កីឡា

អ៊ុយក្រែននឹងចូលរួមជាមួយអេស្ប៉ាញ និងព័រទុយហ្គាល់ ដើម្បីដេញថ្លៃ World Cup 2030

ប្រទេសអ៊ុយក្រែន ដែលកំពុងហែកហួរដោយសង្រ្គាម នឹងចូលរួមជាមួយប្រទេសអេស្ប៉ាញ និងព័រទុយហ្គាល់ ដើម្បីដេញថ្លៃធ្វើជាម្ចាស់ផ្ទះនៃការប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ២០៣០ (FIFA World Cup 2030)។ នេះបើតាមការប្រកាសឱ្យដឹងពីប្រធានសហព័ន្ធបាល់ទាត់របស់ប្រទេសទាំង៣ ប្រកាសកាលពីថ្ងៃពុធ។

សំណើដើម ត្រូវបានផ្សព្វផ្សាយជាសាធារណៈរួចហើយ កាលពី ២ឆ្នាំមុន តែពេលនេះ ត្រូវបានរុញច្រានដោយថាមពលនយោបាយ បន្ទាប់ពីមានការលុកលុយឈ្លានពានរបស់ប្រទេសរុស្ស៊ីលើអ៊ុយក្រែន។

ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ (RFEF) លោក Luis Rubiales បានប្រាប់ថា៖ «ទីស្នាក់ការកណ្តាលរបស់ស្ថាប័ន គឺនៅទីក្រុងម៉ាឌ្រីដ ទីស្នាក់ការរដ្ឋបាល ស្ថិតនៅក្នុងទីក្រុងលីសបោន។ ឥឡូវនេះ គណៈប្រតិភូអ៊ុយក្រែន នឹងរួបរួមគ្នាជាមួយយើង។ នៅប៉ុន្មានខែខាងមុខនេះ យើងនឹងមកធ្វើការអនុវត្តជាក់ស្តែង»។

RFEF ដែលរៀបចំការប្រកួតប្រជែង ក្នុងឆ្នាំ១៩៨២ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ ដែលគំនិតនេះត្រូវបានគាំទ្រដោយប្រធានសហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) លោក Aleksander Ceferin ។

RFEF បានឱ្យដឹងថា៖ «សហព័ន្ធបាល់ទាត់អេស្ប៉ាញ និងសហព័ន្ធបាល់ទាត់ព័រទុយហ្គាល់ (FPF) បានរួមបញ្ចូលសហព័ន្ធបាល់ទាត់អ៊ុយក្រែន (UAF) ទៅក្នុងកម្មវិធីដេញថ្លៃ ដើម្បីសិទ្ធិរៀបចំការប្រកួត FIFA World Cup 2030»។

«ដោយមានការគាំទ្រយ៉ាងពេញទំហឹងពីលោក Aleksander Ceferin ការដេញថ្លៃ រួមបញ្ចូលសហព័ន្ធ ដែលដឹកនាំដោយលោកប្រធាន Andriy Pavelko ក្នុងគោលបំណងបង្កើតការតភ្ជាប់ និងបង្ហាញពីសារនៃសាមគ្គីភាព ការព្រមព្រៀង និងការគាំទ្រគ្នាទៅវិញទៅមក ហើយនិងចិត្តសប្បុរសពីសហគមន៍បាល់ទាត់អឺរ៉ុប»។ សេចក្ដីថ្លែងការណ៍បានបន្ថែម។

ក្រៅពីប្រទេសអេស្ប៉ាញ ធ្លាប់ធ្វើម្ចាស់ផ្ទះ World Cup 1982  ព័រទុយហ្គាល់ ធ្លាប់បានរៀបចំប្រកួតប្រជើងឯកអឺរ៉ុប ក្នុងឆ្នាំ២០០៤ ខណៈអ៊ុយក្រែនជាម្ចាស់ផ្ទះរួមជាមួយប៉ូឡូញ កាលពី Euro 2012៕