កីឡា

Rashford ជួយឱ្យបិសាចក្រហមវាយបក យកឈ្នះនៅប្រទេសស៊ីប

ក្រុមបិសាចក្រហម Manchester United អាចធ្វើការវាយបកយកឈ្នះ ៣-២ នៅឯផ្ទះរបស់ក្រុម Omonia Nicosia នៃប្រទេសស៊ីប សម្រាប់ការប្រកួត ក្នុងក្របខ័ណ្ឌ Europa League កាលពីយប់ថ្ងៃព្រហស្បតិ៍ ដោយក្នុងនោះកីឡាករ Marcus Rashford ធ្វើសម្រេចបាន ២គ្រាប់ ទាំងវគ្គទី ១ និងទី២។

ខ្សែប្រយុទ្ធ Anthony Martial ក៏មានចំណែក ១គ្រាប់ផងដែរ រីឯកីឡាករ Karim Ansarifard និង Nikolas Panagiotou បានស៊ុតបាល់បញ្ចូលទី សម្រាប់ក្រុមម្ចាស់ផ្ទះ ខណៈដែលក្រុម Man United ទទួលបានជ័យជម្នះយ៉ាងប្រផិតប្រផើយ ក្នុងការធ្វើដំណើរលើកដំបូងរបស់ពួកគេ ដើម្បីទៅលេងទល់នឹងក្រុមនៅប្រទេសស៊ីប។

ក្នុងរាត្រីដ៏មនោរម្យ នៅឯកីឡដ្ឋាន GSP ដែលមានសមត្ថភាពផ្ទុកអ្នកទស្សនា ២៣ ០០០នាក់របស់ក្រុម Omonia ក្រុមយក្សទៅពីអង់គ្លេស Man United ត្រូវបានក្រុមម្ចាស់ផ្ទះនាំមុខមុន នៅវគ្គទី១ តែនៅដើមវគ្គទី ២ បានតាមស្មើវិញ ដែលជាគ្រាប់បាល់ដ៏សំខាន់ ក្នុងការដើរលើផ្លូវ ឆ្ពោះទៅរកជ័យជម្នះដ៏សំខាន់ ដើម្បីជាការលើកកម្លាំងទឹកចិត្តដល់ក្រុម បន្ទាប់ពីត្រូវបានបំបាក់ ដោយក្រុមគូប្រជែង ក្នុងក្រុងតែមួយ គឺមេឃខៀវ Manchester City ក្នុងលទ្ធផល ៦-៣ កាលពីចុងសប្តាហ៍។

គ្រូបង្វឹករបស់ក្រុមបិសាចក្រហម លោក Erik ten Hag បានរៀបចំក្រុមយ៉ាងរឹងមាំ ជាមួយនឹងវត្តមានកីឡាករ Cristiano Ronaldo ក្នុងនាមជាខ្សែប្រយុទ្ធទោល ដោយនេះ ទើបតែជាការចាប់ផ្តើមជម្រើសដំបូងលើកទី៤ របស់ខ្សែប្រយុទ្ធសញ្ជាតិព័រទយុហ្គាល់ នារដូវកាលនេះ ហើយកីឡាករសញ្ជាតិប្រេស៊ីល Casemiro ជួយគាំទ្រ នៅតំបន់កណ្តាល តែជាកីឡាករបម្រុងទៅវិញទេ ដែលបានជួយកែប្រែស្ថានការណ៍នៃការប្រកួតនេះ។

«គ្រប់កីឡាករបម្រុងទាំងអស់ ពិតជាមានឥទ្ធិពលល្អណាស់ដល់ក្រុម ដោយមាន (Luke) Shaw និង Rashford ជួយពង្រឹងផ្នែកខាងឆ្វេង»។ នេះជាការលើកឡើងរបស់គ្រូបង្វឹកសញ្ជាតិហូឡង់ លោក Ten Hag ដែលបា្រប់អ្នកសារព័ត៌មាន ក្រោយការប្រកួត។

លោក Ten Hag បានបន្ថែមថា៖ «យើងលេងបានល្អ តែរឿងតែមួយគត់ គឺយើងស៊ុតបញ្ចូលទីមិនបាន។ ក្រោយវគ្គទី ១ ខ្ញុំគិតថា យើងអាចដោះស្រាយជាមួយនឹងបញ្ហាគ្រប់យ៉ាងបាន។ វាមានចង្វាក់ពេលវេលាមិនល្អ ១០នាទីដំបូង បន្ទាប់ពីពួកយើងត្រូវបានគេនាំមុខ (តែ) ប្រសិនបើអ្នកអាចត្រឡប់មកក្នុងស្ថានការណ៍ធម្មតាវិញបាននោះ វាជារឿងវិជ្ជមាន»៕