កីឡា

Xavi ខឹងសម្បានឹងអាជ្ញាកណ្ដាល ក្រោយចាញ់ Inter

លោក Xavi Hernandez ដែលជាគ្រូបង្វឹករបស់ក្រុមអ្នកមានបុណ្យ Barcelona បាននិយាយថា លោកមានការខឹងសម្បា ចំពោះអ្វីដែលលោកមើលឃើញថា ជាភាពអយុត្តិធម៌នៃការកាត់ក្ដីរបស់អាជ្ញាកណ្តាល ក្នុងហ្គេម នៅក្របខ័ណ្ឌ Champions League  ដែលក្រុមរបស់លោកបានចាញ់ ១-០ នៅឯទឹកដីរបស់ក្រុម Inter Milan កាលពីយប់ថ្ងៃអង្គារ។

ក្រុម Barca ឈរនៅលេខ ៣ ក្នុងពូល C ដោយមាន ៦ពិន្ទុ តាមពីក្រោយក្រុមកំពូលតារាង Bayern Munich ក្រោយបរាជ័យជាលើកទី២ ក្នុងការប្រកួត ដែលបានកើតឡើងបន្ទាប់ពីមាននូវការសម្រេច ចំពោះបាល់ប៉ះដៃដ៏សំខាន់ ២លើក ប្រឆាំងនឹងក្រុមរបស់គាត់។

គ្រាប់បាល់តាមស្មើរបស់ពួកគេ នៅវគ្គទី ២ ត្រូវបានបដិសេធ បន្ទាប់ពីការពិនិត្យមើលវីដេអូទីលាន ឬវីដេអូជំនួយការអាជ្ញាកណ្ដាល (VAR ) ឡើងវិញ ដោយអាជ្ញាកណ្តាល លោក Slavko Vincic សម្រាប់បាល់ប៉ះដៃរបស់កីឡាករ Ansu Fati មុនពេលដែលបាល់បានធ្លាក់ទៅចំកីឡាករ Pedri ដែលស៊ុតបំប៉ោងសំណាញ់ទី។

ហើយក្រុមភ្ញៀវ Barca ត្រូវបានបដិសេធការទាត់បាល់ពិន័យ ១១ម៉ែត្រ ក្នុងម៉ោងបន្ថែមបង្គ្រប់មានរបួស បន្ទាប់ពីមន្ត្រី VAR បានសម្រេចថា កីឡាករ Denzel Dumfries មិនបានប្រព្រឹត្តខុសដោយបាល់ប៉ះដៃនោះឡើយ បើទោះបីជាបានប៉ះបាល់ ក្នុងរបៀបស្រដៀងគ្នានឹងកីឡាករ Fati ក៏ដោយ។

លោក Xavi បានប្រាប់អ្នកយកព័ត៌មានថា៖ «ប្រសិនបើអ្នកសួរខ្ញុំថា ខ្ញុំមិនពេញចិត្ត ឬមានកំហឹងនោះ ពាក្យនេះ គឺជាការបង្ហាញនូវការខឹងសម្បា ព្រោះវាមិនសមហេតុផល វាជាភាពអយុត្តិធម៌។ ខ្ញុំគិតថា វាជារឿងអយុត្តិធម៌ ដូច្នេះ ខ្ញុំមិនអាចលាក់វាបានទេ»។

លោក Xavi បានទទូចថា អាជ្ញាកណ្តាលគួរតែពន្យល់ពីការសម្រេចចិត្តរបស់ពួកគេទៅកាន់អ្នកសារព័ត៌មាន បន្ទាប់ពីការប្រកួត ដូចដែលអ្នកចាត់ការក្រុម ត្រូវធ្វើបន្ទាប់ពីបរាជ័យ។

គាត់បានបន្ថែមថា៖ «ខ្ញុំគិតថាអាជ្ញាកណ្តាលគួរតែពន្យល់ពីខ្លួនឯង។ គាត់គួរតែមកទីនេះ ដើម្បីពន្យល់ ប៉ុន្តែគាត់ទើបតែត្រឡប់ទៅផ្ទះវិញ។ ខ្ញុំគិតថា ពួកគេគួរតែនិយាយ។ វាជារឿងសំខាន់ដែលពួកគេបាននិយាយ ដើម្បីពន្យល់ពីការសម្រេចចិត្តរបស់ពួកគេ ដូចពួកយើងដែរ។ ខ្ញុំគិតថាវាជារឿងសំខាន់ណាស់»៕