កីឡា

Guardiola ថា Haaland គ្មានអ្នកណាប្រៀបផ្ទឹមបានឡើយ ត្រឹមវ័យ ២២ឆ្នាំ

សមិទ្ធផលដែលស៊ុតបញ្ចូលទីបានរបស់កីឡាករ Erling Haaland នៅវ័យ ២២ឆ្នាំ គ្មានកីឡាករផ្សេងទៀតប្រៀបផ្ទឹមបាននោះឡើយ។ នេះបើយោងតាមការលើកឡើងរបស់អ្នកចាត់ការរបស់ក្រុមមេឃខៀវ Manchester City លោក Pep Guardiola ដែលបានជំរុញឱ្យកីឡាករសញ្ជាតិន័រវែសរូបនេះ បន្តប្រសើរឡើងៗ។

Haaland រកបាន ១៧គ្រាប់ហើយ ក្នុងចំណោមការប្រកួត ១០ដង សម្រាប់ក្រុម Man City ចាប់តាំងពីមកចូលរួមជាមួយ ដោយការចាកចេញពី Borussia Dortmund ដែលនៅទីនោះ រូបគេទម្លុះសំណាញ់ទីបាន ៨៦ដង ក្នុងចំណោមការបង្ហាញខ្លួន ៨៩លើក។

អ្វីដែលសំខាន់ទៀតនោះ គឺរូបគេធ្វើបានហ៊ែតទ្រិក (ស៊ុត ៣គ្រាប់) ក្នុងការប្រកួត នៅទឹកដីខ្លួនឯង ក្នុងក្របខ័ណ្ឌ Premier League ចំនួន ៣លើកកន្លងមករបស់ក្រុម Man City ហើយក្លាយជាកីឡាករ ដែលសម្រេចបានលឿនបំផុត ក្នុងការអាចរកបាន ២៥គ្រាប់ នៅក្របខ័ណ្ឌ Champions League ជាមួយនឹងគ្រាប់បាល់ជ័យជម្នះ ដែលបានមកពីការលោតទាត់បកក្រោយ ពេលលេងទល់នឹងក្រុម Dortmund កាលពី ៣សប្តាហ៍កន្លងទៅ។

លោក Guardiola បាននិយាយ កាលពីថ្ងៃអង្គារ នៅមុនថ្ងៃនៃការប្រកួត ក្នុងផ្ទះរបស់ក្រុមគាត់ជាមួយនឹងក្រុម FC Copenhagen ថា៖ «នៅអាយុរបស់គាត់នេះ គ្មាននរណាម្នាក់អាចប្រៀបផ្ទឹមជាមួយរូបគេបាននោះទេ។ តួលេខ បង្ហាញប្រាប់ដោយខ្លួនឯង»។

«នៅខាងក្នុង លើទីលាន នៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ យើងឃើញរបស់អ្វី ដែលមិនមាន ក្នុងស្ថិតិ ដែលធ្វើឱ្យយើងសប្បាយចិត្ត ក្នុងការមានរូបគេនៅទីនេះ»។ គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ បានបន្ថែម៕