កីឡា

Messi និយាយថា World Cup 2022 នឹងជាការបង្ហាញខ្លួនលើកចុងក្រោយ

កីឡាករ Lionel Messi របស់ក្លិប Paris Saint-Germain បានបញ្ជាក់ថា ការប្រកួតប្រជែងបាល់ទាត់​ពិភពលោក ឆ្នាំ២០២២ (World Cup 2022) នឹងក្លាយជាការបង្ហាញខ្លួនចុងក្រោយរបស់រូបគេ ក្នុងព្រឹត្តិការណ៍នេះ។

ឥឡូវនេះ ក្នុងវ័យ ៣៥ឆ្នាំ ខ្សែប្រយុទ្ធ Messi មិនទាន់បានភ្លក់រសជាតិលើកពានរង្វាន់ World Cup នៅឡើយទេ បើទោះជាបានឡើងដល់វគ្គផ្តាច់ព្រ័ត្រ ក្នុងឆ្នាំ២០១៤ ក៏ដោយ ព្រោះនៅពេលនោះ បានចាញ់ក្រុមអាល្លឺម់ង់ ខណៈដែលក្នុងឆ្នាំ២០០៦ និងឆ្នាំ២០១០ ក្រុមរបស់គេធ្លាក់ត្រឹមវគ្គ ៨ក្រុមចុងក្រោយ។

ប្រសិនបើរូបគេនឹងឈ្នះពានរង្វាន់ ក្នុងព្រឹត្តិការណ៍លើកនេះ វានឹងត្រូវតែនៅប្រទេសកាតា នាចុងឆ្នាំនេះ ខណៈដែលកីឡាករ Messi បានបញ្ជាក់ថា ការប្រកួតប្រជែងនាពេលខាងមុខនេះ នឹងក្លាយជាការប្រកួតបាល់ទាត់ពិភពលោកចុងក្រោយរបស់ខ្លួន។

នៅពេលប្រព័ន្ធផ្សព្វផ្សាយ Star+ សួរថា តើកាតានឹងក្លាយជាព្រឹត្តិការណ៍លើកចុងក្រោយមែនទេ រូបគេបានឆ្លើយថា៖ «បាទ! មែនហើយ ប្រាកដជាបែបហ្នឹង។ ខ្ញុំកំពុងរាប់ថ្ងៃថយក្រោយ រហូតដល់ World Cup។ មែនហើយ យើងនៅទីនេះ តើនឹងមានអ្វីកើតឡើង? វាជារឿងលើកចុងក្រោយរបស់ខ្ញុំ តើវានឹងទៅយ៉ាងណា? ម្យ៉ាងទៀត ខ្ញុំពិបាកទន្ទឹងរង់ចាំព្រឹត្តិការណ៍នោះមកដល់ណាស់ តែយ៉ាងណា ខ្ញុំក៏មិនសង្ឃឹមថា វានឹងមានលទ្ធផលល្អប្រសើរដែរ»។

ក្រុមពពកសអាហ្សង់ទីន ស្ថិតក្នុងចំណោមក្រុម ដែលត្រូវបានចាត់ទុកថា មានសិទ្ធិខ្ពស់ ក្នុងការឈ្នះជើងឯក នៅមុនព្រឹត្តិការណ៍ ដែលតែងកើតឡើងរៀងរាល់ ៤ឆ្នាំម្ដងនេះ តែកីឡាករ Messi បានទទូចថា រូបគេមិនយល់ស្របនឹងការលើកឡើងនេះទេ។

រូបគេបានពន្យល់ថា៖ «យើងកំពុងស្ថិតក្នុងពេលវេលាដ៏ល្អ ដោយមានក្រុមដ៏រឹងមាំ តែអ្វីៗគ្រប់យ៉ាង អាចកើតឡើងនៅ World Cup ទាំងអស់។ រាល់ការប្រកួតទាំងអស់សុទ្ធតែលំបាក នោះហើយជាអ្វី ដែលធ្វើឱ្យ World Cup ពិសេសខ្លាំងជាងព្រឹត្តិការណ៍ដទៃទៀត ព្រោះក្រុម ដែលត្រូវបានចាត់ទុកថា មានសិទ្ធិខ្ពស់ មិនតែងតែបានក្លាយជាជើងឯក ឬសូម្បីតែធ្វើឱ្យបានល្អ ដូចដែលអ្នករំពឹងទុកនោះទេ»។

«ខ្ញុំមិនដឹងថា តើយើងជាក្រុមដែលមានសិទ្ធិខ្ពស់ ឬអត់នោះទេ តែក្រុមអាហ្សង់ទីនខ្លួនឯង គឺតែងតែជាបេក្ខភាពប្រកួតប្រជែង សម្រាប់ប្រវត្តិសាស្ត្រ។ យើងមិនមែនជាក្រុម ដែលមានសិទ្ធិខ្ពស់នោះទេ ដ្បិតខ្ញុំគិតថា មានក្រុមផ្សេងទៀត ដែលមានកម្រិតល្អលើសពួកយើង»។ កីឡាករ Messi បានបន្ថែម៕