កីឡា

មនុស្ស៦នាក់ ត្រូវបានចោទប្រកាន់ ជុំវិញមហន្តរាយ ក្នុងកីឡដ្ឋាន

ស្នងការប៉ូលិសរបស់ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃព្រហស្បតិ៍ បានឱ្យដឹងថា មនុស្ស ៦នាក់ ត្រូវបានចោទប្រកាន់ពីបទបណ្ដោយឱ្យមានមហន្តរាយ ក្នុងកីឡដ្ឋានបាល់ទាត់ ដែលបានបណ្ដាលឱ្យមានមនុស្សស្លាប់ ១៣១នាក់ កាលពីចុងសប្តាហ៍កន្លងទៅ។

ស្នងការនគរបាលជាតិ លោក Listyo Sigit Prabowo បាននិយាយនៅឯសន្និសីទសារព័ត៌មានថា៖ «ផ្អែកលើការស៊ើបអង្កេត និងភស្តុតាងគ្រប់គ្រាន់ យើងបានកំណត់ជនសង្ស័យចំនួន ៦នាក់»។

លោក Prabowo បានប្រាប់ថា បុគ្គល ៦រូប ដែលត្រូវបានចោទប្រកាន់ពីបទធ្វេសប្រហែស រហូតបណ្តាលឱ្យមានការស្លាប់នេះ រួមមានមន្ត្រីប៉ូលិស ៣នាក់ និង ៣នាក់ផ្សេងទៀត ដែលទទួលខុសត្រូវចំពោះការប្រកួត និងសន្តិសុខ ដោយក្នុងនោះរួមទាំងប្រធានគណៈកម្មការ រៀបចំការប្រកួតរបស់ក្លិប Arema FC ហើយនិងមន្ត្រីសន្តិសុខរបស់ក្លិបម្នាក់ផងដែរ។

លោកស្នងការ បានបន្តទៀតថា មន្ត្រីប៉ូលិស ២នាក់ ដែលស្ថិតក្រោមការស៊ើបអង្កេត បានបញ្ជាឱ្យសហការីបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ខណៈមន្ត្រីប៉ូលិសទី៣ ដែលស្ថិតនៅក្រោមការស៊ើបអង្កេត បានដឹងអំពីបទប្បញ្ញត្តិសុវត្ថិភាពរបស់សហព័ន្ធ បាល់ទាត់ពិភពលោក (FIFA) ដែលហាមប្រាមក្នុងការប្រើប្រាស់ឧស្ម័នគ្រប់គ្រងក្រុមមនុស្ស នៅលើទីលាន តែមិនបានរារាំងមិត្តរួមការងារក្នុងការប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែកនេះ។

ជនសង្ស័យអាចប្រឈមនឹងការផ្ដន្ទាទោសដាក់ពន្ធនាគារយូរបំផុត ៥ឆ្នាំ ប្រសិនបើរកឃើញថា មានទោស ដោយលោក Prabowo បាននិយាយថា មនុស្សកាន់តែច្រើន អាចត្រូវបានចោទ ប្រកាន់បន្ថែមទៀត។ មុននេះ សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូណេស៊ី បានដាក់ពិន័យ ប្រធានគណៈកម្មការរៀបចំរបស់ក្លិប Arema FC និងមន្ត្រីសន្តិសុខម្នាក់ មិនឱ្យពាក់ព័ន្ធនឹងបាល់ទាត់ អស់មួយជីវិត។

ការប្រកាសនេះបានធ្វើឡើងស្របពេលមានការខឹងសម្បា ចំពោះការឆ្លើយតបរបស់ប៉ូលិស។ ក្រុមមន្ត្រី បានប្រតិកម្មដោយការបាញ់ឧស្ម័នបង្ហូរទឹកភ្នែកចូលទៅក្នុងកន្លែងមនុស្សកកកុញ ខណៈអ្នកគាំទ្ររបស់ក្រុម Arema FC នាំគ្នាព្យាយាមតម្រង់ឆ្ពោះទៅកាន់កីឡាករ បន្ទាប់ពីរបរាជ័យ ដោយសារក្រុមគូប្រជែង Persebaya Surabaya កាលពីល្ងាចថ្ងៃសៅរ៍។

មេប៉ូលិសខាងលើ បាននិយាយថា មន្ត្រីសរុបចំនួន ១១នាក់ បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីទប់ស្កាត់អ្នកគាំទ្រ ក្នុងការរត់ចូលទៅកាន់ទីលានបន្ថែមទៀត តែបានធ្វើឱ្យអ្នកទាំងនោះ ភ័យស្លន់ស្លោ និងព្យាយាមចាកចេញពីកីឡដ្ឋានភ្លាមៗ៕