កីឡា

Man City ត្រូវពិន័យជាង ២៨ម៉ឺនដុល្លារ ជុំវិញករណីអ្នកគាំទ្រសម្រុកចូលទីលាន 

ក្លិប Manchester City ត្រូវបានពិន័យជាប្រាក់ ២៦០ ០០០ផោន (ជាង ២៨ម៉ឺនដុល្លារ) ដោយសហព័ន្ធបាល់ទាត់ (FA) អង់គ្លេស និងត្រូវបានព្រមានពីការប្រព្រឹត្តិបែបនេះទៀត នាពេលខាងមុខ បន្ទាប់ពីអ្នកគាំទ្ររបស់ពួកគេ បានសម្រុកចូលក្នុងទីលាន ក្រោយទទួលបានជ័យជម្នះលើក្រុម Aston Villa នៅថ្ងៃប្រកួតចុងក្រោយ កាលពីរដូវកាលមុន។

ក្រុមរបស់លោក Pep Guardiola អាចឈ្នះជើងឯកជាលើកទី៤ ក្នុងរយៈពេល ៥រដូវកាលដោយការវាយបកយកឈ្នះ ៣-២ លើក្រុមក្រុម Villa នៅឯកីឡដ្ឋាន Etihad កាលពីថ្ងៃទី២២ ខែឧសភា។ នាពេលនោះ អ្នកគាំទ្ររាប់ពាន់នាក់ បាននាំគ្នារុករុលយ៉ាងពេញទំហឹងចូលទៅក្នុងទីលាន ពេលសំឡេងកញ្ចែចុងក្រោយបន្លឺឡើង ដោយមានផ្សែងហុយចេញ បង្គោលទីមួយបានបាក់ និងអ្នកចាំទី Robin Olsen របស់ក្រុម Villa ចោទប្រកាន់ថា ត្រូវបានការវាយប្រហារ។

ប៉ូលិស នៅ Greater Manchester បានចោទប្រកាន់បុរស ២នាក់ ជុំវិញបញ្ហាបង្កឱ្យភាពឥតសណ្តាប់ធ្នាប់ ខណៈដែល FA បានចោទប្រកាន់ជាផ្លូវការលើក្រុម City កាលពីខែសីហា ដោយក្រុមជើងឯកលីគកំពូកអង់គ្លេសមួយនេះ បានទទួលស្គាល់ថា មិនអាចគ្រប់គ្រងអ្នកគាំទ្ររបស់ខ្លួនបាន។

សេចក្តីថ្លែងការណ៍របស់ FA កាលពីថ្ងៃសុក្រ បានឱ្យដឹងថា៖ «ក្លិប Manchester City FC ត្រូវបានពិន័យជាប្រាក់ ២៦០ ០០០ផោន និងត្រូវបានព្រមានពីការប្រព្រឹត្តិបែបនេះទៀត នាពេលអនាគត ចំពោះការបំពានច្បាប់របស់ FA  បន្ទាប់ពីការប្រកួត នៅក្របខ័ណ្ឌ Premier League ជាមួយក្រុម Aston Villa»។

«គណៈកម្មការត្រួតពិនិត្យឯករាជ្យមួយ បានដាក់ទណ្ឌកម្មទាំងនេះ អំឡុងសវនាការជាបន្តបន្ទាប់ ហើយហេតុផលជាលាយលក្ខណ៍អក្សរ សម្រាប់ពួកគេ នឹងត្រូវបានចេញ ក្នុងពេលសមស្រប»។ សេចក្ដីថ្លែងការណ៍ បានបន្ថែម៕