កីឡា

មិនមែនមនុស្សទេ! Haaland ស៊ុត ២គ្រាប់ ជួយ Man City បំបាក់ Copenhagen

ខ្សែប្រយុទ្ធ Erling Haaland ត្រូវការពេលត្រឹមតែ ៤៥នាទីប៉ុណ្ណោះ ដើម្បីបន្ថែមគ្រាប់បាល់ ២គ្រាប់ទៀតដល់ការចាប់ផ្តើមអាជីពដ៏អស្ចារ្យរបស់ខ្លួន ក្នុងក្រុមមេឃខៀវ Manchester City ខណៈដែលក្រុមយក្សរបស់អង់គ្លេស បានយកឈ្នះ FC Copenhagen យ៉ាងចាស់ដៃ ៥-០ ក្នុងប្រកួត នៅក្របខ័ណ្ឌ Champions League កាលពីយប់ថ្ងៃពុធ។

ឥឡូវនេះ កីឡាករ Haaland រកបាន ១៩គ្រាប់ហើយ ពីការចូលលេង ក្នុងការប្រកួត ១១លើក សម្រាប់ក្រុម Man City ហើយត្រូវបានបដិសេធឱកាស ក្នុងការធ្វើបានហ៊ែតទ្រិក (ស៊ុតបាន ៣គ្រាប់) ជាលើកទី ៤ ក្នុងការប្រកួត  ៥លើក ក្នុងទឹកដី បន្ទាប់ពីត្រូវបានដកឱ្យសម្រាក ក្នុងវគ្គទី ២ ដោយលោក Pep Guardiola។

ក្រុមម្ចាស់ផ្ទះ Man City បានទទួលលទ្ធផលនាំមុខ ៣-០ រួចហើយ នៅពេលឈប់សម្រាកនៃវគ្គទី ១ ដោយកីឡាករន័រវែស ទម្លុះសំណាញ់ទី ២ដង មុនពេលកីឡាករ David Khocholava រារាំងបាល់ប្លាតចូលទីខ្លួនឯង ពីការស៊ុតរបស់កីឡាករ Sergio Gomez។

ខ្សែបម្រើ Jack Grealish របស់ក្រុម Man City បាននិយាយដល់ការស៊ុតបញ្ចូលទីផ្ទួនៗរបស់កីឡាករ Haaland ថា៖ «ខ្ញុំមិនធ្លាប់បានឃើញអ្វីដូចនេះទេ ក្នុងជីវិតរបស់ខ្ញុំ។ សម្រាប់គ្រាប់បាល់ទី១ និងទី២ ខ្ញុំបានត្រឹមតែសើច។ ខ្ញុំដូចជាយ៉ាងម៉េចមិនដឹង? រូបគេតែងតែនៅទីនោះ (ទីតាំងស៊ុតបញ្ចូលទី) មួយរំពេច។ អ្នកចាំរបស់ក្រុមគេ និយាយមកកាន់ខ្ញុំថា អ្នកនេះមិនមែនជាមនុស្សទេ»។

២គ្រាប់បន្ថែមរបស់ក្រុមមេឃខៀវ ធ្វើបានសម្រេចដោយកីឡាករ Riyad Mahrez (ប៉េណាល់ទី) និងកីឡាករ Julian Alvarez ហើយជាមួយនឹងជ័យជម្នះនេះ ក្រុមរបស់លោក Pep Guardiola ដណ្ដើមបាន ៩ពិន្ទុពេញ ពី ៣ហ្គេមដំបូង ដោយឈរលេខ ១ ក្នុងពូល G៕