កីឡា

Sevilla នាំ Sampaoli ត្រឡប់មកធ្វើជាគ្រូបង្វឹកម្ដងទៀត

គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនលោក Jorge Sampaoli នឹងត្រឡប់ទៅកាន់ក្រុម Sevilla វិញ បន្ទាប់ពីត្រូវ​បានតែងតាំង កាលពីថ្ងៃព្រហស្បតិ៍ ជាអ្នកជំនួសតំណែងរបស់លោក Julen Lopetegui ដែលត្រូវបានបញ្ចប់តួនាទីជាអ្នកចាត់ការក្រុម។

ក្លិប Sevilla បានឱ្យដឹងថា៖ «លោក Sampaoli បានព្រមព្រៀងចុះហត្ថលេខា ក្នុងកិច្ចសន្យា សម្រាប់រដូវកាលដែលនៅសល់ និងមួយផ្សេងទៀត រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ហើយនៅរសៀលនេះ លោកនឹងដឹកនាំកូនក្រុម ដើម្បីធ្វើការហ្វឹកហាត់លើកដំបូង»។

លោក Sampaoli វ័យ ៦២ឆ្នាំ ធ្លាប់បានធ្វើជាគ្រូបង្វឹកក្រុម Sevilla ម្ដងរួចហើយ។ គាត់បានចូលមកកាន់តំណែង ក្នុងខែកក្កដា ឆ្នាំ២០១៦ ជំនួសលោក Unai Emery ដែលបានដឹកនាំក្រុមលំដាប់កំពូល នៅអេស្ប៉ាញ ចប់នៅចំណាត់ថ្នាក់ទី ៧ នៅក្របខ័ណ្ឌ La Liga តែក៏បានដឹកនាំឱ្យឈ្នះពានរង្វន់ នៅក្របខ័ណ្ឌ Europa League ជាលើកទី ៣ ជាប់ៗគ្នា ហើយត្រូវបានក្លិប Paris Saint-Germain នៅបារាំង ផ្ដល់តួនាទីជាអ្នកចាត់ការថ្មី។

លោក Sampaoli បានដឹកនាំក្រុម Sevilla ឱ្យឈរលេខ ៤ នៅ La Liga និងឡើងទៅវគ្គ ១៦ក្រុមចុងក្រោយ នៅក្របខ័ណ្ឌ Champions League ដែលពេលនោះ ពួកគេចាញ់ក្រុម Leicester City របស់អង់គ្លេស មុននឹងលោកចាកចេញទៅធ្វើជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិអាហ្សង់ទីន ក្នុងខែឧសភា ឆ្នាំ២០១៧។ លោក Sampaoli មិនបានធ្វើការងារឱ្យក្លិបណាឡើយ តាំងពីចាកចេញពីក្រុម Marseille របស់បារាំង ក្នុងខែកក្កដា។

សម្រាប់លោក Lopetegui គាត់ត្រូវបានក្លិបបញ្ចប់តំណែង កាលពីថ្ងៃពុធ បន្ទាប់ពីរងបរាជ័យ​ក្នុងផ្ទះខ្លួនឯង ៤-១ ដោយសារក្រុម Borussia Dortmund ក្នុងការប្រកួត នៅក្របខ័ណ្ឌ Champions League៕