Andres Iniesta (Vissel Kobe) ៣០លានដុល្លារ និង Kevin De Bruyne (Manchester City) ២៩លានដុល្លារ៕